អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែព្រូនក្រៀម

អាហារូបត្ថម្ភ
នៅពេលនិយាយអំពីសារធាតុចិញ្ចឹម ផ្លែឈើព្រូនក្រៀមផ្ទុកទៅដោយវីតាមីន សារធាតុរ៉ែ ជាតិសរសៃ កាបូអ៊ីដ្រាត និងខ្លាញ់។ គ្រាន់តែមួយភាគបួននៃផ្លែព្រូនផ្តល់ច្រើនជាង ១២% នៃតម្រូវការជាតិសរសៃប្រចាំថ្ងៃរបស់អ្នក ក៏ដូចជា ៦% នៃតម្រូវការរបស់វីតាមីនK ក្នុងមួយថ្ងៃ។ នេះជាការបន្ថែមបរិមាណម៉ង់ហ្គាណែស ប៉ូតាស្យូម ទង់ដែង ស័ង្កសី និងកាល់ស្យូមព្រមជាមួយសារធាតុបេតាការ៉ូទីន Lutein និង Zeaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ដែលអាចជួយពង្រឹងសុខភាពតាមវិធីផ្សេងៗ។

អត្ថប្រយោជន៍
១) កែលម្អការរំលាយអាហារ៖ មូលហេតុចម្បងមួយដែលមនុស្សបរិភោគផ្លែព្រូនគឺដើម្បីធ្វើឱ្យចលនាពោះវៀនរបស់ពួកគេប្រសើរឡើង។ ផ្លែឈើក្រៀមនេះគឺជាប្រភពដ៏ល្អនៃជាតិសរសៃចំណីអាហារ និងត្រូវបានគេដឹងថាមានគុណសម្បត្ដិយ៉ាងច្រើន។ ទឹកផ្លែព្រូនគឺជាភេសជ្ជៈដែលមានប្រជាប្រិយខ្លាំងណាស់ជាពិសេសជាមួយមនុស្សជំនាន់មុនដែលចង់ធ្វើឱ្យមុខងាររំលាយអាហាររបស់ពួកគេប្រសើរឡើង បំបាត់ការទល់លាមក និងកាត់បន្ថយការរលាកនៅក្នុងពោះវៀន។

២) ភាពស្លេកស្លាំង៖ ប្រសិនបើអ្នកមានអារម្មណ៍ថានឿយហត់អ្នកអាចនឹងកើតនូវជម្ងឺម្យ៉ាងហៅថាភាពស្លេកស្លាំងដោយសាររាងកាយរបស់អ្នកមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់។ អ្នកអាចមានកោសិកាឈាមក្រហមតិចតួចពេក ឬពួកគេប្រហែលជាខ្វះប្រូតេអ៊ីនដែលមានជាតិដែកហៅថាអេម៉ូក្លូប៊ីន។ ភាពស្លេកស្លាំងទូទៅអាចត្រូវបានការពារ និងព្យាបាលដោយការបរិភោគអាហារដែលមានជាតិដែក។ ផ្លែព្រូនគឺជាអាហារដែលសម្បូរជាតិដែកដែលអាចជួយការពារអ្នកពីភាពស្លេកស្លាំងបាន។

៣) លើកកម្ពស់សុខភាពភ្នែក៖ សមាសធាតុនៅក្នុងផ្លែព្រូនដែលមានឈ្មោះថា Lutein និង Zeaxanthin គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលអាចជួយការពារឥទ្ធិពលអវិជ្ជមាននៃរ៉ាឌីកាល់សេរីនៅក្នុងខ្លួន។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងពីរនេះពួកគេអាចជួយការពារការចុះខ្សោយនៃភ្នែក និងកាត់បន្ថយហានិភ័យនៃស្ត្រេសអុកស៊ីតកម្មនៅក្នុងភ្នែក រក្សាចក្ខុវិស័យរបស់អ្នកឱ្យច្បាស់នៅពេលអ្នកមានអាយុច្រើន។

៤) សក្តានុពលប្រឆាំងនឹងមហារីក៖ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីអាហារបំប៉ន និងមហារីកបង្ហាញថាផ្លែព្រូនជួយបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ សន្មតថាអត្ថប្រយោជន៍នេះមានឡើងដោយសារតែវត្តមាននៃជាតិសរសៃចំណីអាហារ និងប៉ូលីហ្វេណុលនៅក្នុងពួកវា។

៥) ធ្វើឱ្យប្រសើរឡើងនូវកម្លាំងសុខភាពឆ្អឹង៖ ជាមួយនឹងសារធាតុរ៉ែចម្រុះ និងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀតដែលរាងកាយត្រូវការសម្រាប់ភាពរឹងមាំ និងការលូតលាស់ ផ្លែឈើស្ងួតទាំងនេះគឺល្អប្រសិនបើអ្នកចង់ចៀសវាងជំងឺពុកឆ្អឹង និងបញ្ហាទាក់ទងនឹងឆ្អឹងដទៃទៀត។ ប្រសិនបើឈាមរបស់អ្នកមិនមានជាតិកាល់ស្យូម ឬសារធាតុរ៉ែគ្រប់គ្រាន់ទេ នោះរាងកាយនឹងបញ្ចេញវាចេញពីឆ្អឹងរបស់អ្នក ដូច្នេះវាធ្វើឱ្យឆ្អឹងចុះខ្សោយ។ ដោយហេតុផលនេះការទទួលទានអាហារដែលសំបូរទៅដោយជាតិខនិជដូចជាផ្លែព្រូនគឺជាជំរើសដ៏ប្រសើរបំផុត។

៦) គ្រប់គ្រងកូឡេស្តេរ៉ុល៖ ជាតិសរសៃនៅក្នុងផ្លែព្រូនមិនត្រឹមតែល្អសម្រាប់ការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំបាត់កូលេស្តេរ៉ុលដែលលើសពីរាងកាយផងដែរ។ តុល្យភាពនៃកូលេស្តេរ៉ុលនេះនឹងជួយកាត់បន្ថយឱកាសនៃការកើតជំងឺក្រិនសរសៃឈាម និងបញ្ហាសរសៃឈាមបេះដូងដទៃទៀតដូចជាការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

៧) បន្សាបជាតិពុលក្នុងរាងកាយ៖ ថ្វីត្បិតតែផ្លែព្រូនគឺជាផ្លែឈើស្ងួតក៏ដោយវានៅតែមានសមាសធាតុទឹកប្រហែល ៣០% និងមានគុណសម្បតិ្តព្យាបាលរោគដែលអាចជួយច្រោះជាតិពុលនៃរាងកាយដែលមិនចង់បានមុនពេលពួកវាបង្កើត និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធផ្សេងៗរបស់អ្នក។

៨) ស្រក​ទម្ងន់៖ ថ្វីត្បិតតែផ្លែព្រូនមានកាឡូរីខ្ពស់ល្មមក៏ដោយ ផ្លែឈើស្ងួតទាំងនេះគឺមានសារធាតុចិញ្ចឹមមិនគួរឱ្យជឿហើយវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានដែលមានន័យថាអ្នកមិនចាំបាច់ញ៉ាំអាហារសម្រន់ ឬញ៉ាំអាហារច្រើននោះទេ។ 

ប្រភព៖ Organic Facts: by John Staughton (BASc, BFA) last updated - July 03, 2020