លោក ម៉ី វាតា
សហស្ថាបនិក
លោក វាតាជាអ្នកក្សេត្រសាស្ត្រ និងជាបុគ្គលមួយរូបដែលមានឆន្ទៈក្នុងការដោះស្រាយបញ្ហាក្នុងខ្សែរសង្វាក់ផលិតកម្មកសិកម្មនៅកម្ពុជា។ គាត់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកកសិពាណិជ្ជកម្មនៅសាកលវិទ្យាល័យមែលប៊ន ប្រទេសអូស្រ្តាលី។ រូបលោកផ្ទាល់ធ្លាប់បានបម្រើការជាបុគ្គលិកអង្គការក្នុងស្រុក និងអន្តរជាតិក្នុងគម្រោងអភិវឌ្ឍវិស័យកសិកម្មនានាជាច្រើននៅថ្នាក់ជាតិ និងថ្នាក់តំបន់ដែលរួមមានគម្រោងក្នុងស្រុកផ្សេងៗទាក់ទងនឹងការលើកកម្ពស់ផលិតកម្មស្បៀង និងជីវភាពប្រជាជនជាលក្ខណៈគ្រួសារ និងគម្រោងថា្នក់តំបន់ដែលមានគោលបំណងលើកស្ទួយផលិតកម្មកសិកម្មនានាដែលផ្តល់ផលប៉ះពាល់តិចតួចដល់បរិស្ថាននៅបណ្តាប្រទេសទន្លេមេគង្គ។
គោលដៅនៅក្នុងអាជីពរបស់លោកនាពេលអនាគតខាងមុខគឺ បង្កើតអោយមានតំណរភ្ជាប់ដ៏មានប្រសិទ្ធិភាពមួយដើម្បីនាំយកផលិតផលកសិកម្មដែលផលិតដោយកសិករក្នុងស្រុកទៅកាន់អ្នកប្រើប្រាស់ទូទាំងប្រទេស និងលើកស្ទួយជីវភាពកសិករតាមរយៈការដឹកនាំពួកគាត់អោយចូលរួមក្នុងគម្រោងកសិពាណិជ្ជកម្មផ្សេងៗ។
លោក សេង រ៉ាឌីន
សហស្ថាបនិក
លោករ៉ាឌីន ជាបុគ្គលមួយរូបដែលមានឆន្ទៈក្នុងការធ្វើអោយមាននូវការផ្លាស់ប្តូរក្នុងវិស័យកសិពាណិជ្ជកម្មនៅកម្ពុជា។ គាត់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកកសិពាណិជ្ជកម្មនៅសាកលវិទ្យាល័យគ្វីនស៍លែន ប្រទេសអូស្រ្តាលី ដែលកាសិក្សារបស់លោកផ្តោតទៅលើការអភិវឌ្ឍន៍វិស័យកសិកម្មដោយផ្អែកលើពាណិជ្ជកម្មជាមូលដ្ឋាន។ លោក រ៉ាឌីន មានបទពិសោធន៍ធ្វើការជាច្រើនឆ្នាំក្នុងវិស័យកសិកម្មដោយលោកធ្លាប់បំរើការជា ទីប្រឹក្សាផ្នែកបច្ចេកទេសក្នុងគម្រោងថ្នាក់ជាតិជាច្រើនដែលមានទិសដៅអភិវឌ្ឍវិស័យកសិកម្ម។ ការងាររបស់លោកផ្តោតទៅលើ ការបង្កើនផលិតភាពកសិកម្ម ការអភិវឌ្ឍន៍វិស័យកសិពាណិជ្ជកម្ម ការគ្រប់គ្រងខ្សែរសង្វាក់ផលិតកម្មកសិកម្ម និងការរៀបចំយុទ្ធសាស្រ្តផលិតកម្មស្របតាមតំរូវការទីផ្សារ។
គោលដៅរបស់លោកគឺសម្រេចអោយបាននូវប្រព័ន្ធខែ្សរសង្វាក់ផលិតកម្មកសិកម្មដែលមានប្រសិទ្ធិភាព និងប្រសិទ្ធិផល។
លោក ខាន់ កុសល
សហស្ថាបនិក
លោកកុសល ជាម្ចាស់កសិដ្ឋានមួយរូបដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកក្សេត្រសាស្រ្ត និងថ្នាក់អនុបណ្ឌិតផ្នែកការគ្រប់គ្រងចម្រុះសម្រាប់ការអភិវឌ្ឍន៍កសិកម្មនិងជនបទ ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ក្រៅអំពីការគ្រប់គ្រងកសិដ្ឋានផ្ទាល់ខ្លួន គាត់ក៏បានបំពេញការងារជាអ្នកប្រឹក្សាឯករាជ្យដែលផ្តល់ការប្រឹក្សាដល់វិនិយោគិនជនជាតិជប៉ុនទាំងឡាយដែលមានចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនធ្វើអាជីវកម្មក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា។ ជាមួយបទពិសោធន៍ក្នុងនាមជាអ្នកផលិត និងលក់កសិផលរយៈពេលជាង ១០ឆ្នាំ លោកកុសលយល់ច្បាស់អំពីបញ្ហាដែលកសិករកំពុងជួបប្រទះ ហើយតែងចិញ្ចឹមចិត្តថានឹងអាចចូលរួមជួយកសិករ ផលិតករអោយស្រឡាញ់អាជីព និងអភិវឌ្ឍខ្លួនអោយកាន់តែប្រសើរ។
សព្វថ្ងៃលោកកុសលក៏ជាសមាជិកនៃសមាគមអ្នកផលិតម្រេចស្រយ៉ង់កោះកេរ្តិ៍ នៅខេត្តព្រះវិហារ ហើយក៏ជាសមាជិកគណកម្មការសាលាមិត្តភាពខ្មែរ-ជប៉ុន និងមូលនិធិខ្មែរជំនួយការសិក្សា និងជាប្រធានសមាគមអតីតសិស្សនៃសាលាមិត្តភាពខ្មែរ-ជប៉ុន ផងដែរ។