តើឈីសល្អ ឬអាក្រក់សម្រាប់អ្នក?

ប្រភេទរបស់ឈីស
ឈីស គឺជាអាហារដែលពេញនិយមប្រើជាមួយប៊ឺហ្គឺ ភីហ្សា ម្ហូបម៉ិកស៊ិកូ សាឡាត់ និងនំសាំងវិច។ វាអាចត្រូវបានបន្ថែមទៅទឹកជ្រលក់ ស៊ុប នំនិងម្ហូបផ្សេងៗទៀត។ ឈីសមានរាប់ពាន់ប្រភេទរាប់ចាប់ពីរសជាតិស្រាលរហូតដល់ខ្លាំង និងមានជាតិខ្លាញ់ទាបនៅក្នុងសមាសភាព។ វាអាចត្រូវបានផលិតចេញពីទឹកដោះគោ ចៀម ពពែ និងសត្វដទៃទៀត។
·      ឈីសទឹកដោះគោ មានផ្ទុកជាតិខ្លាញ់ពី ៦ ទៅ ១០ ក្រាម ក្នុង ២៨ ក្រាម។ ក្នុងចំណោមនេះ ៤ ទៅ ៦ ក្រាម គឺជាខ្លាញ់ឆ្អែត។
·      ឈីសដែលមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់ ត្រូវបានបង្កើតឡើងដោយទឹកដោះគោ ២ ភាគរយ។ ឈីសគ្មានជាតិខ្លាញ់ត្រូវបានផលិតជាមួយទឹកដោះគោ ០ ភាគរយ ឬ ទឹកដោះគោប្រភេទ Skim milk
·      ឈីសស្រស់ គឺជាឈីសដែលមិនមានអាយុកាលយូរ។ ជាធម្មតាពួកវាមានសំណើមខ្ពស់ វាយនភាពទន់ និងរសជាតិស្រាលជាងឈីសចាស់។
·      ឈីសចាស់ មានវាយនភាពរឹងមាំហើយមានអាយុចាប់ពី ៦ ខែ ឬយូរជាងនេះ។ ដំណើរការផលិតកាន់តែយូររសជាតិកាន់តែមុតស្រួច។
·      ឈីសកែច្នៃ ដូចជា Cheese Spread, American Cheese, Cheese Food និងផលិតផលរសជាតិឈីសមិនអាចត្រូវបានចាត់ទុកជាឈីសទេ។ ផលិតផលទាំងនេះមានបន្ថែមគ្រឿងផ្សំដូចជាការបង្កើនរសជាតិ និងសារធាតុធ្វើឱ្យសព្វ (Emulsifiers) ។
·      ឈីសដែលមិនមែនជាតិទឹកដោះគោ ដូចជាឈីសសណ្តែកសៀង និង Daiya គឺសមស្របសម្រាប់មនុស្សដែលមិនទទួលទានផលិតផលទឹកដោះគោ ប៉ុន្តែវាត្រូវបានកែច្នៃខ្ពស់។

អាហារូបត្ថម្ភ
ឈីសគឺជាប្រភពដ៏ល្អនៃកាល់ស្យូមដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ឆ្អឹង និងធ្មេញដែលមានសុខភាពល្អ ការកកឈាម ព្យាបាលរបួស និងរក្សាសម្ពាធឈាមឱ្យនៅធម្មតា។ បុរស និងស្ត្រីដែលមានអាយុពី ១៩ ទៅ ៥០ ឆ្នាំគួរទទួលទានកាល់ស្យូម ១០០០ មីលីក្រាមក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយឈីសក៏អាចមានកាឡូរី សូដ្យូម និងខ្លាញ់ឆ្អែតខ្ពស់ផងដែរ។ ការបែកបាក់ម៉ាក្រូជីវជាតិនៅក្នុងឈីសណាមួយអាចប្រែប្រួលយ៉ាងទូលំទូលាយអាស្រ័យលើប្រភេទរបស់វា។

អត្ថប្រយោជន៍សុខភាព ៨ យ៉ាងរបស់ឈីស
ផលិតផលទឹកដោះគោ គឺជាប្រភពអាហារបំប៉នដ៏ល្អបំផុតមួយនៃកាល់ស្យូម និងសារធាតុចិញ្ចឹមផ្សេងទៀត។ នេះជាវិធី ៨ យ៉ាងដែលឈីសអាចមានសុខភាពល្អសម្រាប់អ្នក។

) សុខភាពឆ្អឹង៖ ជាតិកាល់ស្យូម ប្រូតេអ៊ីន ម៉ាញ៉េស្យូម ស័ង្កសី និងវីតាមីន A, D និង K នៃឈីស អាចរួមចំណែកដល់ការអភិវឌ្ឍឆ្អឹងដែលមានសុខភាពល្អចំពោះកុមារ មនុស្សវ័យក្មេង និងដើម្បីការពារជំងឺពុកឆ្អឹង។ ទ្រឹស្តីខ្លះបានលើកឡើងថាការបរិភោគផលិតផលទឹកដោះគោនាំឱ្យមានកម្រិតអាស៊ីតខ្ពស់នៅក្នុងខ្លួន ហើយនេះអាចបំផ្លាញជាជាងការធ្វើឱ្យប្រសើរដល់ឆ្អឹងដែលមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយភស្តុតាងវិទ្យាសាស្ត្រមិនគាំទ្រទស្សនៈនេះទេ។

២) សុខភាពមាត់ធ្មេញ៖ ឈីសអាចជួយពង្រឹងសុខភាពធ្មេញ។ កាល់ស្យូមដើរតួយ៉ាងសំខាន់ក្នុងការបង្កើតធ្មេញហើយឈីសគឺជាប្រភពកាល់ស្យូមល្អ។ លើសពីនេះទៀតយ៉ាងហោចណាស់ការសិក្សាមួយបានបង្ហាញថាការញ៉ាំឈីសអាចបង្កើនកម្រិត pH នៅក្នុងធេ្មញដោយផ្តល់ការការពារប្រឆាំងនឹងប្រហោងធ្មេញ។ ទឹកដោះគោ និងទឹកដោះគោជូរគ្មានជាតិស្ករហាក់ដូចជាមិនមានឥទ្ធិពលដូចគ្នានោះទេ។

៣) សម្ពាធឈាម៖ ស្ថិតិបានបង្ហាញថាអ្នកដែលញ៉ាំឈីសច្រើនមានសម្ពាធឈាមទាប ទោះបីឈីសខ្លះសំបូរជាតិខ្លាញ់ និងសូដ្យូមក៏ដោយ។ កាល់ស្យូមអាចជួយកាត់បន្ថយសម្ពាធឈាម។ ឈីសដែលមានជាតិខ្លាញ់ទាប និងសូដ្យូមទាបត្រូវបានណែនាំឱ្យបរិភោគ។ ឈីសដែលមានសូដ្យូមទាបសមស្របអាចជាឈីសស្វ៊ីសធម្មជាតិមានជាតិខ្លាញ់ទាប។ ឈីសដែលមានជាតិខ្លាញ់ទាបមានដូចជា Cottage Cheese, Ricotta Cheese, Parmesan, Feta និងGoat’s Cheese និងLow-Fat Cream Cheese

៤) សរសៃឈាមមានសុខភាពល្អ៖ ឈីសមួយចំនួនផ្ទុកនូវកម្រិតកូលេស្តេរ៉ុល និងសូដ្យូមខ្ពស់ដែលបង្ហាញថាពួកគេអាចនាំឱ្យមានបញ្ហាសរសៃឈាមបេះដូង។ ទោះយ៉ាងណាក៏ដោយនៅឆ្នាំ ២០១៤ អ្នកស្រាវជ្រាវបានសន្និដ្ឋានថាផលិតផលទឹកដោះគោអាចជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្មគឺ Glutathione ។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះមានសារៈសំខាន់ណាស់សម្រាប់សុខភាពខួរក្បាល និងសម្រាប់ការពារជំងឺសរសៃប្រសាទទាក់ទងនឹងអាយុ។

៥) អតិសុខុមប្រាណក្នុងពោះវៀន និងកូលេស្តេរ៉ុល៖ ក្នុងនាមជាអាហារដែលមានជាតិផ្អាប់ ឈីសអាចជួយជម្រុញបាក់តេរីពោះវៀនដែលមានសុខភាពល្អ។ នេះអាចមានឥទ្ធិពលវិជ្ជមានទៅលើកម្រិតកូលេស្តេរ៉ុលក្នុងឈាម ដែលនេះបើយោងតាមការស្រាវជ្រាវតូចមួយដែលបានចេញផ្សាយក្នុងឆ្នាំ ២០១៥ ។

៦)​ រក្សាទំងន់ដែលមានសុខភាពល្អ៖ ការសិក្សាបង្ហាញថាមនុស្សដែលមានសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ (BMI) ទំនងជាមានកម្រិតកាល់ស្យូមទាប។ ដោយសារឈីសគឺជាប្រភពកាល់ស្យូមដ៏ល្អវាអាចមានអត្ថប្រយោជន៍សម្រាប់មនុស្សលើរបបអាហារសម្រកទម្ងន់។

៧) អាស៊ីតខ្លាញ់អូមេហ្គា ៣៖ សារធាតុនេះត្រូវបានគេរកឃើញនៅក្នុងប្រភេទឈីសមួយចំនួន និងជាពិសេសផលិតផលធ្វើពីទឹកដោះគោដែលជាសត្វគោស៊ីស្មៅ Alpine។ អាស៊ីតខ្លាញ់អូមេហ្គា៣ ត្រូវបានគេជឿថាផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធសរសៃឈាមបេះដូង និងខួរក្បាល។

៨) កោសិកាមានសុខភាពល្អ៖ កោសិកាត្រូវការប្រូតេអ៊ីនសម្រាប់សាងសង់ និងជួសជុល។ Cheddar Cheese មួយអោនអាចផ្តល់ជូនប្រូតេអ៊ីន ៧ ក្រាម។ បរិមាណប្រូតេអ៊ីនដែលត្រូវបានណែនាំសម្រាប់មនុស្សម្នាក់ៗគឺអាស្រ័យលើអាយុ មាឌរាងកាយ និងកម្រិតសកម្មភាពរបស់ពួកគេ។  

ប្រភព៖ MedicalNewsToday: Medically reviewed by 
Natalie Butler, R.D., L.D. — Written by Megan Ware, RDN, L.D. on September 13, 2017