អត្ថប្រយោជន៍សុខភាពរបស់ស្លឹកខ្ទឹម

ស្លឹកខ្ទឹម វាជាបន្លែរបស់ពូជខ្ទឹម Allium ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយខ្ទឹមក្រហម ខ្ទឹមស គូឆាយ ជាដើម។ ស្លឹកខ្ទឹម គឺជាប្រភេទនៃដើមខ្ទឹមតូចៗដែលមានឫសពណ៌ស និងដើមប្រហោងពណ៌បៃតង។ វាមានរសជាតិស្រាលបើប្រៀបធៀបទៅនឹងមើមខ្ទឹមបារាំង។ ស្លឹករបស់វាត្រូវបានគេប្រើជាបន្លែ ឬទទួលទានឆ្អិន ឬឆៅ។ វាមានសារៈសំខាន់ណាស់នៅក្នុងម្ហូបអាស៊ី និងត្រូវបានគេរកឃើញជាញឹកញាប់ថាជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងអាហារជប៉ុន ចិន និងកូរ៉េ។

អត្ថប្រយោជន៍សុខភាពរបស់ស្លឹកខ្ទឹម
១. ជួយសម្រកទម្ងន់៖ ស្លឹកខ្ទឹមមានបរិមាណកាឡូរីទាប ប៉ុន្តែសំបូរទៅដោយសារធាតុចិញ្ចឹមដែលធ្វើឱ្យវាក្លាយជាគ្រឿងបន្ថែមដ៏ល្អដល់របបអាហារ។ វាផ្តល់នូវជាតិសរសៃដ៏ច្រើនដែលអាចបំពេញបាននូវតម្រូវការជាតិសរសៃប្រចាំថ្ងៃចំនួន ១០ ភាគរយ។ វាធ្វើអោយប្រសើរឡើងនូវការសម្រកទម្ងន់ដោយបន្ថយភាពអត់ឃ្លានក្នុងរយៈពេលយូរ។ លើសពីនេះទៅទៀតការសិក្សាបានបង្ហាញថា ស្លឹកខ្ទឹម ក៏ផ្លាស់ប្តូរការបញ្ចេញហ្សែនមួយចំនួនដែលត្រូវបានចូលរួមក្នុងការធាត់ផងដែរ។ ការសិក្សាដែលធ្វើឡើងលើសត្វកណ្តុរបង្ហាញថាសត្វកណ្តុរទាំងនោះនៅពេលដែលស៊ីស្លឹកខ្ទឹមរយៈពេល ៦សប្តាហ៍កន្លះ បានបង្ហាញពីការកាត់បន្ថយទម្ងន់រាងកាយ និងបន្ថយកោសិកាខ្លាញ់ផងដែរ។ វាលើកកម្ពស់កម្រិតប្រូតេអ៊ីនដែលគាំទ្រដល់ការបំបែកខ្លាញ់។ ការបន្ថែមស្លឹកខ្ទឹមទៅក្នុងរបបអាហារជាមួយនឹងអាហារដែលមានកាឡូរីទាបដទៃទៀតដូចជាបន្លែ និងផ្លែឈើអាចជួយរក្សាកម្រិតចង្កេះអ្នកបាន។

២. កំណកឈាម៖ ស្លឹកខ្ទឹមមានផ្ទុកនូវវីតាមីន K ។ ស្លឹកខ្ទឹមកន្លះពែងអាចបំពេញតាមតម្រូវការប្រចាំថ្ងៃរបស់វីតាមីនK ក្នុងមួយថ្ងៃ។ វីតាមីនK ត្រូវបានគេចាត់ទុកថាជាគ្រឿងផ្សំសំខាន់មួយដែលដើរតួយ៉ាងសំខាន់ក្នុងការកកឈាម។ កំណកឈាមគឺចាំបាច់ដើម្បីការពារការហូរឈាមច្រើនពេកក្នុងករណីមានរបួស។ វាក៏អនុញ្ញាតឱ្យប្លាស្មា និងផ្លាកែតដែលជាសមាសធាតុទាំងពីរនៃឈាមបង្កើតជាកំណកឈាមនៅពេលមនុស្សម្នាក់រងរបួស។ កង្វះវីតាមីនK បណ្តាលឱ្យមានស្នាមជាំងាយ និងហូរឈាមចេញពីច្រមុះ និងអញ្ចាញធ្មេញ។

៣. ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ការស្រាវជ្រាវបង្ហាញថាស្លឹកខ្ទឹមជួយលើកកម្ពស់ប្រព័ន្ធភាពស៊ាំសម្រាប់ការពារជំងឺក៏ដូចជាការឆ្លង។ វាបណ្តាលមកពីការផ្លាស់ប្តូរកោសិកាជាក់លាក់នៅក្នុងប្រព័ន្ធភាពស៊ាំដែលជួយទប់ទល់នឹងការឈ្លានពានផ្សេងៗដែលរកឃើញនៅក្នុងខ្លួន និងហាមឃាត់ជំងឺផងដែរ។ ការសិក្សានេះធ្វើឡើងលើសត្វកណ្តុរដែលមានស្លឹកខ្ទឹមជាអាហារបំប៉នដែលធ្វើអោយមានមុខងារប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើងតាមរយៈការលើកកម្ពស់សកម្មភាពរបស់កោសិកាភាពស៊ាំសំខាន់ៗទាំងនេះ។ ការសិក្សាផ្សេងទៀតបានបង្ហាញពីសមាសធាតុជាក់លាក់នៅក្នុងស្លឹកខ្ទឹមដែលបង្កើនការផលិតអង្គបដិប្រាណដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។ ការញ៉ាំស្លឹកខ្ទឹមផ្តល់នូវវីតាមីនC ដែលជាអង់ទីអុកស៊ីដង់ដែលជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងការពារការឆ្លងផងដែរ។

៤. បេះដូងមានសុខភាពល្អ៖ ជំងឺបេះដូងបានក្លាយជាបញ្ហាទូទៅហើយបានក្លាយជាបុព្វហេតុចំបងនៃការស្លាប់នៅសហរដ្ឋអាមេរិក។ សារធាតុចម្រាញ់ចេញពីស្លឹកខ្ទឹមជួយកាត់បន្ថយបញ្ហាសុខភាពមួយចំនួនដូចជាទ្រីគ្លីសេរីដ កូលេស្តេរ៉ុលសរុប និងកូលេស្តេរ៉ុលអាក្រក់។ ការសិក្សាផ្សេងទៀតបានបង្ហាញថានៅពេលដែលសារធាតុចំរាញ់ចេញពីស្លឹកខ្ទឹមត្រូវបានគេប្រើដើម្បីព្យាបាលសត្វកណ្តុរធ្វើអោយប្រសើរឡើងនូវលំហូរឈាម។ ផ្ទុកទៅដោយវីតាមីន K ស្លឹកខ្ទឹមជួយការពារបេះដូង។ វាក៏ការពារការឡើងរឹងនៃសរសៃឈាមផងដែរដោយរារាំងការកកកាល់ស្យូមនៅលើជញ្ជាំងសរសៃឈាម។ របបអាហារមានតុល្យភាព និងជីវជាតិជួយឱ្យបេះដូងរឹងមាំ និងមានសុខភាពល្អ។

៥. ឆ្អឹងរឹងមាំ៖​ វីតាមីនK ក៏មានប្រយោជន៍ផងដែរក្នុងការពង្រឹងឆ្អឹង។ វាជួយលើកកម្ពស់សុខភាពឆ្អឹងជាមួយនឹងការផលិតប្រូតេអ៊ីនមួយចំនួនដែលចាំបាច់សម្រាប់រក្សាជាតិកាល់ស្យូមក្នុងឆ្អឹងហើយក៏ជួយលើកកម្ពស់ដង់ស៊ីតេឆ្អឹងផងដែរ។ ការសិក្សាលើអ្នកជំងឺដែលមានជំងឺពុកឆ្អឹងដោយប្រើវីតាមីនK បានបង្ហាញថាវាបានកាត់បន្ថយឱកាសនៃការបាក់ឆ្អឹងហើយក៏ជួយរក្សាដង់ស៊ីតេឆ្អឹងផងដែរ។ ការទទួលទានវីតាមីនKតិចគឺទាក់ទងទៅនឹងការកើនឡើងនូវឱកាសនៃការបាក់ឆ្អឹងត្រកៀកចំពោះស្ត្រី និងបុរសវ័យចំណាស់។ វីតាមីនK ជាមួយវីតាមីនD និងកាល់ស្យូមជួយលើកកម្ពស់សុខភាពឆ្អឹង។

៦. ពន្យារការលូតលាស់នៃជំងឺមហារីក៖ ស្លឹកខ្ទឹមមានសមាសធាតុមួយចំនួនដែលបន្ថយការលូតលាស់របស់មហារីក។ លទ្ធផលនៃការសិក្សាបានបង្ហាញថាស្លឹកខ្ទឹមអាចជួយទប់ស្កាត់ការលូតលាស់ដុំសាច់នៅក្នុងសត្វកណ្តុរដែលមានជំងឺមហារីកពោះវៀនធំដោយបន្ថយការរលាក និងជួយលើកកម្ពស់អត្រារស់រានរបស់សត្វកណ្តុរផងដែរ។ ការកើនឡើងនៃការទទួលទានស្លឹកខ្ទឹមមានទំនាក់ទំនងជាមួយនឹងការថយចុះឱកាសនៃជំងឺមហារីកក្រពេញប្រូស្តាតចំនួន ៣០ ភាគរយ។ វាមានផ្ទុកសារជាតិ Allicin ដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ការសិក្សានៅក្នុងប្រទេសចិនបានបង្ហាញថាការព្យាបាលកោសិកាមហារីកក្រពះជាមួយ Allicin ជួយការពារការលូតលាស់នៃជំងឺមហារីកហើយក៏អាចការពារជំងឺបានផងដែរ។

៧. គាំទ្រចក្ខុវិស័យ៖ ស្លឹកខ្ទឹម គឺជាសារធាតុចាំបាច់សម្រាប់ការផលិត Rhodopsin ដែលជាប្រូតេអ៊ីន ហើយស្លឹកខ្ទឹមនេះមានបរិមាណវីតាមីន A ច្រើន។ Rhodopsin មានសារសំខាន់ណាស់សម្រាប់រ៉េទីនភ្នែកដើម្បីស្រូបយកពន្លឺបានច្រើន ហើយវាការពារឱកាសនៃការងងឹតភ្នែកនៅពេលយប់ហើយក៏ជួយចក្ខុវិស័យផងដែរ។ វាក៏ការពារពីបញ្ហាភ្នែកផ្សេងៗដូចជាដំបៅភ្នែក និងជំងឺភ្នែកឡើងបាយ។

៨. សុខភាពរំលាយអាហារ៖ ស្លឹកខ្ទឹមលើកកម្ពស់សុខភាពរំលាយអាហារព្រោះវាជួយថែរក្សាសុខភាពពោះវៀន និងការពាររាគ។ វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងប្រឆាំងនឹងមេរោគ ដោយកំចាត់បាក់តេរីមិនល្អដែលភាគច្រើនទទួលខុសត្រូវចំពោះការបង្កឱ្យមានជំងឺរាគរូស។ ក្រៅពីនេះវីតាមីនC លើកកម្ពស់ការស្រូបយកសារធាតុចិញ្ចឹម និងជួយដល់ការរំលាយអាហារអាដែលការពារឱកាសនៃការរាគ និងទល់លាមក។

៩. បញ្ហាមករដូវ៖ Dysmenorrhea គឺជាការឈឺចាប់ពេលមានរដូវដែលកើតឡើងនៅផ្នែកខាងក្រោមពោះ។ ការស្រាវជ្រាវបានរកឃើញថាការរមួលក្រពើ ឬឈឺចាប់ពេលមានរដូវកើតឡើងនៅពេលដែលរាងកាយរបស់ស្ត្រីត្រជាក់ពេក។ ទោះបីជាមានការស្រាវជ្រាវបន្ថែមនៅតែត្រូវការ។ ស្ត្រីគួរតែទទួលទានអាហារដែលមានឥទ្ធិពលកំដៅលើរាងកាយ។ អាហារដែលផ្តល់នូវឥទ្ធិពលកំដៅលើរាងកាយមានដូចជា ឈើឯម ខ្ញី គ្រាប់ធញ្ញជាតិ ស្ករត្នោត ខ្ទឹមស និងខ្ទឹមគ្រប់ប្រភេទ។

១០. ធ្វើឱ្យស្បែកមានភាពប្រសើរឡើង៖ ស្លឹកខ្ទឹមមានអត្ថប្រយោជន៍ក្នុងការធ្វើអោយប្រសើរឡើងនូវសុខភាពស្បែកទាំងមូលដោយសារតែវត្តមានរបស់ Allicin។ សមាសធាតុនេះការពារស្បែកជ្រីវជ្រួញ និងឆាប់ចាស់។ ក្រៅពីនេះ Allicin ក៏ធ្វើឱ្យស្បែកភ្លឺរលោង និងជួយជំរុញស្បែកឱ្យស្អាតផងដែរ។ វាមានផ្ទុកវីតាមីនC ដែលមានប្រយោជន៍នៅពេលប្រើជាភ្នាក់ងារធ្វើឱ្យសដែលធ្វើឱ្យស្បែកភ្លឺរលោងតាមធម្មជាតិ។ វាក៏ប្រឆាំងនឹងរ៉ាឌីកាល់សេរីដោយធ្វើអោយប្រសើរឡើងនូវសុខភាពស្បែក។ 

ប្រភព៖ HealthBenefits times.com