អ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីសណ្តែកខៀវ

សណ្តែកខៀវគឺជាប្រភពដ៏សំបូរទៅដោយវីតាមីន A C និង K និងអាស៊ីតហ្វូលិក និងជាតិសរសៃ។ ពួកគេមានសារធាតុចិញ្ចឹមស្រដៀងគ្នាទៅនឹងពោតបារាំង។ កសិករដាំសណ្តែកប្រមូលសណ្តែកខៀវនៅមុនពេលដែលពួកវាចាស់។

សារធាតុចិញ្ចឹម
ការទទួលទានផ្លែឈើ និងបន្លែគ្រប់ប្រភេទអាចជួយកាត់បន្ថយហានិភ័យនៃស្ថានភាពសុខភាពមិនល្អជាច្រើន។ ការសិក្សាជាច្រើនបានលើកឡើងថាការបន្ថែមអាហារពីប្រភពរុក្ខជាតិដូចជាសណ្តែកខៀវនៅក្នុងរបបអាហារបន្ថយហានិភ័យនៃការធាត់ ទឹកនោមផ្អែម ជំងឺបេះដូង និងការស្លាប់ទូទៅ។ ការញ៉ាំផ្លែឈើ និងបន្លែក៏ជួយធ្វើឱ្យស្បែកមានសុខភាពល្អបង្កើនថាមពល និងមិនឡើងទម្ងន់។ យោងតាមទិន្ន័យសារធាតុចិញ្ចឹមជាតិរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានអោយដឹងថាសណ្តែកខៀវមួយកំប៉ុងមានស្តង់ដារ ប្រហែល ១៥០ ក្រាម មានផ្ទុកនូវ ២៨ កាឡូរី ខ្លាញ់ ០,៥៥ ក្រាម កាបូអ៊ីដ្រាត ៥,៦៦ ក្រាម ជាតិសរសៃ ២,៦ ក្រាម ស្ករ ១,៩៤ ក្រាម ប្រូតេអ៊ីន ១,៤២ ក្រាម។ទាក់ទងនឹងសារធាតុចិញ្ចឹមវាមាន កាល់ស្យូម ១៧ មីលីក្រាម ដែក ១,២ មីលីក្រាម ម៉ាញ៉េស្យូម ១៨ មីលីក្រាម ផូស្វ័រ ៣០ មីលីក្រាម ប៉ូតាស្យូម ១៣០ មីលីក្រាម វីតាមីន A ២៤ មីក្រូក្រាម វីតាមីនK ៥២,៥ មីក្រូក្រាម Folate ៣២​ មីក្រូក្រាម។

អត្ថប្រយោជន៍
សារធាតុចិញ្ចឹមដែលសណ្តែកខៀវបានផ្តល់អាចជួយកាត់បន្ថយហានិភ័យនៃស្ថានភាពសុខភាពមួយចំនួន។

១) មហារីក៖ សណ្តែកខៀវផ្ទុកបរិមាណក្លរ៉ូភីលខ្ពស់ដែលអាចរារាំងផលប៉ះពាល់នៃសារពាង្គកាយពីសារធាតុ heterocyclic ដែលបង្កើតឡើងនៅពេលដុតសាច់នៅសីតុណ្ហភាពខ្ពស់។ បុគ្គលដែលចូលចិត្តអាហារដុត ពួកគេគួរដាក់វាជាគូជាមួយបន្លែបៃតងដើម្បីបន្ថយហានិភ័យ។

២) ការអាចមានកូន និងការមានផ្ទៃពោះ៖ យោងតាមសាលាវេជ្ជសាស្ត្រ Harvard បានឱ្យដឹងថាសម្រាប់ស្ត្រីដែលមានអាយុបង្កើតកូនគឺទទួលទានជាតិដែកច្រើនពីប្រភពរុក្ខជាតិដូចជាស្ពៃស្លឹក សណ្តែក ល្ពៅ និងសណ្តែកខៀវហាក់ដូចជាលើកកម្ពស់ការមានកូន។ ការសិក្សាផ្សេងទៀតបានបង្ហាញពីការជាប់ទាក់ទងគ្នារវាងកម្រិតនៃការមានកូនរបស់ស្ត្រី និងកម្រិតជាតិដែកដែលនាងញ៉ាំ។ ការទទួលទានអាហារដែលមានជាតិដែក ដែលមានជាតិវីតាមីន C ដូចជាប៉េងប៉ោះ ម្ទេសហាវ៉ៃ ឬផ្លែប៊ឺរីអាចធ្វើអោយប្រសើរឡើងនូវការស្រូបយកជាតិដែក។ ការទទួលទានអាស៊ីតហ្វូលិកគ្រប់គ្រាន់ក៏ត្រូវការផងដែរក្នុងពេលមានផ្ទៃពោះដើម្បីការពារទារកប្រឆាំងនឹងពិការភាពបំពង់សរសៃប្រសាទ។ សណ្តែកខៀវមួយពែងផ្តល់ជូនប្រហែល ១០ ភាគរយនៃតម្រូវការអាស៊ីតហ្វូលិកប្រចាំថ្ងៃនិង ៦ ភាគរយនៃជាតិដែក។

៣) ជំងឺបាក់ទឹកចិត្ត៖ ការបំពេញតំរូវការ folate ប្រចាំថ្ងៃក៏អាចជួយដល់ការបាក់ទឹកចិត្តផងដែរ។ ការទទួលទានប្រូតេអ៊ីនគ្រប់គ្រាន់អាចការពារការលើសជាតិ Homocysteine ​​នៅក្នុងខ្លួន។ Homocysteine ​​ច្រើនពេកអាចបញ្ឈប់ឈាម និងសារធាតុចិញ្ចឹមផ្សេងៗពីការឈានដល់ខួរក្បាលហើយវាអាចរំខានដល់ការផលិតអរម៉ូន
Serotonin, Dopamine និង norepinephrine ដែលគ្រប់គ្រងការគេង និងចំណង់។

៤) សុខភាពឆ្អឹង៖ ការទទួលទានវីតាមីន K ទាបមានទំនាក់ទំនងជាមួយហានិភ័យខ្ពស់នៃការបាក់ឆ្អឹង។ ការទទួលទានវីតាមីនK គ្រប់គ្រាន់ធ្វើឱ្យសុខភាពឆ្អឹងប្រសើរឡើងដោយការកែប្រែប្រូតេអ៊ីនម៉ាទ្រីសឆ្អឹងធ្វើអោយប្រសើរឡើងនូវការស្រូបយកជាតិកាល់ស្យូម និងកាត់បន្ថយការបញ្ចេញកាល់ស្យូមតាមទឹកនោម។ សណ្តែកខៀវមួយកំប៉ុងផ្តល់នូវវីតាមីនខេ ១៤,៤ មីក្រូក្រាម ឬស្ទើរតែ ២០ ភាគរយនៃតម្រូវការប្រចាំថ្ងៃ និង ៤ ភាគរយនៃតម្រូវការកាល់ស្យូមប្រចាំថ្ងៃរបស់មនុស្ស។

ហានិភ័យ
អ្នកដែលលេបថ្នាំបញ្ចុះឈាមដូចជា Coumadin Warfarin មិនគួរផ្លាស់ប្តូរភ្លាមៗនូវបរិមាណអាហារដែលពួកគេបរិភោគដែលផ្ទុកវីតាមីន K នោះទេព្រោះវាដើរតួយ៉ាងសំខាន់ក្នុងការកកឈាម។ Lectins គឺជាប្រូតេអ៊ីនមួយប្រភេទដែលភ្ជាប់កាបូអ៊ីដ្រាត។ ពួកវាមាននៅក្នុងសណ្តែករួមទាំងសណ្តែកខៀវ។ ពួកវាអាចបង្កបញ្ហានៅក្នុងប្រព័ន្ធរំលាយអាហារ។ សណ្តែកចម្អិនអាចកាត់បន្ថយកម្រិតរបស់ Lectin។ សណ្តែកខៀវមានផ្ទុកអាស៊ីត phytic ដែលអាចភ្ជាប់ជាមួយសារធាតុរ៉ែ និងរារាំងពួកគេពីការស្រូបយកដោយរាងកាយ។ អ្នកដែលមានកង្វះជាតិខនិជគួរតែពិនិត្យជាមួយវេជ្ជបណ្ឌិតមុនពេលទទួលទានសណ្តែកខៀវបន្ថែម។ វាគឺជារបបអាហារសរុបឬលំនាំនៃការបរិភោគជាទូទៅដែលមានសារៈសំខាន់បំផុតក្នុងការការពារជំងឺ និងទទួលបាននូវសុខភាពល្អ។ យកល្អគួរតែបរិភោគរបបអាហារដែលមានច្រើនមុខជាជាងការផ្តោតអារម្មណ៍ទៅលើអាហារនីមួយៗដែលជាគន្លឹះនៃសុខភាពល្អ។ 

ប្រភព៖ MedicalNewsToday: Medically reviewed by 
Natalie Butler, R.D., L.D. — Written by Megan Ware, RDN, L.D. on January 19, 2018