អត្ថប្រយោជន៍ចំពោះសុខភាពរបស់ផ្លែត្រប់វែង

ត្រប់វែងផ្តល់នូវជាតិសរសៃ និងសារធាតុចិញ្ចឹមជាច្រើន។ មនុស្សភាគច្រើនស្គាល់ត្រប់វែងថាជាបន្លែមានទំហំធំ និងមានពណ៌ស្វាយក្រម៉ៅ។ អត្ថបទនេះនឹងផ្តោតសំខាន់ទៅលើសារធាតុចិញ្ចឹមនៃត្រប់វែងពណ៌ស្វាយ។ការទទួលទានផ្លែត្រប់វែងអាចផ្តល់ឱ្យយ៉ាងហោចណាស់ ៥ ភាគរយនៃតម្រូវការប្រចាំថ្ងៃរបស់មនុស្សដូចជាជាតិសរសៃ ទង់ដែង ម៉ង់ហ្គាណែស B-៦ និងជាតិ Thiamine ។ វាក៏ផ្ទុកវីតាមីន និងសារធាតុរ៉ែផ្សេងៗទៀតដែរ។ លើសពីនេះទៀតត្រប់វែង គឺជាប្រភពនៃសមាសធាតុ phenolic ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ អាហារដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពារជំងឺមួយចំនួន។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងត្រប់វែងទាំងអស់គឺ Anthocyanins រួមមាន Nasunin, Lutein និង Zeaxanthin

សុខភាពបេះដូង
ជាតិសរសៃ ប៉ូតាស្យូម វីតាមីន C វីតាមីន B-៦ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងត្រប់វែងសុទ្ធតែគាំទ្រដល់សុខភាពបេះដូង។ ការពិនិត្យមួយដែលបានចេញផ្សាយក្នុងឆ្នាំ ២០១៩ បានលើកឡើងថាការញ៉ាំចំណីអាហារដែលមានផ្ទុកសារជាតិ flavonoids រួមទាំង anthocyanins ជួយកាត់បន្ថយសញ្ញាណបញ្ហារលាកដែលបង្កើនហានិភ័យនៃជំងឺបេះដូង។

កូលេស្តេរ៉ុលក្នុងឈាម
ផ្លែត្រប់មានផ្ទុកជាតិសរសៃ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ការគ្រប់គ្រងកម្រិតកូលេស្តេរ៉ុល។ ត្រប់វែងទំងន់ ៩៦ ក្រាម មានផ្ទុកជាតិសរសៃប្រហែល ២,៤ ក្រាម។ លទ្ធផលនៃការសិក្សាឆ្នាំ ២០១៤ លើសត្វកណ្ដុរបានបង្ហាញថាអាស៊ីត chlorogenic ដែលជាអង់ទីអុកស៊ីដង់សំខាន់មួយនៅក្នុងផ្លែត្រប់វែងអាចបន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ និងកាត់បន្ថយហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម។

មហារីក
សារជាតិ polyphenols ដែលមាននៅក្នុងផ្លែត្រប់អាចជួយការពាររាងកាយពីជំងឺមហារីក។ Anthocyanins និងអាស៊ីត chlorogenic ការពារកោសិកាពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ ក្នុងរយៈពេលវែងវាអាចជួយការពារការលូតលាស់ដុំសាច់ និងការរីករាលដាលនៃកោសិកាមហារីក។ Anthocyanins អាចជួយយើងបានដោយការពារសរសៃឈាមថ្មីពីការកកើតនៅក្នុងដុំសាច់ កាត់បន្ថយការរលាក និងរារាំងអង់ស៊ីមដែលជួយដល់កោសិកាមហារីករាលដាល។

មុខងារពង្រឹងការយល់ដឹង
ការសិក្សាស្រាវជ្រាវលើសត្វបានបង្ហាញថា Nasunin ដែលជា Anthocyanin នៅក្នុងផ្លែត្រប់អាចជួយការពារភ្នាសកោសិកាខួរក្បាលពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ Nasunin ក៏ជួយដឹកជញ្ជូនសារធាតុចិញ្ចឹមទៅក្នុងកោសិកា និងផ្លាស់ទីកាកសំណល់ចេញ។ Anthocyanins ក៏ជួយការពារការរលាកសរសៃប្រសាទផងដែរ និងជួយសម្រួលដល់លំហូរឈាមទៅកាន់ខួរក្បាល។ នេះអាចជួយការពារការបាត់បង់ការចងចាំ និងទិដ្ឋភាពផ្សេងទៀតនៃការថយចុះការគិតទាក់ទងនឹងអាយុ។ ការពិសោធន៍នៅមន្ទីរពិសោធន៍បានបង្ហាញថា Nasunin អាចកាត់បន្ថយការបំបែកខ្លាញ់នៅក្នុងខួរក្បាលដែលជាដំណើរការមួយដែលអាចបណ្តាលឱ្យខូចខាតកោសិកា។

ការគ្រប់គ្រងទំងន់
ជាតិសរសៃអាហារអាចជួយមនុស្សគ្រប់គ្រងទម្ងន់របស់ពួកគេ។ អ្នកដែលគោរពតាមរបបអាហារដែលមានជាតិសរសៃច្រើនហាក់ដូចជាមិនសូវហូបច្រើនពេកទេព្រោះថាជាតិសរសៃអាចជួយឱ្យមនុស្សមានអារម្មណ៍ឆ្អែតបានយូរ។ ត្រប់វែងមានជាតិសរសៃ និងមានកាឡូរីទាប  ពួកគេអាចរួមចំណែកដល់របបអាហារដែលមានកាឡូរីទាបមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយត្រប់វែងអាចស្រូបយកប្រេងបានច្រើនក្នុងអំឡុងពេលចៀន។

សុខភាពភ្នែក
ត្រប់វែងក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Lutein និង Zeaxanthin ផងដែរ។ Lutein ហាក់ដូចជាដើរតួនាទីក្នុងសុខភាពភ្នែកហើយវាអាចជួយការពារការចុះខ្សោយនៃភ្នែកដែលទាក់ទងនឹងអាយុដែលអាចនាំឱ្យបាត់បង់ចក្ខុវិស័យចំពោះមនុស្សវ័យចំណាស់។

ប្រភព៖
MedicalNewsToday: Medically reviewed by Natalie Butler, R.D., L.D. — Written by Megan Ware, RDN, L.D. on November 8, 2019