តើផ្លែឪឡឹកមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព?

ផ្លែឪឡឹកគឺជាអាហារសម្រន់ដែលផ្អែម និងស្រស់ស្រាយនៅរដូវក្ដៅដែលមានកាឡូរីទាប ។ វាផ្តល់ជាតិទឹក និងមានសារធាតុចិញ្ចឹមសំខាន់ៗរួមមានវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ឪឡឹកជារុក្ខជាតិម្យ៉ាងដែលស្ថិតក្នុងគ្រួសារ Cucurbitaceae ។ នៅក្នុងអត្ថបទនេះយើងនឹងសិក្សាបន្ថែមអំពីអត្ថប្រយោជន៍សុខភាពដែលអាចកើតមាន និងអាហារូបត្ថម្ភរបស់ឪឡឹកខ្លះៗ។

អត្ថប្រយោជន៍សុខភាព
ផ្លែឪឡឹកមានជាតិទឹកប្រហែល ៩០% ដែលធ្វើឱ្យវាមានប្រយោជន៍សម្រាប់ការរក្សាជាតិទឹកនៅរដូវក្តៅ។ វាក៏អាចឱ្យយើងទទួលបានជាតិផ្អែមជាមួយស្ករធម្មជាតិរបស់វាផងដែរ។ ផ្លែឪឡឹកក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ សារធាតុទាំងនេះអាចជួយយកម៉ូលេគុលដែលគេស្គាល់ថាជារ៉ាឌីកាល់សេរីចេញពីរាងកាយ។ រាងកាយផលិតរ៉ាឌីកាល់សេរីក្នុងកំឡុងពេលដំណើរការធម្មជាតិដូចជាការធ្វើមេតាបូលីស។ ពួកវាក៏អាចវិវត្តតាមរយៈការជក់បារី ការបំពុលខ្យល់ភាពតានតឹង និងសម្ពាធពីបរិស្ថានផ្សេងទៀត។ 

ប្រសិនបើរ៉ាឌីកាល់សេរីច្រើនពេកនៅក្នុងខ្លួននោះភាពតានតឹងអុកស៊ីតកម្មអាចកើតឡើង។ នេះអាចបណ្តាលឱ្យខូចកោសិកា និងអាចនាំឱ្យមានជំងឺជាច្រើនដូចជាមហារីក និងជំងឺបេះដូង។ រាងកាយអាចបំបាត់រ៉ាឌីកាល់សេរីមួយចំនួនដោយធម្មជាតិប៉ុន្តែសារធាតុប្រឆាំងអុកស៊ីតកម្មនៃរបបអាហារគាំទ្រដល់ដំណើរការនេះ។ 

ខាងក្រោមនេះជាវិធីមួយចំនួននៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមផ្សេងទៀតនៅក្នុងឪឡឹកអាចជួយការពារសុខភាពមនុស្ស។

១. ការការពារជំងឺហឺត
អ្នកជំនាញខ្លះជឿថារ៉ាឌីកាល់សេរីរួមចំណែកដល់ការវិវត្តនៃជំងឺហឺត។ វត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្មជាក់លាក់នៅក្នុងសួតរួមទាំងវីតាមីនសេអាចបន្ថយហានិភ័យនៃជំងឺហឺត។ ការសិក្សាមិនបានបញ្ជាក់ថាការប្រើថ្នាំគ្រាប់វីតាមីនសេអាចជួយការពារជំងឺហឺតបាន ប៉ុន្តែរបបអាហារដែលសំបូរទៅដោយវីតាមីនសេអាចផ្តល់នូវការការពារខ្លះ។ ឪឡឹកមួយពែងមានទំងន់ប្រហែល ១៥៤ ក្រាម ផ្តល់នូវវីតាមីន C ១២,៥ មីលីក្រាម ឬចន្លោះពី ១៤% ទៅ ១៦% នៃតម្រូវការវីតាមីនC ប្រចាំថ្ងៃរបស់មនុស្ស។

២. សម្ពាធ​ឈាម
នៅក្នុងការសិក្សាឆ្នាំ ២០១២ អ្នកស្រាវជ្រាវបានរកឃើញថាផ្លែឪឡឹកចម្រាញ់អាចកាត់បន្ថយសម្ពាធឈាមក្នុង និងជុំវិញកជើងរបស់មនុស្សវ័យកណ្តាលដែលមានជំងឺធាត់ និងលើសឈាមនៅដំណាក់កាលដំបូង។ អ្នកស្រាវជ្រាវបានណែនាំថា L-citrulline និង L-arginine ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មពីរនៅក្នុងឪឡឹកអាចធ្វើអោយប្រសើរឡើងនូវមុខងារនៃសរសៃឈាម។ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយផ្សេងទៀតនៅក្នុងឪឡឹកអាចជួយការពារប្រឆាំងនឹងជំងឺបេះដូង។ ការពិនិត្យមួយនៅឆ្នាំ ២០១៧ បានលើកឡើងថាវាអាចធ្វើបានដោយកាត់បន្ថយការរលាកដែលទាក់ទងនឹងជាតិខ្លាញ់ដែលមានដង់ស៊ីតេខ្ពស់ (lipoprotein) (HDL) ឬកូលេស្តេរ៉ុលល្អ។ Phytosterols គឺជាសមាសធាតុរុក្ខជាតិដែលអាចជួយគ្រប់គ្រង lipoprotein ដែលជាជាតិខ្លាញ់មានដង់ស៊ីតេទាប (LDL) ឬកូលេស្តេរ៉ុលអាក្រក់។ គោលការណ៍ណែនាំខ្លះណែនាំឱ្យទទួលទាន phytosterols ២ ក្រាមក្នុងមួយថ្ងៃ។ ឪឡឹក ១៥៤ ក្រាមផ្តល់នូវបរិមាណតិចតួចគឺ ៣,០៨ មីលីក្រាមនៃ phytosterols។ ការកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់អាចជួយការពារជំងឺលើសឈាម និងជំងឺបេះដូង ប៉ុន្តែឥទ្ធិពលនៃសារធាតុ phytosterols លើជំងឺបេះដូងនៅតែមិនទាន់ច្បាស់។

៣. ជំងឺមហារីក
វិទ្យាស្ថានជំងឺមហារីក (NCI) កត់សម្គាល់ថារ៉ាឌីកាល់សេរីអាចដើរតួក្នុងការអភិវឌ្ឍជំងឺមហារីកមួយចំនួន។ ភាពតានតឹងអុកស៊ីតកម្មដែលពួកគេបណ្តាលឱ្យអាចធ្វើឱ្យខូចកោសិកាDNA។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងឪឡឹកដូចជាវីតាមីនសេអាចជួយការពារជំងឺមហារីកដោយការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី។ ការសិក្សាមួយចំនួនក៏បានផ្សារភ្ជាប់ការទទួលទានលីកូប៉ែនជាមួយនឹងការថយចុះហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។

៤. ការរំលាយអាហារ
ផ្លែឪឡឹកមានបរិមាណទឹកខ្ពស់ហើយក៏ផ្តល់នូវជាតិសរសៃមួយចំនួនផងដែរ។ សារធាតុចិញ្ចឹមទាំងនេះជួយលើកកម្ពស់ពោះវៀនឱ្យមានសុខភាពល្អដោយការពារការទល់លាមក និងលើកកម្ពស់ភាពទៀងទាត់នៃចលនាពោះវៀន។

៥. ជាតិទឹក
ផ្លែឪឡឹកមានជាតិទឹកប្រហែល ៩០% ហើយក៏ផ្តល់នូវអេឡិចត្រូលីតដូចជាប៉ូតាស្យូម ដែលនេះធ្វើឱ្យវាក្លាយជាជម្រើសអាហារសម្រន់ដែលមានសុខភាពល្អក្នុងកំឡុងរដូវក្តៅ។ មនុស្សអាចញ៉ាំផ្លែឪឡឹកស្រស់ ឬជាទឹកឪឡឹក ក្លាសេ និងចិតជាចំណិតសម្រាប់អាហារសម្រន់។

៦. ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ
Choline គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយផ្សេងទៀតមាននៅក្នុងផ្លែឪឡឹក។ វារួមចំណែកដល់មុខងារ និងសកម្មភាពដូចខាងក្រោមៈ
·      ចលនាសាច់ដុំ
·      ការរៀន និងការចងចាំ
·      រក្សារចនាសម្ព័ន្ធនៃភ្នាសកោសិកា
·      ការបញ្ជូនកម្លាំងជំរុញសរសៃប្រសាទ
·      ការអភិវឌ្ឍខួរក្បាលទ្រឹស្តីមួយបានបង្ហាញថាសារធាតុ choline អាចជួយបន្ថយការវិវត្តនៃជំងឺវង្វេងប៉ុន្តែមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីបញ្ហានេះទេ។

៧. ឈឺសាច់ដុំ
ទឹកឪឡឹក និងឪឡឹកអាចកាត់បន្ថយការឈឺសាច់ដុំ និងធ្វើឱ្យប្រសើរឡើងវិញបន្ទាប់ពីការធ្វើលំហាត់ប្រាណនៅក្នុងអត្តពលិក។  នៅក្នុងការសិក្សាឆ្នាំ ២០១៧ អត្តពលិកបានផឹកទឹកចំណុះកន្លះលីត្រ ឬទឹកឪឡឹកជាមួយនឹងការបន្ថែម L-citrulline  ២ ម៉ោងមុនពេលរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង។ អ្នកដែលទទួលទានភេសជ្ជៈឪឡឹកបានរាយការណ៍ថាឈឺសាច់ដុំតិចជាង ២៤-៧២ ម៉ោងបន្ទាប់ពីការប្រណាំង។ វាមិនច្បាស់ទេថាតើការទទួលទានទឹកឪឡឹកដោយមិនបន្ថែមសារធាតុ L-citrulline នឹងមានឥទ្ធិពលដូចគ្នាដែរឬទេ។

៨. ស្បែក
ផ្លែឪឡឹកមានផ្ទុកវីតាមីនសេដែលរាងកាយត្រូវការផលិតកូឡាជែន។ កូឡាជែនគឺចាំបាច់សម្រាប់រចនាសម្ព័ន្ធកោសិកានិងមុខងារភាពស៊ាំ។ វីតាមីនសេក៏ជួយលើកកម្ពស់ការព្យាបាលមុខរបួសផងដែរ។ ការសិក្សាបានបង្ហាញថាវីតាមីនសេអាចជួយលើកកម្ពស់ស្បែកឱ្យមានសុខភាពល្អរួមទាំងការកាត់បន្ថយហានិភ័យនៃការខូចខាតស្បែកដែលទាក់ទងនឹងអាយុ។

៩. រោគសញ្ញានៃមេតាប៉ូលីស
នៅឆ្នាំ ២០១៩ អ្នកស្រាវជ្រាវបានចេញផ្សាយការរកឃើញដែលបង្ហាញថាឪឡឹកអាចធ្វើអោយប្រសើរឡើងនូវលក្ខណៈពិសេសនៃរោគសញ្ញាមេតាប៉ូលីសរួមទាំងការធាត់ និងសរសៃឈាមបេះដូង។ នៅក្នុងការស្រាវជ្រាវ មនុស្ស ៣៣ នាក់ដែលផ្ទុកលើសទម្ងន់ ឬធាត់ជ្រុលទទួលទានផ្លែឪឡឹក ២ ពែង និងនំឃុកឃីមានជាតិខ្លាញ់តិចក្នុងមួយថ្ងៃរយៈពេល ៤ សប្តាហ៍។ អ្នកដែលបរិភោគផ្លែឪឡឹកបានរាយការណ៍ថាមានអារម្មណ៍ថាមិនសូវឃ្លានយូរជាងអ្នកដែលបរិភោគនំឃុកឃី។ លើសពីនេះទៀតបន្ទាប់ពី ៤ សប្តាហ៍អ្នកដែលបរិភោគផ្លែឪឡឹកមាន កម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងឈាមរបស់ពួកគេ ទំងន់រាងកាយ និងម៉ាសរាងកាយមានសន្ទស្សន៍ទាប សម្ពាធឈាមទាប សមាមាត្រចង្កេះ និងត្រគាកមានភាពប្រសើរឡើង។ 

ប្រភព៖ MedicalNewsToday: Medically reviewed by Kathy W. Warwick, R.D., CDE — Written by Megan Ware, RDN, L.D. on December 18, 2019