សណ្តែកដីសម្បូរទៅដោយជីវជាតិ។ ពួកវាជាប្រភពដ៏ល្អនៃប្រូតេអ៊ីនរុក្ខជាតិ ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន។ សណ្តែកដីមានច្រើនទម្រង់រួមមាន សណ្ដែកដីលីងបន្ថែមអំបិល ស្រោបសូកូឡាពីលើ និងប៊ឺសណ្តែកដី។ ប្រភេទផ្សេងៗគ្នាមានជីវជាតិខុសគ្នា និងមានអត្ថប្រយោជន៍ចំពោះសុខភាពផ្សេងៗគ្នា។ ទន្ទឹមនឹងជីវជាតិបំប៉នសុខភាពរបស់ពួកគេ សណ្តែកដីគឺជាអាហារដែលសម្បូរដោយកាឡូរី ដូច្នេះអ្នកនឹងមានសុខភាពល្អបំផុតប្រសិនបើអ្នកទទួលទានក្នុងកម្រិតមធ្យម។នៅក្នុងអត្ថបទនេះយើងបង្ហាញនូវជីវជាតិអាហារូបត្ថម្ភរបស់សណ្តែកដី អត្ថប្រយោជន៍សុខភាពរបស់ពួកវា និងប្រៀបធៀបប្រភេទផ្សេងៗគ្នា។
អាហារូបត្ថម្ភ
សណ្តែកដីគឺជាប្រភពដ៏ល្អជាពិសេសខ្លាញ់ល្អ ប្រូតេអ៊ីន និងជាតិសរសៃ។ វាក៏ផ្ទុកប៉ូតាស្យូម ផូស្វ័រ ម៉ាញ៉េស្យូម និងវីតាមីន B ផងដែរ។ ទោះបីជាមានកាឡូរីខ្ពស់ក៏ដោយ សណ្តែកដីសម្បូរសារធាតុចិញ្ចឹម និងមានកាបូអ៊ីដ្រាតទាប។ ល្បាយនៃខ្លាញ់ ប្រូតេអ៊ីន និងជាតិសរសៃដែលមាននៅក្នុងសណ្តែកដីមានន័យថាពួកគេផ្តល់នូវសារធាតុចិញ្ចឹមដែលមានប្រយោជន៍ និងធ្វើឱ្យមនុស្សមានអារម្មណ៍ឆ្អែតបានយូរ។ ទាំងនេះបានធ្វើឱ្យសណ្តែកដីក្លាយជាអាហារសម្រន់ដែលមានសុខភាពល្អនៅពេលមនុស្សប្រៀបធៀបវាជាមួយឈីប នំស្រួយ និងអាហារដែលមានកាបូអ៊ីដ្រាតសាមញ្ញៗដទៃទៀត។ខាងក្រោមនេះយើងពិភាក្សាអំពីអត្ថប្រយោជន៍នៃសារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងសណ្តែកដី។
១) ប្រូតេអ៊ីន៖ សណ្តែកដីគឺជាប្រភពដ៏ល្អបំផុតនៃប្រូតេអ៊ីនផ្ដល់ដោយរុក្ខជាតិ ២៥,៨ ក្រាម ក្នុង១០០ ក្រាមនៃសណ្តែកដី ឬប្រហែលពាក់កណ្តាលនៃតម្រូវការប្រូតេអ៊ីនប្រចាំថ្ងៃរបស់មនុស្ស។ បរិមាណប្រចាំថ្ងៃដែលត្រូវបានណែនាំសម្រាប់ប្រូតេអ៊ីនចំពោះមនុស្សពេញវ័យគឺៈ ៤៦ ក្រាមសម្រាប់ស្ត្រី និង៥៦ ក្រាមសម្រាប់បុរស។ ប្រូតេអ៊ីន គឺចាំបាច់សម្រាប់ការកសាង និងជួសជុលកោសិការាងកាយ។ បរិមាណប្រូតេអ៊ីនដែលមនុស្សម្នាក់ត្រូវការគឺខុសគ្នាអាស្រ័យលើអាយុ និងកម្រិតសកម្មភាពរបស់ពួកគេ។
២) ខ្លាញ់ល្អ៖ អាស៊ីតខ្លាញ់ គឺជាផ្នែកសំខាន់មួយនៃរាល់របបអាហារ។ ខ្លាញ់ភាគច្រើននៅក្នុងសណ្តែកដីគឺជាអាស៊ីតខ្លាញ់មិនទាន់ឆ្អែតដែលជាប្រភេទខ្លាញ់មានសុខភាពល្អ។ យោងតាមសមាគមន៍បេះដូងអាមេរិក (AHA) ការទទួលទានជាតិខ្លាញ់មិនឆ្អែត ជំនួសឱ្យជាតិខ្លាញ់ឆ្អែត អាចធ្វើអោយកម្រិតកូលេស្តេរ៉ុលឈាមរបស់មនុស្សប្រសើរឡើង ជាហេតុធ្វើឱ្យហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលមានការថយចុះ។វាក៏មានបរិមាណខ្លាញ់ឆ្អែតតិចតួចនៅក្នុងសណ្តែកដីផងដែរ។ ជាតិខ្លាញ់ឆ្អែតគឺមិនសូវល្អដល់សុខភាព ដូចជាតិខ្លាញ់មិនឆ្អែតទេ។ វេជ្ជបណ្ឌិតក៏បានភ្ជាប់ទំនាក់ទំនងជាតិខ្លាញ់ឆ្អែតជាមួយនឹងជំងឺសរសៃឈាមបេះដូង។ ដូចនេះវាជាការល្អបំផុតក្នុងការទទួលទានសណ្តែកដីក្នុងកម្រិតមធ្យមដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពល្អបំផុត។
៣) ជាតិសរសៃចំណីអាហារ៖ សណ្តែកដីគឺជាប្រភពដ៏ល្អនៃជាតិសរសៃ។ វាមាន ៨,៥ ក្រាមក្នុង ១០០ក្រាម ដែលប្រហែលមួយភាគបួននៃការប្រើប្រាស់ជាតិសរសៃដែលត្រូវបានណែនាំរបស់បុរស ឬមួយភាគបីសម្រាប់ស្ត្រី។ គោលការណ៍ណែនាំរបបអាហារបច្ចុប្បន្នសម្រាប់ជនជាតិអាមេរិកណែនាំឱ្យមនុស្សពេញវ័យទទួលបរិមាណជាតិសរសៃក្នុងមួយថ្ងៃ ៣៤ ក្រាមសម្រាប់បុរស និង២៨ ក្រាមសម្រាប់ស្ត្រី។ជាតិសរសៃគឺជាសារធាតុចិញ្ចឹមសម្រាប់សុខភាពបេះដូង។ របាយការណ៍ AHA បានបង្ហាញថាការញ៉ាំអាហារដែលសំបូរទៅដោយជាតិសរសៃជួយបន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម និងបន្ថយហានិភ័យនៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ធាត់ និងទឹកនោមផ្អែមប្រភេទទី ២ ។
តើសណ្តែកដីប្រភេទណាដែលមានសុខភាពល្អបំផុត?
សណ្តែកដីឆៅគឺជាប្រភេទដែលមានសុខភាពល្អបំផុត។ ប៊ឺសណ្តែកដីគឺជាជម្រើសដ៏ល្អមួយដែលផ្តល់នូវជីវជាតិបំប៉នសុខភាព និងអត្ថប្រយោជន៍សុខភាពជាច្រើន។ មនុស្សទូទៅក៏អាចទិញសណ្តែកដីលីងដែលស្រោបអំបិល។ ការទទួលទានប្រភេទទាំងនេះគឺមិនអីទេក្នុងកម្រិតមធ្យមទោះបីជាការទទួលទានសូដ្យូមច្រើនពេកមានទំនាក់ទំនងជាមួយជំងឺលើសឈាម និងជំងឺបេះដូងក៏ដោយ។AHA ណែនាំឱ្យទទួលទានកំរិតជាតិសូដ្យូម ១៥០០ មីលីក្រាមក្នុងមួយថ្ងៃ ហើយមិនលើសពី ២៣០០ មីលីក្រាមនៃសូដ្យូមដែលស្មើនឹងអំបិល ១ ស្លាបព្រាកាហ្វេជាពិសេសសម្រាប់អ្នកដែលមានជំងឺលើសឈាម។ សូមជ្រើសរើសសណ្តែកដីឆៅជាមួយស្រទាប់សំបកស្ដើង។ សម្បកសណ្តែកដីនោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកានៃរាងកាយពីការបំផ្លាញពីរ៉ាឌីកាល់សេរី។ ជាធម្មតាអ្នកផលិតតែងតែយកសម្បកនោះចេញពីសណ្តែកដីលីង ឬសណ្ដែកដីដែលស្រោបដោយអំបិល។ មនុស្សទូទៅអាចបរិភោគសណ្តែកដី និងប៊ឺសណ្តែកដីក្នុងកម្រិតល្មមជាអាហារសម្រន់រាល់ថ្ងៃ។
អត្ថប្រយោជន៍សុខភាពរបស់សណ្ដែកដី
ការបរិភោគសណ្តែកដីមានគុណប្រយោជន៍សំខាន់បីយ៉ាងគឺ គាំទ្រដល់សុខភាពបេះដូង គ្រប់គ្រងទំងន់ដែលមានសុខភាពល្អ គ្រប់គ្រងជាតិស្ករក្នុងឈាម។ខាងក្រោមនេះយើងនឹងពិភាក្សាអំពីអត្ថប្រយោជន៍ទាំងនេះ។
១) គាំទ្រដល់សុខភាពបេះដូង៖ សណ្តែកដីផ្ទុកនូវជាតិខ្លាញ់មិនឆ្អែតច្រើនជាងជាតិខ្លាញ់ឆ្អែត។ សមាមាត្រខ្លាញ់នេះបានធ្វើឱ្យសណ្តែកដីល្អប្រសើរសម្រាប់បេះដូងជាងប្រភពអាហារដែលមានសមាមាត្រខ្លាញ់ឆ្អែតខ្ពស់។ ការសិក្សាឆ្នាំ ២០១៤ បានរកឃើញថាការបរិភោគសណ្តែកដី ឬប៊ឺសណ្តែកដី ៤៦ ក្រាមក្នុងមួយថ្ងៃអាចជួយពង្រឹងសុខភាពបេះដូងរបស់អ្នកដែលមានជំងឺទឹកនោមផ្អែម។
២) គ្រប់គ្រងទំងន់ដែលមានសុខភាពល្អ៖ ដោយសារតែសណ្តែកដីសំបូរទៅដោយខ្លាញ់ ប្រូតេអ៊ីន និងជាតិសរសៃដែលជាអាហារសម្រន់ដ៏ល្អ។ ការញ៉ាំវាក្នុងកម្រិតល្មមអាចជួយមនុស្សឱ្យរក្សាទម្ងន់ឱ្យមានសុខភាពល្អ។ ការស្រាវជ្រាវបានរកឃើញថាស្ត្រីដែលញ៉ាំគ្រាប់ផ្លែឈើរួមមានសណ្តែកដី ពីរដងក្នុងមួយសប្តាហ៍មានការថយចុះហានិភ័យនៃការឡើងទម្ងន់ និងធាត់លើសពី ៨ ឆ្នាំជាងអ្នកដែលកម្រទទួលទានសណ្ដែកដី។ ការសិក្សាទ្រង់ទ្រាយធំមួយបានរកឃើញថាការបរិភោគសណ្តែកដី និងគ្រាប់ផ្លែឈើដទៃទៀតអាចកាត់បន្ថយហានិភ័យនៃការធាត់របស់មនុស្សម្នាក់ក្នុងរយៈពេលជាង ៥ ឆ្នាំ។
៣) គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៖ សណ្តែកដីគឺជាអាហារដ៏ល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ឬប្រឈមនឹងជំងឺទឹកនោមផ្អែម។ សណ្តែកដីមានសន្ទស្សន៍ glycemic ទាប (GI) មានន័យថាពួកគេមិនបង្កឱ្យមានជាតិស្ករក្នុងឈាមកើនឡើងខ្លាំងទេ។ អ្នកជំនាញអាហារូបត្ថម្ភមើលឃើញអាហារដែលមាន GI ចាប់ពី ៥៥ រឺទាបជាង គឺជាអាហារដែលមានGI ទាប ហើយ GI លើសពី ៧០ គឺជាអាហារដែលមាន GI ខ្ពស់។ សណ្តែកដីមានពិន្ទុ GI ចំនួន ២៣ ដែលធ្វើឱ្យពួកគេក្លាយជាអាហារមានជី GI ទាប។
សណ្តែកដីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមព្រោះវាមានកាបូអ៊ីដ្រាតទាបប៉ុន្តែមានប្រូតេអ៊ីនខ្លាញ់ និងជាតិសរសៃខ្ពស់។ ជាតិសរសៃធ្វើឱ្យដំណើរការរំលាយអាហារថយចុះដែលអនុញ្ញាតឱ្យមានការបញ្ចេញថាមពលកាន់តែខ្លាំងហើយប្រូតេអ៊ីនត្រូវការពេលបំបែកច្រើនជាងកាបូអ៊ីដ្រាតសាមញ្ញ។ ការស្រាវជ្រាវបានបង្ហាញថាការបរិភោគប៊ឺសណ្តែកដី ឬសណ្តែកដីអាចជួយស្ត្រីដែលមានជំងឺធាត់ និងហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ ២ ខ្ពស់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
ប្រភព៖ MedicalNewToday: Medically reviewed by Katherine Marengo LDN, R.D., specialty in nutrition, on April 18, 2019 — Written by Lana Burgess