អត្ថប្រយោជន៍នៃផ្លែល្ហុង

ផ្លែល្ហុងស្ថិតក្នុងចំណោមអាហារពេញនិយមបំផុតនៅលើពិភពលោកដែលត្រូវបានគេស្គាល់ថាមានរសជាតិឈ្ងុយឆ្ងាញ់។ ល្ហុងមានដើមកំណើតនៅទ្វីបអាមេរិក ប៉ុន្តែសព្វថ្ងៃនេះវាត្រូវបានដាំដុះនៅពាសពេញពិភពលោក ជាពិសេសនៅតំបន់ត្រូពិក និងអនុតំបន់ត្រូពិក។

ហេតុអ្វីអ្នកគួរតែទទួលទានផ្លែល្ហុង?
ផ្លែល្ហុងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍ ក្នុងការជួយរំលាយអាហារ ជួយសម្រកទម្ងន់ បង្កើនភាពស៊ាំ និងសុខភាពបេះដូង។ ក្រៅពីតួនាទីនៃរបបអាហាររបស់វា ល្ហុងក៏ត្រូវបានគេប្រើក្នុងវិធីជាច្រើនដែលមិននឹកស្មានដល់។ ផ្លែវាទាំងមូល រួមទាំងផ្នែកផ្សេងទៀតនៃដើមរបស់វាមានប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ផ្លែល្ហុងឆៅមានអង់ស៊ីមដែលត្រូវបានគេប្រើក្នុងការរៀបចំអាហារបំប៉ន។ ផ្លែល្ហុងក៏ត្រូវបានប្រើក្នុងការផលិតផលិតផលគ្រឿងសម្អាងស្បែក និងសម្រស់ជាច្រើនផងដែរ។

អាហារូបត្ថម្ភរបស់ផ្លែល្ហុង
យោងទៅតាមមូលដ្ឋានទិន្នន័យរបស់ USDA ផ្លែល្ហុងសម្បូរទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្មដូចជា carotenes flavonoids និងវីតាមីន C ក៏ដូចជាវីតាមីន B មួយចំនួន (folate និងអាស៊ីត pantothenic)។ វាក៏ជាប្រភពដ៏ល្អនៃជាតិសរសៃ និងរ៉ែដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម។ ជារួមសារធាតុចិញ្ចឹមទាំងនេះជួយបង្កើនសុខភាពសរសៃឈាម និងការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ។

អត្ថប្រយោជន៍សុខភាពនៃផ្លែល្ហុង
១. ជំនួយក្នុងការរំលាយអាហារ៖ ផ្លែល្ហុង គឺជាឱសថធម្មជាតិដ៏មានប្រជាប្រិយមួយសម្រាប់ព្យាបាលបញ្ហារំលាយអាហារដូចជា ការរំលាយអាហារមិនស្រួល ការទល់លាមក និងក្រហាយទ្រូង។ ការសិក្សាមួយដែលបានបោះពុម្ពផ្សាយនៅក្នុង Neuro Endocrinology Letters បានរកឃើញថាការទទួលទានល្ហុងជួយក្នុងការថែរក្សាបំពង់រំលាយអាហារ និងបំបាត់បញ្ហារំលាយអាហារ។

២. ការពារការឆ្លង៖ ផ្លែល្ហុងមានប្រសិទ្ធភាពក្នុងការសម្លាប់ដង្កូវក្នុងពោះវៀនដោយចៀសវាងការឆ្លង និងផលវិបាកដែលទាក់ទងនឹងពួកវា។

៣. ស្រក​ទម្ងន់៖ ផ្លែល្ហុងក៏ល្អសម្រាប់មនុស្សដែលព្យាយាមសម្រកទម្ងន់តាមធម្មជាតិដែរដោយសារជាតិសរសៃ ទឹក វីតាមីន និងសារធាតុរ៉ែដែលវាមានផ្ទុក។ ការមានផ្លែល្ហុងមួយចានជាអាហារសម្រន់ពេលល្ងាច ឬពេលព្រឹកគឺល្អសម្រាប់សុខភាព។

៤. ភ្នាក់ងារប្រឆាំងជំងឺមហារីក៖ អ្នកស្រាវជ្រាវបានរកឃើញថាល្ហុងមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងមហារីកសុដន់ លំពែង និងមហារីកដទៃទៀត។ ការសិក្សាមួយបានបង្ហាញថាសារធាតុលីកូប៉ែនដែលមាននៅក្នុងផ្លែល្ហុងគឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយដែលជួយបន្ថយឥទ្ធិពលនៃការព្យាបាលមហារីកដោយកាំរស្មី។ យោងទៅតាមការស្រាវជ្រាវនៅក្នុងទស្សនាវដ្តី Mutation Research បានអោយដឹងថាការប្រើប្រាស់ផ្លែល្ហុងបន្ទុំ (papaya fermented) អាចជួយកាត់បន្ថយស្ត្រេសអុកស៊ីតកម្ម និងហានិភ័យជំងឺមហារីកចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ ។

៥. ថែរក្សាស្បែក៖ ផ្លែល្ហុងអាចជាភ្នាក់ងារធ្វើឱ្យរស់រានឡើងវិញដ៏អស្ចារ្យដែលជាមូលហេតុដែលពួកវាត្រូវបានគេប្រើនៅក្នុងគ្រឿងសំអាងជាច្រើនហើយថែមទាំងត្រូវបានស្ត្រីជាច្រើនយកទៅធ្វើជាម៉ាសបិតមុខដែលធ្វើនៅផ្ទះ (Homemade face mask)ផងដែរ។ Papain សម្លាប់កោសិកាងាប់ និងបន្សុទ្ធស្បែក។ លក្ខណៈសម្បត្តិដែលមានប្រយោជន៍ និងអង់ស៊ីមដែលមាននៅក្នុងល្ហុងជួយព្យាបាលការរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ និងរលាកស្បែកផ្សេងៗ។ យោងតាមការសិក្សាឆ្នាំ ២០១៤ បានបង្ហាញថាលីកូប៉ែននៅក្នុងផ្លែល្ហុងជួយកាត់បន្ថយការកើតស្នាមជ្រួញចំពោះស្ត្រីក្រោយអស់រដូវ។

៦.  ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង៖ គ្រាប់ផ្លែល្ហុងល្អសម្រាប់ថែរក្សាសុខភាពបេះដូង។ វាមានវីតាមីនប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ៣ ប្រភេទគឺវីតាមីន A, C, និង E មានន័យថាផ្លែល្ហុងមានអត្ថប្រយោជន៍ក្នុងការការពារបញ្ហាផ្សេងៗដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ វត្តមាននៃសារធាតុ pro-carotenoid phytonutrients ជួយការពារអុកស៊ីតកម្មនៃកូលេស្តេរ៉ុលនៅក្នុងខ្លួន។ ជាប្រភពដ៏ល្អនៃជាតិសរសៃ ហើយផ្លែល្ហុងក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់នៅក្នុងខ្លួនផងដែរ។ បន្ថែមផ្លែល្ហុងនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកជាអាហារសម្រន់ដើម្បីរក្សាបេះដូងឱ្យនៅក្មេង។

៧. ជំនួយសុខភាពភ្នែក៖ ផ្លែល្ហុងផ្ទុកទៅដោយវីតាមីនអាដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយក្នុងការពង្រឹងសុខភាពភ្នែក។ វីតាមីនអាជួយការពារកញ្ចក់ភ្នែក ចំណែកសារធាតុប្រឆាំងអុកស៊ីតកម្មកាត់បន្ថយការចុះខ្សោយនៃរ៉េទីនភ្នែក។ ល្ហុងជាផ្លែឈើដែលអាចបរិភោគបានផ្តល់នូវការការពារចក្ខុវិស័យហើយថែមទាំងធ្វើអោយវាកាន់តែប្រសើរឡើងថែមទៀត។ ការទទួលទានល្ហុងពិតជាអាចការពារភ្នែករបស់អ្នកមិនឱ្យខូចហើយរក្សាចក្ខុរបស់អ្នកឱ្យល្អឥតខ្ចោះ។

៨. សុខភាពតម្រងនោមល្អប្រសើរ៖ ប៉ូតាស្យូមដែលមាននៅក្នុងផ្លែល្ហុង គឺជាអ្នកគាំទ្រដ៏ធំមួយចំពោះសុខភាពតម្រងនោម។ វាសម្អាតជាតិពុលដែលបានចូលទៅក្នុងតម្រងនោម និងកាត់បន្ថយការប្រមូលផ្តុំអាស៊ីតអ៊ុយរិចក្នុងឈាម។ គ្រាប់ល្ហុងក៏មានតួនាទីសំខាន់ក្នុងការថែរក្សាក្រលៀនឱ្យមានសុខភាពល្អផងដែរ។ វត្តមាននៃសារជាតិ flavonoids នៅក្នុងល្ហុងជួយក្នុងការរក្សាកោសិកាពីការចុះខ្សោយ និងការពារក្រលៀនឱ្យដំណើរការបានល្អ។

៩. កាត់បន្ថយមុន និងរលាក៖ ជ័រដែលទទួលបានពីផ្លែល្ហុងត្រូវបានប្រើដើម្បីព្យាបាលតំបន់នៅលើស្បែកដែលរងផលប៉ះពាល់ដោយមុន។ ផ្នែកខាងក្រៅរបស់សម្បកល្ហុងអាចត្រូវបានប្រើជាម៉ាសដើម្បីព្យាបាលមុន។ របបអាហារដែលមានរួមបញ្ចូលល្ហុងនឹងជួយព្យាបាលជម្ងឺនៅខាងក្នុងធ្វើឱ្យស្បែកភ្លឺថ្លា។ មានរលាកទេ? ប្រើល្ហុង។ នៅពេលដែលជ័រពីផ្លែឈើត្រូវបានគេយកទៅលាបលើកន្លែងដែលឆេះវាជួយក្នុងការកាត់បន្ថយស្នាមដែលបណ្តាលមកពីការរលាកធ្វើឱ្យវាមានប្រសិទ្ធភាពក្នុងការជួយព្យាបាលរបួស និងដំបៅ។ យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Molecular Nutrition & Food Research  បានអោយដឹងថាអង់ស៊ីមដែលមាននៅក្នុងផ្លែល្ហុងជាពិសេស papain និង chymopapain កាត់បន្ថយការរលាកនៅផ្នែកផ្សេងៗនៃរាងកាយ។

១០. ការពារជំងឺរលាកសន្លាក់៖ ផ្លែល្ហុងត្រូវបានគេដឹងថាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺរលាកសន្លាក់ឆ្អឹង។ ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលបានពិភាក្សាខាងលើអង់ស៊ីមមួយដែលត្រូវបានគេរកឃើញនៅក្នុងផ្លែល្ហុងហៅថា chymopapain មានឥទ្ធិពលយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺរលាកសន្លាក់ឆ្អឹង។  

ប្រភព
·      OrganicFacts by Meenakshi Nagdeve last updated - February 28, 2020 Medically reviewed by Vanessa Voltolina (MS, RD).
·      TIMESOFINDIA By - TNN Created: Apr 22, 2019