អត្ថប្រយោជន៍របស់ទឹកឃ្មុំចំពោះសុខភាព

ទឹកឃ្មុំ គឺជាអង្គធាតុរាវដែលមានរសជាតិផ្អែមផលិតដោយឃ្មុំហើយរសជាតិផ្អែមទាំងនោះបានមកពីទឹកដមផ្កា។ ពណ៌លឿងថ្លារបស់វាក៏បានមកពីធម្មជាតិដែលធ្វើឱ្យតម្លៃរបស់វាខ្ពស់។ រសជាតិនៃទឹកឃ្មុំខុសគ្នាអាស្រ័យលើប្រភេទផ្កាដែលឃ្មុំក្រេបទឹកដម។

ទឹកឃ្មុំមានកម្រិតស្ករម៉ូណូសាក់ការីត ហ្វុចតូស និងគ្លុយកូសខ្ពស់ ហើយវាមានផ្ទុកជាតិស្ករប្រហែលពី ៧០ ទៅ ៨០ ភាគរយដែលអាចផ្ដល់នូវភាពផ្អែម។ ទឹកឃ្មុំក៏មានលក្ខណៈសម្បត្តិជាថ្នាំសំលាប់មេរោគ និងបាក់តេរីផងដែរ។


អត្ថប្រយោជន៍មួយចំនួននៃទឹកឃ្មុំ
១. ព្យាបាលរបួស និងរលាក៖ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងបណ្ណាល័យ Cochrane បានបង្ហាញថាទឹកឃ្មុំអាចជួយព្យាបាលការរលាកបាន ហើយការប្រើទឹកឃ្មុំគឺមានការចំណាយថវិការអស់តិច និងមានសុវត្ថិភាពជាងការប្រើប្រាស់ពពួកថ្នាំអង់ទីប៊្យូទិចដែលត្រូវបានគេប្រើជាញឹកញាប់ និងមានផលរំខាន។ ជាការពិតណាស់ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី The Lancet Infectious Disease បានសន្និដ្ឋានថាការលាបទឹកឃ្មុំទៅនឹងស្នាមរបួសរបស់អ្នកជំងឺមានគុណសម្បត្តិដូចជាថ្នាំអង់ទីប៊្យូទិចធម្មតា។

២. កាត់បន្ថយរយៈពេលនៃជំងឺរាគ៖​ យោងតាមការពិនិត្យអ្នកជំងឺដោយផ្អែកលើការស្រាវជ្រាវអំពីទឹកឃ្មុំវាបានបង្ហាញឱ្យឃើញពីប្រសិទ្ធិភាពកាត់បន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃជំងឺរាគ។ ទឹកឃ្មុំក៏ជួយលើកកម្ពស់នៃការកើនឡើងជាតិប៉ូតាស្យូម និងការទទួលទានទឹកដែលជាជំនួយយ៉ាងខ្លាំងនៅពេលដែលមានបញ្ហារាគ។
ការស្រាវជ្រាវមួយនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាបានបង្ហាញថាទឹកឃ្មុំក៏មានសមត្ថភាពក្នុងការទប់ស្កាត់សកម្មភាពរបស់ភ្នាក់ងារបង្កជំងឺដែលបណ្តាលឱ្យរាគ។

៣. ការពារការចាល់ជាតិអាស៊ីត៖ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាទឹកឃ្មុំអាចកាត់បន្ថយលំហូរនៃអាស៊ីតក្រពះ និងអាហារដែលមិនងាយរំលាយ ដែលជាហេតុអ្វើឱ្យមានជំងឺច្រាលអាស៊ីតក្នុងក្រពះ (GERD)GERD អាចបណ្តាលឱ្យរលាកក្រពះ និងក្រហាយទ្រូង។

៤. ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ៖ ក្នុងឆ្នាំ ២០១០ អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិក្សានៅសាកលវិទ្យាល័យ Amsterdam បានរាយការណ៍នៅក្នុងកាសែត FASEB ថាសមត្ថភាពរបស់ទឹកឃ្មុំក្នុងការសម្លាប់បាក់តេរីស្ថិតនៅក្នុងទម្រង់ជាប្រូតេអ៊ីនហៅថា defensin-1 ដែលមាននៅក្នុងទឹកឃ្មុំ។ ការសិក្សាថ្មីមួយបន្ថែមទៀតនៅក្នុងគ្លីនិកអតិសុខុមជីវសាស្ត្រ និងជំងឺឆ្លងរបស់អឺរ៉ុបបានបង្ហាញថាទឹកឃ្មុំអាចជួយការពារបាក់តេរី Clostridium difficile ពីការតាំងទីលំនៅនៅក្នុងខ្លួនមនុស្ស។ C. difficile ត្រូវបានគេស្គាល់ថាបណ្តាលឱ្យរាគ និងឈឺធ្ងន់ធ្ងរ។

៥. បន្ថយរោគសញ្ញាផ្តាសាយ និងក្អក៖ អង្គការសុខភាពពិភពលោក (WHO) ណែនាំថាទឹកឃ្មុំជាឱសថបំបាត់ក្អកធម្មជាតិ។ បណ្ឌិត្យសភាកុមារអាមេរិចក៏ទទួលស្គាល់ទឹកឃ្មុំជាថ្នាំព្យាបាលសម្រាប់ការក្អកផងដែរ។ ទោះជាយ៉ាងណាក៏ដោយពួកគេណែនាំថាទឹកឃ្មុំមិនសមស្របសម្រាប់កុមារអាយុក្រោមមួយឆ្នាំទេ។ ការសិក្សាមួយនៅឆ្នាំ ២០០៧ ដោយមហាវិទ្យាល័យវេជ្ជសាស្ត្រ Penn State បានបង្ហាញថាទឹកឃ្មុំកាត់បន្ថយអាការៈក្អកនៅពេលយប់ និងធ្វើឱ្យការគេងមានភាពប្រសើរឡើងចំពោះកុមារដែលមានការបញ្ហាផ្លូវដង្ហើមល្អជាងប្រើថ្នាំក្អកដែលមានឈ្មោះថា dextromethorphan

៦. ជំនួសស្ករដែលបានបន្ថែមនៅក្នុងរបបអាហារ៖ រសជាតិផ្អែមរបស់ទឹកឃ្មុំធ្វើឱ្យវាអាចជំនួសស្ករនៅក្នុងរបបអាហារ។ ស្ករដែលបានបន្ថែមនៅក្នុងរបបអាហារផ្តល់នូវកាឡូរីលើសលប់ និងមិនមានសារធាតុចិញ្ចឹមទេដែលអាចនាំឱ្យមានការឡើងទម្ងន់ ព្រមទាំងធ្វើឱ្យហានិភ័យនៃជំងឺលើសឈាម និងទឹកនោមផ្អែមមានការកើនឡើង។

ប្រភព៖​
MedicalNewsToday