គុណប្រយោជន៍នៃផ្លែត្របែកចំពោះសុខភាព

ត្របែកជារុក្ខជាតិត្រូពិកដែលមានដើមកំណើតនៅអាមេរិកកណ្ដាល។ ផ្លែរបស់វាមានរាងមូលទ្រវែង និងមានពណ៌បៃតងស្រាល ឬពណ៌លឿង ហើយមានផ្ទុកគ្រាប់ដែលអាចបរិភោគបាន។ លើសពីនេះទៅទៀតស្លឹកត្របែកត្រូវបានប្រើជាតែរុក្ខជាតិ និងចម្រាញ់ធ្វើជាអាហារបំប៉ន។ផ្លែត្របែកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនC ប៉ូតាស្យូម និងជាតិសរសៃយ៉ាងអស្ចារ្យ។ ការផ្ទុកសារធាតុចិញ្ចឹមគួរឱ្យកត់សម្គាល់នេះ ផ្ដល់ឱ្យអ្នកបរិភោគនូវអត្ថប្រយោជន៍សុខភាពជាច្រើន។ ខាងក្រោមនេះគឺជាគុណប្រយោជន៍សុខភាព ៧ យ៉ាងនៃផ្លែត្របែក៖

១. កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម៖​ ការសិក្សាសាកល្បងជាច្រើនបានរកឃើញថាត្របែកអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងធន់នឹងអាំងស៊ុយលីន។ នេះជាដំណឹងដ៏ល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ការសិក្សាមួយចំនួនដែលទាក់ទងនឹងមនុស្សក៏បានបង្ហាញលទ្ធផលគួរឱ្យចាប់អារម្មណ៍ផងដែរ។ ការសិក្សាមួយលើមនុស្ស១៩នាក់បានកត់សម្គាល់ថាការផឹកតែស្លឹកត្របែកធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមថយចុះបន្ទាប់បរិភោគអាហាររួច ហើយឥទ្ធិពលរបស់វាបានរហូតដល់២ម៉ោង។ ការសិក្សាមួយទៀតទៅលើមនុស្ស២០នាក់ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ បានរកឃើញថាការផឹកតែស្លឹកត្របែកអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទានអាហារបានច្រើនជាង ១០ភាគរយ។

២. ជំនួយសុខភាពបេះដូង៖ ផ្លែត្របែកអាចជួយលើកកម្ពស់សុខភាពបេះដូងតាមវិធីមួយចំនួន។ អ្នកវិទ្យាសាស្ត្រជាច្រើនជឿថាកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីននៅក្នុងត្របែកអាចជួយការពារបេះដូងរបស់អ្នកពីការខូចខាតដោយសាររ៉ាឌីកាល់សេរី។កម្រិតខ្ពស់នៃប៉ូតាស្យូម និងជាតិសរសៃរលាយនៅក្នុងផ្លែត្របែកក៏ត្រូវបានគេគិតថាជួយដល់សុខភាពបេះដូងផងដែរ។ លើសពីនេះការចម្រាញ់ស្លឹកត្របែកត្រូវបានផ្សារភ្ជាប់ទៅនឹងសម្ពាធឈាមទាប ការថយចុះកូលេស្តេរ៉ូលអាក្រក់(LDL) និងកើនឡើងកូលេស្តេរ៉ូលល្អ(HDL)។ ការសិក្សារយៈពេល ១២សប្តាហ៍ទៅលើមនុស្ស១២០នាក់បានរកឃើញថា ការបរិភោគផ្លែត្របែកទុំមុនពេលញ៉ាំអាហារបណ្ដាលឱ្យថយចុះសម្ពាធឈាមសរុប ៨-៩ កម្រិត ការកាត់បន្ថយកូឡេស្តេរ៉ូលសរុប ៩,៩ភាគរយ និងបង្កើនកូឡេស្តេរ៉ូលល្អ៨ភាគរយ។ ផ្លែត្របែក និងការចម្រាញ់ស្លឹកត្របែក អាចមានឥទ្ធិពលវិជ្ជមានដល់សុខភាពបេះដូងដោយបន្ថយសម្ពាធឈាម កាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់់ និងបង្កើនកូឡេស្តេរ៉ូលល្អ។

៣. ជួយបំបាត់ការឈឺចាប់ពេលមករដូវ៖ ការទទួលទានស្លឹកត្របែកចម្រាញ់ជារៀងរាល់ថ្ងៃជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ និងរមួលក្រពើ។ ការសិក្សាមួយលើស្ត្រី ១៩៧នាក់ដែលមានរោគសញ្ញាឈឺចាប់បានរកឃើញថាការទទួលទានស្លឹកត្របែកចម្រាញ់ ៦មីលីក្រាមជារៀងរាល់ថ្ងៃធ្វើឱ្យកាត់បន្ថយការឈឺចាប់។ វាហាក់ដូចជាមានឥទ្ធិពលជាងថ្នាំបំបាត់ការឈឺចាប់ខ្លះ។

៤. ផ្ដល់ផលប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ៖ ផ្លែត្របែកជាប្រភពដ៏ប្រសើរនៃជាតិសរសៃប្រចាំថ្ងៃ។ ដូចនេះការបរិភោគផ្លែត្របែកកាន់តែច្រើនអាចជួយឱ្យចលនាពោះវៀនមានសុខភាពល្អ និងទប់ស្កាត់ការទល់លាមក។ គ្រាន់តែផ្លែត្របែកមួយផ្លែអាចផ្ដល់នូវជាតិសរសៃ ១២ភាគរយនៃបរិមាណដែលត្រូវការប្រចាំថ្ងៃ។

៥. ជួយក្នុងបញ្ចុះទម្ងន់៖ ផ្លែត្របែកជាអាហារសម្រកទម្ងន់។ ជាមួយនឹងថាមពលតែ ៣៧ក្នុងមួយផ្លែ និង ១២% នៃជាតិសរសៃដែលត្រូវការប្រចាំថ្ងៃ វាគឺជាអាហារសម្រន់ដែលមានកាឡូរីទាប។ ផ្លែត្របែកសម្បូរដោយជាតិសរសៃ និងមានកាឡូរីទាប មានន័យថាពួកវាអាចជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែត និងជួយសម្រកទម្ងន់បានទៀតផង។

៦. ឥទ្ធិពលការពារមហារីក៖ សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៅក្នុងផ្លែត្របែកអាចជួយការពារការវិវត្តន៍ និងលូតលាស់របស់កោសិកាមហារីក។

៧. ជួយជម្រុញប្រព័ន្ធភាពស៊ាំ៖ ផ្លែត្របែក ជាប្រភពអាហារដែលសម្បូរទៅដោយវីតាមីន C ដែល ១០០ក្រាមនៃផ្លែត្របែកមាន វីតាមីនសេ ២២៨មីលីក្រាម។ ការគ្រប់គ្រងកម្រិតវីតាមីននេះឱ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់សម្រាប់ការពារប្រឆាំងជំងឺ និងការឆ្លង។

ប្រភព៖
Manosroi, J., Dhumtanom, P., & Manosroi, A. (2006). Anti-proliferative activity of essential oil extracted from Thai medicinal plants on KB and P388 cell lines. Cancer letters235(1), 114-120.

Kim, S. Y., Kim, E. A., Kim, Y. S., Yu, S. K., Choi, C., Lee, J. S., ... & Jeon, Y. J. (2016). Protective effects of polysaccharides from Psidium guajava leaves against oxidative stresses. International journal of biological macromolecules91, 804-811.

Hemilä, H., & Chalker, E. (2013). Vitamin C for preventing and treating the common cold. Cochrane Database of Systematic Reviews, (1).