ផ្កាអំបិល

 ផ្កាអំបិល និងអំបិល គឺសុទ្ធតែបានបានមកពីទឹកសមុទ្រ។ ផ្កាអំបិល គឺជាគ្រីស្តាល់រាងសាជីជ្រុងប្លែកៗដែលអណ្ដែតនៅផ្នែកខាងលើក្នុងកំឡុងពេលដំណើរការហួត។ ប្រៀបដូចជាផ្កាដែលរីកហើយអណ្តែតលើផ្ទៃទឹក និងត្រូវតែប្រមូលដោយថ្នមៗដោយដៃ។ គ្រាប់គ្រីស្តាល់ពិតជាលំបាកណាស់ក្នុងការកកើត។ លក្ខខណ្ឌអាកាសធាតុ និងបរិស្ថាននៃសមុទ្រពិតជាចាំបាច់ណាស់ដើម្បីបង្កើតផ្កាអំបិល។ 

គេអាចប្រមូលផ្កាអំបិលបានតែនៅពេលដែលមានពន្លឺព្រះអាទិត្យខ្លាំង ស្ងួតខ្លាំង និងមានខ្យល់បក់យឺតៗ ព្រោះធម្មជាតិជាអ្នកបង្កើតវា ដូចនេះផ្កាអំបិលត្រូវបានផលិតក្នុងបរិមាណតិចតួច។ ដោយសារកត្តានេះ រួមនឹងការប្រមូលដែលពឹងផ្អែកទៅលើកម្លាំងពលកម្មមនុស្សទាំងស្រុងផងនោះ ទើបផ្កាអំបិលជាអំបិលដែលមានតម្លៃថ្លៃបំផុត។  

ផ្កាអំបិល គឺជាអំបិលសុទ្ធដែលអ្នកអាចទទួលទានបាន។ វាមិនមានគ្រួស ឬភាពមិនស្អាតផ្សេងទៀតពីសមុទ្រនោះទេ។ ដោយសារតែវាបរិសុទ្ធ ដូចនេះវាគ្មានរសជាតិល្វីងទេ ហើយវារលាយយឺតៗលើអណ្តាត និងផ្តល់នូវរសជាតិឆ្ងាញ់ដល់អាហារព្រោះវាជួយបង្កើនរសជាតិអាហារ។ ទោះជាយ៉ាងណាក៏ដោយវាមិនត្រូវបានប្រើជំនួសអំបិលក្នុងកំឡុងពេលចម្អិនអាហារទេព្រោះសីតុណ្ហភាពខ្ពស់នឹងធ្វើឱ្យគ្រីស្តាល់រលាយ ព្រមទាំងបាត់បង់លក្ខណៈពិសេសរបស់វា ដោយសារតែវាសម្បូរទៅដោយប៉ូតាស្យូម និងម៉ាញ៉េស្យូមច្រើនជាងអំបិលធម្មតា នោះពេលត្រូវកម្ដៅខ្ពស់សារធាតុទាំងនោះនឹងត្រូវបាត់បង់។ ផ្ទុយទៅវិញវាត្រូវបានបន្ថែមទីលើអាហារនៅមុនពេលទទួលទាន ដើម្បីជម្រុញរសជាតិរបស់អាហារទាំងនោះដូចជាស៊ុប សាលាដ ត្រី សាច់ ផ្លែឈើ បន្លែ និងសូម្បីតែបង្អែម។  

ប្រភព៖ Alfaro, Danilo. "What is Fleur de Sel"About Food. About.com. Retrieved 30 July 2016.