អត្ថប្រយោជន៍នៃស្លឹកគ្រៃ

ស្លឹកគ្រៃ មានដើមកំណើតនៅប្រទេសស្រីលង្កា និងឥណ្ឌាខាងត្បូង ហើយឥឡូវត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅតំបន់ត្រូពិចនៃអាមេរិច និងអាស៊ី។ ដើមរបស់វា ត្រូវបានគេប្រើជាភ្នាក់ងារក្លិន និងរសជាតិដែលជាគ្រឿងផ្សំទូទៅក្នុងការចម្អិនម្ហូបរបស់ជនជាតិអាស៊ី ប៉ុន្ដែវាអាចទៅរួចដែលគេកែច្នៃស្លឹកគ្រៃធ្វើជាតែ។ ស្លឹកគ្រៃមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពដោយសារ វាមានសារធាតុគីមី រ៉ែ និងវីតាមីនដែលត្រូវបានគេដឹងថាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពារជំងឺ។

ស្លឹកគ្រៃ គឺជារុក្ខជាតិម្យ៉ាងពពួកស្មៅ ដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Flavonoids និងសមាសធាតុ phenolic ដូចជា luteolin, glycosides, quercetin, kaempferol, elemicin, catechol, chlorogenic acid និងអាស៊ីត caffeic ដែលជាជំនួយផ្នែកឱសថដ៏គួរឱ្យចាប់អារម្មណ៍។ សមាសធាតុសំខាន់នៃរុក្ខជាតិឱសថនេះគឺ citrallemonal ដែលមានគុណសម្បត្តិប្រឆាំងនឹងពពួកផ្សិត និងអតិសុខុមប្រាណ ខណៈពេលដែលវាផ្ដល់នូវក្លិនពិសេសរបស់វាផងដែរ។

ស្លឹកគ្រៃជាឃ្លាំងផ្ទុកនូវក្លិនក្រអូបនៃសារធាតុចិញ្ចឹមសំខាន់ៗដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ទិន្នន័យសារធាតុចិញ្ចឹមជាតិរបស់ អគ្គនាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិច(USDA) បង្ហាញថា វាជាប្រភពនៃវីតាមីនសំខាន់ដូចជា វីតាមីនB1 (Thiamine)  វីតាមី B2 (Riboflavin) វីតាមីន B3 (Niacin) វីតាមីន B5 (Pantothenic acid) វីតាមីន B6 (Pyridoxine), Folate និងវីតាមីន C។ ស្លឹកគ្រៃក៏ផ្ទុកនូវសារធាតុរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រ ម៉ង់កាណែស ស័ង្កសី និងជាតិដែកដែលជាតម្រូវការសម្រាប់ដំណើរការនៃរាងកាយមនុស្ស។ ស្លឹកគ្រៃ ១០០ក្រាម មានកាល់ឡូរី ៩៩Cal តែវាមិនមានផ្ទុកកូឡេស្តេរ៉ូល និងខ្លាញ់ឡើយ។

អត្ថប្រយោជន៍ចំពោះសុខភាព

១. សក្ដានុពលប្រឆាំងជំងឺមហារីក
ស្លឹកគ្រៃមានប្រសិទ្ធភាពការពារការលូតលាស់របស់កោសិកាមហារីក ដោយមិនប៉ះពាល់ដល់កោសិកាល្អៗនៃរាងកាយឡើយ។ តាមការស្រាវជ្រាវបានធ្វើឡើងដើម្បីបង្ហាញពីសកម្មភាពប្រឆាំងនឹងមហារីករបស់ស្លឹកគ្រៃបានបង្ហាញនូវលទ្ធផលជោគជ័យក្នុងការការពារជំងឺមហារីកស្បែក។ កត្ដាចម្បងនេះដោយសារតែវត្តមាននៃសមាសធាតុគីមីដែលគេហៅថា citral ដែលមាននៅក្នុងស្លឹកគ្រៃ។ការសិក្សាស្រាវជ្រាវមួយដែលបានធ្វើទៅលើឥទ្ធិពលនៃ citral ទៅលើកោសិកាមហារីក បានបង្ហាញថាវាជួយទប់ស្កាត់ការលូតលាស់កោសិកាមហារីកថ្លើមក្នុងដំណាក់កាលដំបូង និងការពារការលូតលាស់របស់កោសិកាមហារីកផ្សេងទៀត។ ការសិក្សាមួយទៀតបានផ្ដល់នូវភស្ដុតាងគាំទ្រទាក់ទងនឹងការរីកសាយឥទ្ធិពលនៃ citral ក្នុងការទប់ស្កាត់ការលូតលាស់កោសិការមហារីកសុដន់ និងការបង្កជំងឺងាប់កោសិកា (apoptosis) 

២. បញ្ហាក្រពះ
ការសិក្សាមួយបានង្ហាញថា ប្រេងរបស់ស្លឹកគ្រៃ មានសមាសធាតុប្រឆាំងនឹងអតិសុខុមប្រាណ និងប្រឆាំងនឹងបាក់តេរី ដែលជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្ករោគដែលបង្កឡើងដោយភ្នាក់ងារបង្ករោគផ្សេងៗដូចជា Helicobacter pylori និង Escherichia coli។ វាមានអត្ថប្រយោជន៍ក្នុងការការពារជំងឺក្រពះពោះរៀន ដូចជា ដំបៅក្រពះ ជួយក្នុងការរំញោចមុខងាររបស់ពោះវៀន និងធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៃស្លឹកគ្រៃមានអត្ថប្រយោជន៍ក្នុងការព្យាបាលការទល់លាមក រលាកដំបៅ រាគរូស ក្អួត និងឈឺចាប់ក្នុងក្រពះ។

៣. ជំងឺផ្លូវដង្ហើម
ស្លឹកគ្រៃត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងថ្នាំ សម្រាប់ប្រសិទ្ធភាពព្យាបាលអាការៈក្អក និងផ្ដាសាយ។ ជាមួយនឹងសមាសធាតុមានប្រយោជន៍ផ្សេងទៀត ដូចជាវីតាមីន C ដែលមានក្នុងស្លឹកគ្រៃ ជួយក្នុងការផ្ដល់ជំនួយពីការស្ទះច្រមុះ ផ្ដាសាយ និងជំងឺផ្លូវដង្ហើមផ្សេងទៀតដូចជា ជំងឺហឺត (bronchial asthma)

៤. ជំងឺទឹកនោមផ្អែមប្រភេទទី២           
ស្លឹកគ្រៃត្រូវបានបង្ហាញថាមានអត្ថប្រយោជន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២។ ការសិក្សាមួយបានបង្ហាញថា សារជាតិ
citral ដែលមាននៅក្នុងវា ជួយរក្សាកម្រិតអាំងស៊ុយលីនល្អបំផុត និងបង្កើនភាពធន់នៃគ្លុយកូសនៅក្នុងខ្លួន។

៥. ជំនួយសុភាពកោសិកាសារពាង្គកាយ           
ស្លឹកគ្រៃមានគុណសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងជួយការារសារពាង្គកាយពីរ៉ាឌីកាល់សេរីដែលទទួលបានពីអុកស៊ីសែន។ វាក៏ជួយសម្អាតឈាម និងពង្រឹងការបោះបង់កោសិកាឈាមក្រហមដែលខូច។ វាជួយគាំទ្រមុខងាររបស់ក្រពេញ
Thymus ដែលជួយផលិតកោសិកាឈាមស។ Folate និងប៉ូតាស្យូមដែលផ្ទុកនៅក្នុងដើម និងស្លឹករបស់ស្លឹកគ្រៃ ជំនួយដល់ការសំយោគ ADN និងជំរុញការចែកកោសិកា។ទោះជាយ៉ាងណាក៏មិនមានការស្រាវជ្រាវគ្រប់គ្រាន់លើតែស្លឹកគ្រៃដើម្បីណែនាំឱ្យប្រើកម្រិតស្តង់ដារសម្រាប់លក្ខខណ្ឌណាមួយឡើយ។ សម្រាប់ការណែនាំក្នុងការទទួលទានសូមពិគ្រោះជាមួយវេជ្ជបណ្ឌិតខាងសុខភាពដែលមានជំនាញរបស់លោកអ្នក។ ដើម្បីកំណត់ហានិភ័យនៃផលប៉ះពាល់ សូមចាប់ផ្ដើមជាមួយតែស្លឹកគ្រៃមួយពែងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកធន់ជាមួយនឹងវា អ្នកអាចទទួលទានកាន់តែច្រើន។ទោះបីមានអត្ថប្រយោជន៍ច្រើន មនុស្សមួយចំនួនអាលែកហ្ស៊ីជាមួយស្លឹកគ្រៃ។ រកជំនួយបន្ទាន់ប្រសិនបើអ្នកមានរោគសញ្ញាប្រតិកម្មអាលែកហ្ស៊ីដូចជា កន្ទួល រមាស់ ពិបាកដកដង្ហើម និងចង្វាក់បេះដូងលោតលឿន។ លោកអ្នកមិនគួរគប្បី ផឹកតែស្លឹកគ្រៃនោះទេប្រសិនបើអ្នក មានផ្ទៃពោះ លេបថ្នាំព្យាបាលតាមវេជ្ជបញ្ជា មានចង្វាក់បេះដូងទាប និងមានកម្រិតប៉ូតាស្យូមទាប។

ប្រភព៖
Medically reviewed by
Debra Rose Wilson, Ph.D., MSN, R.N., IBCLC, AHN-BC, CHT on October 24, 2018 — Written by Rachel Nall, MSN, CRNA
Antimicrobial activity of essential oils against Helicobacter pylori. 2003 Jun;8(3):207-15.
Indian J Pharmacol. 2011 May-Jun; 43(3): 300–305.