វិធីសាស្រ្តចំអិនបន្លែត្រឹមត្រូវ

ព្រឹកនេះដំណើរចេញទៅផ្សារដើម្បីស្វែងរកទិញបន្លែមួយចំនួនដើម្បីយកមកធ្វើម្ហូប ដោយសារតែបន្លែមានរស់ជាតិឆ្ងាញ់​ហើយ បន្លែផ្ទុកនូវសារធាតុរ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួនដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន​ដល់សុខភាព។  ជាធម្មតាយើងប្រហែលជាយកបន្លែទាំងនោះមកឆា​ ស្ងោ និងសម្លផ្សេងៗតាមចំណង់ចំណូលចិត្ត ដោយមិនបានគិតដល់ថាតើ ការចំអិនរបស់យើង បានរក្សាទុកវីតាមីន និងសារធាតុរ៉ែដែលនៅក្នុងបន្លែនោះឬទេ។ វីធីសាស្រ្តចំអិនមួយចំនួនបានធ្វើអោយសារធាតុវីតាមីន និងរ៉ែបាត់បង់ ហើយវីធីសាស្រ្តចំអិនមួយចំនួនបានជួយរក្សាទុកសារធាតុចិញ្ចឹមទាំងនោះ។ តើអ្នកបានដឹងហើយឬនៅថា ការចំអិនរបស់អ្នកអាចរក្សាទុកសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍ ឬធ្វើអោយសារធាតុចិញ្ចឹមទាំងនោះបាត់បង់។ ថ្ងៃនេះ គេហទំព័រស្ពាន បាននាំយកនូវវីធីសាស្រ្ត​ចំអិនបន្លែដែលអាចរក្សារទុកសារធាតុ​ចិញ្ចឹមបានយ៉ាងល្អ ចំពោះសុខភាព។ ដើម្បីអោយការចំអិនបន្លែ អាចថែរក្សារទុកវីតាមីន រ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម យើងត្រូវគិតទៅលើ៖

១. កំណត់បរិមាណទឹក

នៅពេលដែលបន្លែត្រូវបានចំអិននៅក្នុងទឹក សារធាតុរ៉ែ វីតាមីន មួយចំនួនបានរលាយទៅក្នុងទឹក។ អ្នកដឹងទេថា ពណ៌បៃតងរបស់បន្លែ បានបាត់បង់ទៅក្នុងទឹក នៅពេលដែលអ្នកស្ងោ​ ឬស្រុះបន្លែរបស់អ្នក? នេះគឺជាសញ្ញានៃការបាត់បង់វីតាមីន ស៊ី និង ប៊ី ទៅក្នុងទឹក។ បន្លែគួរតែត្រូវចំអិនដោយប្រើប្រាស់បរិមាណទឹកតិចបំផុត ហើយប្រើពេលតិចបំផុតតាមដែលអាចធ្វើទៅបាន លុះត្រាតែអ្នកចង់បរិភោគទឹកដែលបានមកពីការស្រុះ ឬស្ងោរបន្លែនោះ។​ ចំហុយ ឬ កំដៅដោយប្រើ Microwave គឺជាវិធីសាស្រ្តល្អបំផុតដើម្បីរក្សារវីតាមីន សារធាតុរ៉ែនៅក្នុងបន្លែ ។ ដូចនេះ​ យើងគួរតែចំហុយ ឬ Microwave ប្រូខូលី ទំពាំងបារាំង និងសណ្តែកបៃតង ជាជាងការស្ងោរ ដែលធ្វើអោយបាត់បង់សារធាតុមានប្រយោជន៍ចំពោះសុខភាពយើង។ដូចគ្នានេះដែរ ប្រសិនបើអ្នកចង់អោយបន្លែរបស់អ្នកត្រជាក់ កុំដាក់បន្លែចូលក្នុងទឹកត្រជាក់ ឬដាក់ទឹកកក ព្រោះវាអាចធ្វើអោយបន្លែបាត់បង់សារធាតុចិញ្ចឹម ។​ អ្នកគួរតែចំអិនបន្លែក្នុងរយៈពេលតិចជាង ១​ នាទី ហើយទុកក្នុងចានធម្មតា​ នោះបន្លែនឹងត្រជាក់ឆាប់នៅក្នុងបន្ទ​ប់ធម្មតា។

២. ប្រើប្រេងបន្តិច

ការញ៉ាំបន្លែចំហុយសុទ្ធ ហាក់ទំនងជាវិធីដ៏ប្រសើរក្នុង​ការ​ទទួលបានសារធាតុ​ចិញ្ចឹម។ ប៉ុន្តែតាម​ពិតទៅ វាគឺ​ប្រសើរជាង​នៅ​ពេលយើង​ញ៉ាំបន្លែចំហុយដោយ​ប្រើ​ប្រេងបន្តិច។​ សារធាតុចិញ្ចឹមភាគ​ច្រើន ដូចជា beta carotene, វិតាមីន D និង K គឺ​រលាយដោយ​សារ​ជាតិ​ប្រេង។ ដូច្នេះ​ហើយ ពួក​វាអាច​ឆ្លង​កាត់​ពីពោះវៀន ទៅកាន់​ប្រព័ន្ធសរសៃឈាមបាន​លុះណា​តែ​មាន​ជាតិ​ប្រេងជាអ្នក​រុញ​ច្រានពួកវា។

៣. បន្ថែមក្រូចឆ្មារ

ប្រភេទបន្លែដូចជា ប្រូខូលី និងខាត់ណា​ សំបូរទៅដោយជាតិដែក តែវាស្ថិតក្នុងទំរង់ដែលសារពាង្គកាយពិបាកនឹងស្រូបយក ដូចនេះ​ជាតិដែកភាគច្រើន មិនត្រូវបានប្រើប្រាស់ដោយសារពាង្គកាយទេ គឺត្រូវបានបញ្ចេញចោលទៅវិញ។ វីតាមីន C ដែលមាននៅក្នុងក្រូចឆ្មារជួយបំលែងជាតិដែកនៅក្នុងបន្លែទាំងនេះ អោយទៅជាទំរង់ដែលងាយស្រួលរំលាយ ឬស្រូបយកដោយសារពាង្គកាយ។ ដូចនេះគួរតែច្របាច់ក្រូចឆ្មារ ទឹកក្រូច ឬទឹកទំពាំងបាយជូរបន្ថែមម្ហូបឆារ។ វិធីសាស្រ្តទាំង ៣ ខាងលើត្រូវបានគេប្រើប្រាស់ក្នុងការចំអិនម្ហូបអាហារដើម្បីរក្សារអោយបានជាអតិបរិមានូវសារធាតុរ៉ែ សារធាតុចិ​ញ្ចឹម និងវីតាមីននានា ដែលមាននៅក្នុងបន្លែ ក៏ដូចជាបន្ថែមរស់ជាតិអោយមុខម្ហូបផងដែរ។ សណ្តែកបៃតងគួរតែចំហុយ ជាជាងការស្ងោរ បន្ទាប់មកបន្ថែមប្រេងអូលីវ បន្តិច​ហើយចំអិនជាមួយម្ទេសប្លោកពណ៌លឿង ឬខៀវ​ ក្រហម​ រហូតដល់ទន់បន្តិច ហើយដាក់គ្រឿងតាមចំណង់ចំណូលចិត្ត។