កាហ្វេ ពិតជាផ្តល់ផលល្អដល់សុខភាពមែនឬ ? ប្រហែលជាមែន ! នេះបើតាមចម្លើយរបស់ក្រុមអ្នកស្រាវជ្រាវ មួយភាគធំ ដែលគ្រាន់តែមួយឆ្នាំ ២០១២ បានចេញផ្សាយរបាយការណ៍នៃការសិក្សាចំនួន១៥០។ ផលប្រយោជន៍ល្អចំពោះសុខភាព ត្រូវបានគេកត់សម្គាល់ឃើញមានច្រើនចំពោះអ្នកចេះទទួលទានកាហ្វេ ក្នុងបរិមាណសមរម្យ។
ផលល្អរបស់កាហ្វេ ចំពោះសុខភាពមានជាអាទិ៍ ៖ ឥទ្ធិពលជាវិជ្ជមានប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង ជំងឺមហារីកប្រព័ន្ធរំលាយអាហារ ទឹកនោមផ្អែមប្រភេទទីពីរ ជំងឺវង្វេងវង្វាន់ ភ្នែកស្ងួត ឬជំងឺញ័រ។ កាហ្វេអាចថែមទាំងជួយកាត់បន្ថយគ្រោះមរណៈ បាន១០% របស់មនុស្សពេញវ័យអាយុចាប់ពី ៥០ទៅ ៧១ឆ្នាំ ដែលបរិភោគកាហ្វេបីពែងក្នុងមួយថ្ងៃ (បើប្រៀបទៅនឹងអ្នកមិនបរិភោគកាហ្វេសោះ)។ នេះបើយោងតាមការសិក្សារបស់វិទ្យាស្ថានជាតិអាមេរិកប្រឆាំងនឹងជំងឺមហារីក លើមនុស្ស ៤០០០០០នាក់។
ប៉ុន្តែកាហ្វេ ភេសជ្ជៈដែលមនុស្សទូទៅទទួលច្រើនជាងគេបន្ទាប់ពីទឹក មានឈ្មោះមិនល្អប៉ុន្មានទេ។ គ្រប់គ្នាតែងយល់ថាការបរិភោគកាហ្វេខ្មៅច្រើន នឹងផ្តល់ផលអាក្រក់ ដូចពាក្យស្លោក ធ្វើអ្វីក៏ដោយឱ្យតែជ្រុល គឺមិនល្អទេ ! រូបភាពអាក្រក់របស់កាហ្វេ គឺនាំឱ្យខូចបេះដូង រលាកក្រពះ រំខានដំណេក មហារីកផ្លោកនោម ឬមានឥទ្ធិពលអាក្រក់លើកូនក្នុងផ្ទៃ ។ល។ និង។ល។ ប៉ុន្តែជាងម្ភៃឆ្នាំមកហើយ ដែលការភ័យព្រួយ ទាំងអំបាលម៉ាននេះ ត្រូវរលប់ចេញ ជាបណ្តើរៗ បន្ទាប់ពីមានការសិក្សាកាន់តែច្រើនឡើងៗ បង្ហាញ តែផលល្អរបស់កាហ្វេ ប្រសិនបើបរិភោគ ជាតិកាហ្វេអ៊ីន ប្រមាណពី២០០ទៅ៣០០មីលី្លក្រាម ក្នុងមួយថ្ងៃ។
« មានរសជាតិនិងក្លិនឈ្ងុយឆ្ងាញ់ ប៉ុន្តែមានឈ្មោះអាក្រក់”។ នៅតាមតៀមកាហ្វេ គ្រប់គ្នាសុទ្ធតែយល់ថាកាហ្វេមិនល្អចំពោះបេះដូង ក្រពះ និងដំណេក តែតាមពិតកាហ្វេមិនផ្តល់ផលអាក្រក់អ្វីដល់សុខភាពទេ។ ការសិក្សាដ៏ធំមួយរបស់អាមេរិកដែលប្រៀបធៀបអត្រាមរណៈ បង្ហាញថា អ្នកផឹកកាហ្វេរងគ្រោះកើតជំងឺសរសែឈាមបេះដូង ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងជំងឺបង្ករោគ តិចជាងអ្នកមិនផឹកកាហ្វេ។ ថ្វីត្បិតតែអ្នកស្រាវជ្រាវមិនទាន់ស្គាល់យន្តការច្បាស់លាស់ក៏ដោយ ក៏គេបានដឹងថា សារធាតុកាហ្វេអ៊ីន មានប្រតិកម្មលើប្រព័ន្ធខួរក្បាល Recepteur ដែលទទួលដឹងព័ត៌មានអ្វីមួយ ដោយបាននាំសារធាតុអង់ទីអុកស៊ីដង់ ដែលជាភស្តុតាងបញ្ជាក់គុណប្រយោជន៍នៃកាហ្វេចំពោះខួរក្បាល។ កាហ្វេផ្តល់គុណប្រយោជន៍ ល្គិកណាអ្នកបរិភោគក្នុងបរិមាណ កាហ្វេខ្មៅ អត់ដាក់ស្ករ អត់ដាក់ដាក់ទឹកកក ៤ទៅ ៥ពែង ក្នុងមួយថ្ងៃ និងដោយមិនជក់បារី។ »
ការសិក្សាស្រាវជ្រាវថ្មីៗរបស់សហរដ្ឋអាមេរិក ទើបចេញផ្សាយនៅសប្តាហ៍មុន បានរកឃើញបន្ថែមទៀតថា ទោះក្នុងកំរិតច្រើនបន្តិចក្តីក៏កាហ្វេអាចជួយសុខភាពបានច្រើន។ ការស្រាវជ្រាវកំពុងបន្តសិក្សាលើឥទ្ធិពលរបស់កាហ្វេចំពោះ ជំងឺប្រព័ន្ធប្រសាទ មានជាអាទិ៍ជំងឺវង្វេងវង្វាន់ Alzeimer និងជំងឺ Parkinson ញ័រដៃញ័រជើង។
តើកាហ្វេជាអ្វី ?
បន្ទាប់ពីទឹក គេអាចនិយាយបាន គឺកាហ្វេនេះឯងដែលមនុស្សទូទៅបរិភោគច្រើនជាងគេ នៅលើពិភពលោក។ មានប្រទេសជាង៧០ធ្វើកសិកម្មដាំដើមកាហ្វេ តែប្រេស៊ីលនិងកូឡុំប៊ី មានឈ្មោះល្បីជាងខាងផលិតផលកាហ្វេនេះ។ ដំណាំកាហ្វេល្អ ត្រូវការលូតលាស់ជាមួយអាកាសធាតុជាពិសេស កម្តៅត្រឹមរវាងពី ២០ទៅ២៥ដឺក្រេ ពន្លឺព្រះអាទិត្យ មិនចែងចាំចំខ្លាំង។ ជាកូនដើមឈើតូចៗម្យ៉ាង មានផ្កានិងផ្លែនៅនឹងមែក ដែលក្រោយមកក្លាយជាគ្រាប់កាហ្វេ។
កាហ្វេមានពីរប្រភេទ ៖
- កាហ្វេ អារ៉ាប៊ីកា តំណាង៧៥%នៃផលិតផលកាហ្វេនៅលើពិភពលោក។ មានរសជាតិឈ្ងុយឈ្ងប់ និងស្រទន់ តែពិបាកដាំនិងថែរក្សា ព្រោះត្រូវការដុះលើដីក្នុងកំរិតរយៈកម្ពស់ពី ៦០០ ទៅ២០០០ម៉ែត្រ។ មានកំហាប់ជាតិកាហ្វេអ៊ីនទាប (០,៨ ទៅ ១,៣%)។ ច្រើនដាំដុះតែនៅអាមេរិកកណ្តាល អាមេរិកកណ្តាលនិងអាហ្វ្រិកខាងកើត។
- កាហ្វេ រ៉ូប៊ូស្តា តំណាងឱ្យ២៥%នៃផលិតផលពិភពលោក។ ជាដើមឈើធន់នឹងជំងឹ អាចដុះលូតលាស់លើខ្ពង់រាបទាបៗ ជាងដើមកាហ្វេអារ៉ាប៊ីកា និងផ្តល់ផលច្រើន។ ប៉ុន្តែរសជាតិកាហ្វេរ៉ូបូស្តា មានរសជាតិខ្លាំង ល្វីង សុទ្ធជ្រុល មិនសូវមានក្លិនឈ្ងុយដូចអារ៉ាប៊ីកា ឯកំហាប់ជាតិកាហ្វេអ៊ីនក៏ខ្ពស់ (២ ទៅ ២,៥%)។ គេមានការដាំដុំកាហ្វេប្រភេទនេះច្រើននៅអាហ្វ្រិក និងអាស៊ីអាគ្នេយ៍។
គ្រាប់កាហ្វេបេះហើយ ត្រូវយកទៅលីង ដើម្បីបានក្លិន។ បើលីងកាន់តែយូរកាន់តែខ្លាំង កាន់តែល្វីង តែបាត់បង់លក្ខណៈដើម។ ការលីងកាហ្វេ ត្រូវប្រែប្រួល តម្រូវទៅតាមប្រភេទកាហ្វេ ទើបអាចកំណត់ទាញរសជាតិដ៏ប្រពៃនៃកាហ្វេបាន។
តើនៅក្នុងកាហ្វេមានសារធាតុអ្វីខ្លះ ?
គ្រាប់កាហ្វេ មានផ្ទុក ជាពិសេសគឺ សារធាតុ ប្រមាណជាង១០មុខ ដែលអាចផ្សំឡើងពេលខ្លះ ក្នុងពេលលីង ប៉ុន្តែសារធាតុដែលសំខាន់ជាងគេមានបី ៖ កាហ្វេអ៊ីន អាល់កុលDiterpènes និងល្បាយPhenolique ដែលល្បីថាមានសកម្មភាពអង់ទីអុកស៊ីដង់។ ពិសារកាហ្វេខ្មៅ ពីរ ឬបីពែង ក្នុងមួយថ្ងៃ គឺឆ្លើយតបបានទាំងស្រុងទៅនឹងតម្រូវការធម្មជាតិផ្នែកអង់ទីអុកស៊ីដង់ដែលចាំបាច់សំរាប់សរីរាង្គកាយមនុស្សម្នាក់ហើយ។ ហេតុដូច្នេះហើយបានជាការសិក្សារបស់អ្នកស្រាវជ្រាវជនជាតិណ័រវេសបង្ហាញថា កាហ្វេជារបបអាហារដែលទៅបំពេញបានយ៉ាងគ្រប់គ្រាន់តម្រូវការអង់ទីអុកស៊ីដង់របស់មនុស្ស។
គុណប្រយោជន៍នៃកាហ្វេ
ការសិក្សាកាន់តែច្រើនឡើងៗ និងនាពេលថ្មីៗនេះ បានបោះផ្សាយ ការបរិភោគកាហ្វេ ក្នុងបរិមាណច្រើន អាចកាត់បន្ថយគ្រោះកើតជំងឺទឹកនោមផ្អែមប្រភេទទីពីរ និងជំងឺញ័រដៃញ័រជើង ដែលបណ្តាលមកប្រព័ន្ធប្រសាទចុះខ្សោយ។ បរិភោគក្នុងបរិមាណច្រើន គឺ ប្រមាណពី ៤ទៅ ៦ពែង ក្នុងមួយថ្ងៃ អាចកាត់បន្ថយគ្រោះជួបជំងឺទឹកនោមផ្អែម បាន២៨% បើប្រៀបទៅនឹងអ្នកដែលទទួលទានតិចជាងពីរពែងក្នុងមួយថ្ងៃ។
ការទទួលទានកាហ្វេ អាចជាជំនួយ នៅពេលយូរទៅៗ ក្នុងការកាត់បន្ថយគ្រោះកើតជំងឺមហារីកស្បូន។ បួនពែងក្នុងមួយថ្ងៃកាត់បន្ថយគ្រោះថ្នាក់បាន២៥% ពីរទៅបីពែងក្នុងមួយថ្ងៃកាត់បន្ថយបាន៧%។
ជាចុងក្រោយសម្រាប់បុរស ពិសារកាហ្វេជាប្រចាំ អាចកាត់បន្ថយគ្រោះថ្នាក់ស្លាប់បណ្តាលមកពី ជំងឺមហារីកពងស្វាស បាន២០% គិតក្នុងបរិមាណ៦ពែងក្នុងមួយថ្ងៃ។ និងកាត់បន្ថយគ្រោះមរណៈបណ្តាលមកពី ជំងឺសរសៃឈាមបេះដូង ជំងឺបេះដូង និងជំងឺផ្លូវដង្ហើម និងជំងឺបង្ករោគ ឱ្យទាបជាងអ្នកមិនបរិភោគកាហ្វេសោះ។
សូមបញ្ជាក់ថា ការទទួលកាហ្វេនេះ រាប់ទាំងកាហ្វេ ដែលគេដកសារធាតុកាហ្វេអ៊ីនចេញ បរិភោគដោយគ្មានជាតិស្ករ និងបារីកំដរ។
ចុះគ្រោះថ្នាក់និងផលប៉ះពាល់របស់កាហ្វេវិញ ?
កាហ្វេមានឥទ្ធិពលដោយផ្ទាល់ទៅលើគុណភាពដំណេក ព្រោះសារធាតុកាហ្វេអ៊ីន ផ្តល់កម្លាំងសរសែវិញ្ញាណឱ្យកំរើក ឱ្យមានសកម្មភាព និងដូចជាទៅដាស់សរសៃប្រសាទបញ្ចេញអ័រមូនដំណេក និងទប់ស្កាត់មិនឱ្យខួរក្បាលសំរាក។ ហេតុដូច្នេះហើយបានជាកាហ្វេអាចជួយមិនឱ្យងងុយដេក និងទៅជួយដាស់សតិឱ្យកាន់តែមានភាពប្រុងប្រយ័ត្ន និងកាន់តែមានរ៉េផ្លិច។ ឥទ្ធិពលនេះអាចមានអំណាចដល់ទៅ៦ម៉ោង។ ដូច្នេះបើពិសារពេលល្ងាចអាចរំខានដល់ដំណេក ប៉ុន្តែសម្រាប់បុគ្គលខ្លះ ដោយសារការទទួលទានញយៗក្លាយជាទម្លាប់ទៅ លែងមានឥទ្ធពលប៉ះពាល់លើការគេងទៅវិញ បន្តិចម្តងៗ ឬបាត់ទាំងស្រុងផងក៏មាន៕