គុណប្រយោជន៍របស់ខ្ញីសម្រាប់សុខភាព

ខ្ញី​​ជា​គ្រឿង​ផ្សំដ៏​ចំណាន​ដែល​មាន​ប្រើ​ក្នុង​មុខ​ម្ហូប​របស់​ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោក។ នៅ​អឺរ៉ុបគេ​ចាត់​ទុក​ខ្ញី​ជា​អាហារ​ដែល​មាន​ឥទ្ធិពល​លើក​តម្កើង​សម្រើប​តណ្ហាផ្លូ​វ​ភេទ! ប៉ុន្តែ​នេះ​មិន​មែន​ផល​ប្រយោជន៍​តែមួយ​របស់​ខ្ញី​ឡើយ។ ខ្ញី​ត្រូវ​បាន​ចាត់​ទុក​ជា​ឱសថ​ម៉ឺន​ឆ្នាំប្រើ​ប្រាស់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចម្លង​រោគ ភាពនឿយ​ហត់ ការ​ឈឺចុក​​ចាប់​សាច់​ដុំ និង​ពិសេស​ដើម្បី​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ​ប្រឆាំង​ទប់​នឹង​អាការៈ​ក្អួត​ចង្អោរ រាករូស។

ខ្ញី​ជា​រុក្ខជាតិដាំ​ដុះ​ច្រើន​នៅ​តំបន់​ត្រូពិកមាន​ពន្លឺ​ ​និង​កម្តៅ​ព្រះ​អាទិត្យ។ គេ​បាន​រក​ឃើញ​ដាន​ជា​លាយ​លក្ខណ៍​អក្សរ​ ស្តីពី​អំពី​ការ​ទទួល​ទានខ្ញី​តាំង​ពី​ជាង​៣៥០០​ឆ្នាំ​​មុន ឯ​​គុណ​ប្រយោជន៍​របស់​ខ្ញី​ក៏​ត្រូវ​បាន​គេ​​កត់​ត្រា​ទុក​តាំង​ពី​ជាង​៥០០០​ឆ្នាំ​មុន​ឯ​ណោះ។ ខ្ញី​នេះ​មាន​ប្រើ​ប្រាស់​ច្រើន​ជា​យូរយារ​ណាស់​មក​ហើយ​នៅតំបន់​អាស៊ី​ជា​ម្ហូប​ និង​ជា​ឱសថ និងទើប​​នាំ​ទៅ​កាន់​ពិភព​អឺរ៉ុបតាម​រយៈ​ពួក​រ៉ូម៉ាំង​ និង​ក្រិក។ ​ប៉ុន្តែ​ពេល​នេះ ពិភពលោក​ទាំង​មូល​បាន​ស្គាល់​ខ្ញី​ និង​ទទួល​ស្គាល់​ថា​វាជាថ្នាំ​ដ៏​សក្តិសិទ្ធិ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ពោះវៀន​ ផ្តាសាយ ឬ​សម្រាប់ការសម្រក​ទម្ងន់។

ខ្ញី​ជា​ឱសថ​ព្យាបាល​ជំងឺ​អ្វីខ្លះ ?

ខ្ញីជា​រុក្ខជាតិ​ដែល​មាន​ប្រើប្រាស់​តាំង​ពី​យូរយារ​ណាស់​មក​ហើយនៅ​លើ​ពិភពលោក​សម្រាប់​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ។​​ វាជួយរំញោច​ប្រព័ន្ធ​ការពារ​ខ្លួន ប្រឆាំង​នឹង​ការ​រលាក ប្រឆាំងនឹង​វីរុស ជំនួយការ​ប្រយុទ្ធ​ប្រឆាំង​នឹងអាការៈ​ក្តៅ​ខ្លួន ​គ្រុន​ផ្តាសាយ អាល់ឡែកហ្ស៊ី កាន់​បន្ថយ​ការ​ឈឺ​ចុក​ចាប់ ... រំញោច​ឱ្យ​មាន​ចំណង់​ទទួល​ទានអាហារ​​ ជួយ​ពោះវៀន​ និងប្រព័ន្ធ​រំលាយ​អាហារ​ ទប់ស្កាត់​ការ​ក្អួត​ចង្អោរ រំញោច​ពង្រឹងសរីរាង្គ... ខ្ញី​ក៏ជាជំនួយ​ផ្នែក​វីតាមីសេប្រសិន​បើយើង​ទទួល​ទាន​ជា​បន្លែ​ស្រស់។ គុណប្រយោជន៍​របស់​ខ្ញី មក​លើ​សុខភាព​​មាន​ច្រើន​អនេក​។

គុណប្រយោជន៍​មួយក្នុង​ចំណោម​គុណប្រយោជន៍​​របស់​ខ្ញី​ដែល​គ្មាន​នរណា​សូវ​ស្គាល់​នោះ​គឺសមត្ថភាព​ផ្នែ​កសម្រួល​ប្រព័ន្ធ​រំលាយ​អាហារ។ បើ​តាមការ​សិក្សា​ខ្លះ មើម​ខ្ញី​ជា​ឱសថ​ជំនួយ​ពន្លឿន​ដំណើរការ​មេតាបូលីស ពោល​គឺ​ជួយ​ពន្លឿន​ដំណើររំលាយ​អាហារ។ ជាមួយ​នឹង​សមត្ថភាព​ជួយ​ដុត​សារធាតុ​ខ្លាញ់ និងជួយសម្អាត​បំពង់អាហារ​ ខ្ញី​ជា​មិត្ត​ដ៏​ប្រពៃ​របស់​ម្ហូបអាហារ​ដែល​មានសាច់​និង​ខ្លាញ់​ច្រើន។ ការ​សិក្សា​វេជ្ជសាស្ត្រ​ជា​ច្រើន​ទៀត បាន​បង្ហាញ​ថា​ខ្ញី​ជួយ​ទ្រទ្រង់​ស្រទាប់​កោសិកា​ពោះវៀន​ឱ្យ​មាន​សុខភាព​ល្អ​។

នៅ​ឆ្នាំ​១៩៩៩ អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ទទួល​ស្គាល់​ប្រយោជន៍​របស់​មើម​ខ្ញី​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគចង់​ចង្អោរ​ ក្អួត​ របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ដូច្នេះ​ខ្ញី​អាច​ជំនួស​ថ្នាំ​វីតាមីន​B6ដែល​គ្រូពេទ្យ​ច្រើន​ចេញ​វេជ្ជបញ្ជា​ដល់​ស្ត្រី​មាន​គភ៌។ សារធាតុ​សកម្ម​ក្នុង​ខ្ញីដើរ​តួនាទី​សំខាន់​ក្នុង​ការ​ទប់​កំអួត ទប់​ស្កាត់​ចលនា​ក្នុង​ក្រពះ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញី​កំពុង​​​ត្រូវ​បាន​គេ​សិក្សា​ចង់​យក​ទៅ​ប្រើ​ប្រាស់​ជា​ថ្នាំសម្រាប់​ទទួល​ទាន​​ក្រោយ​ពេល​វះកាត់​រួច​ដើម្បី​ទប់​ស្កាត់​អាការៈ​ក្អួត។ ប្រសិន​បើ​អ្នក​ជា​បុគ្គល​ពុល​ឡាន​ សូម​ទទួល​ទាន​ទឹក​តែ​ខ្ញី ឬ​ខ្ញីឱ្យ​បាន​១០​ក្រាមមុន​នឹង​ឡើង​ជិះរថយន្ត​។

ឱសថ​ធម្មជាតិ​ប្រឆាំង​នឹង​ការ​រាល​រលាកបង្ក​ដោយ​មេរោគ គឺ​ខ្ញី ! ជាពិសេស​សម្រាប់​អ្នក​ដែល​ចង់​បញ្ចុះ​ទម្ងន់​ សម្រក​ខ្លាញ់​ពោះ ដែល​បង្ក​ឡើង​ដោយ​ការ​រលាក ឬ​អាហារ​មិន​រំលាយ។ សម្រាប់​ជា​ការ​ប្រើប្រាស់​ជា​ថ្នាំ​ធម្មជាតិ​លាប ស្អំ ខ្ញី​ក៏ជាមិត្ត​ដ៏​ល្អ​សម្រាប់​​ជួយ​លោក​អ្នកក្នុង​ការ​កាត់​បន្ថយ​អាការៈ​ឈឺចុកចាប់​នៅ​ ​​សាច់​ដុំ នៅ​​​សន្លាក់​ ឬ​ការ​ឈឺចុក​ចាប់​បង្កឡើង​ការ​រលាកសន្លាក់​ឆ្អឹង គ្រេច​ឬ​បាក់​ក​ជើង​ រលាក​សរសៃកែង​ ឬ​រលាក​សរសៃ។

ខ្ញី​ជា​អាហារ​ដែល​អាច​ជួយ​បញ្ចុះ​កម្តៅ និង​មាន​សមត្ថភាពពិសេស​ប្រឆាំង​នឹង​ពពួក​បាក់តេរី និង​វីរុស។ ដោយ​ហេតុ​តែ​មាន​សមត្ថភាព​ជួយ​ពង្រឹង​ និង​ភ្ញោច​សរីរាង្គ​កាយ​របស់​មនុស្ស​លោក​នេះ​ហើយ បាន​ជា​នៅ​បណ្តាប្រទេស​នៅអឺរ៉ុប​​​មួយ​ចំនួន​ធំ​មិន​សូវ​ហ៊ាន​ទទួល​ទាន​ខ្ញី​ដោយ​ចំហ​ទេព្រោះ​ខ្ញី​មាន​ឈ្មោះ​ជា​អាហារ​ប៉ូវ​ចំណង់(ផ្លូវភេទ)។​

ការ​សិក្សា​វេជ្ជសាស្ត្រ​បាន​បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា​ ខ្ញី​ជា​ឱសថ​ដ៏​ប្រសើរ​​ដែល​មាន​នាទី​ជា​​អ្នក​ការពារ។ ខ្ញី​ជា​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ទម្រង់​មហារីក​ខ្លះ (មហារីក​ពោះវៀន​ធំ ពោះវៀន​តូច កន្សោម​ស្បូន) ប្រឆាំង​នឹង​ពពួក​ជំងឺ​សរសៃ​ឈាម​បេះដូង
 ជំងឺ​វង្វេងវង្វាន់ និង​ការពារ​កោសិការ​មនុស្ស​កុំ​ឱ្យ​ឆាប់​ចាស់​។ សមាសភាព​នៃ​សារធាតុ​សកម្ម​សំខាន់បំផុត​របស់​ខ្ញី​ gingerol​ មាន​កម្លាំង​ពិសេស​​ជា​អ្នក​ប្រឆាំង​នឹង​ការ​រលាក​ផង ជា​អង់ទីអុកស៊ីតដង់​ផង។

តើ​ត្រូវ​ទទួល​ទាន​ខ្ញី​ប៉ុណ្ណា ដើម្បី​អាច​ទទួល​គុណប្រយោជន៍​​សម្រាប់​សុខភាព ?

ខ្ញី​ជា​រុក្ខជាតិដែល​មាន​ស្លឹក​មាន​ដើម​ដុះ​លើ​ដី ប៉ុន្តែគឺ​មើម​នៅ​ក្រោម​ដី​ទេដែល​​ប្រើ​ជា​ថ្នាំ។  មើម​ខ្ញី​មាន​ផ្ទុក​សារធាតុ​សកម្ម​ពីរ​មុខ​ គឺ​ Shogaol និង​Gingerol ដែល​ដូច​បាន​ជម្រាបរួច​មក​ហើយ​ថា​ជា​ភ្នាក់ងារ​មាន​សមត្ថភាព​ផ្នែក​​ប្រឆាំង​នឹង​ការ​រលាក និង​ប្រឆាំង​ការ​ក្អួត​ ព្រមទាំង​ពន្លឿន​ការ​រំលាយ​អាហារឆ្លងកាត់​ពោះវៀន។ គេ​ក៏​សង្កេត​ឃើញ​មាន​ដែរនូវប្រេង​ធម្មជាតិ អាមីដុង វីតាមីន (B1, B2, B3, C) និង​រ៉ែ​ជា​ច្រើន​ដូច​ជា​ (រ៉ែ​ម៉ង់ហ្កាណែស ហ្វូស្វ័រ ម៉ាញេស្យូម កាល់ស្យូម សូដ្យូម​ និង​ដែក) ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ផ្តល់​ថាមពល​​ដល់​សរីរាង្គកាយមនុស្ស។

ការទទួល​ទាន​​ខ្ញីជា​ប្រចាំនឹង​ធ្វើ​ឱ្យ​យើង​មាន​សុខភាព​ល្អ​រឹង​មាំ។ ​ហើយ​បើ​ចង់​ឱ្យ​កាន់​តែ​ប្រសើរ​ទៀត សូម​​​បរិភោគ​ខ្ញី​​លាយ​​ជាមួយ​ល្មៀត និង​ឈើ​អែម។​

លោក​អ្នក​អាច​ទទួលទាន​ខ្ញី​បាន​គ្រប់​ពេល​វេលាជា​ប្រចាំ​ និងច្រើន​ដង​​ក៏​បាន​ក្នុង​មួយ​ថ្ងៃជា​បន្លែ​​ឆៅ​-ឆ្អិន ជា​អន្លក់ ឬ​​ភេសជ្ជៈ ជា​ខ្ញី​ស្រស់ជា​ខ្ញី​ក្រៀម កៀប​យក​ទឹក ឬ​ហាន់​ជា​ចំណិត​តូច​ស្តើង​ឬ​ឆ្មារៗ តាម​ការ​ចូលចិត្ត។

ដើម្បី​បាន​ទទួល​ផល​ល្អ​អំពី​ខ្ញី បរិមាណ​ដែល​ល្អ​បំផុត​ គឺ​ទទួល​ទាន​ឱ្យ​បាន ពី ២ ទៅ​៥​ក្រាម​ នៃ​ខ្ញី​សម្ងួត ពីរ​ឬ​បី​ដង​ក្នុង​មួយ​ថ្ងៃ។ លោក​អ្នក​អាច​យក​ខ្ញី​ជា​តែ​ដោយ​យក​ម៉្សៅខ្ញី​ ខ្ញី​ក្រៀម ខ្ញី​លីង ឬ​ខ្ញី​ស្រស់​ហាន់ៗ​ឱ្យ​ឆ្មារទៅ​ឆុង​ជាមួយ​ទឹក​ពុះ រួច​ចាំ​៥​នាទី​សឹម​បរិភោគជា​ទឹក​តែ​ខ្ញី​សុទ្ធ​ក៏​បាន ឬលាយ​ទឹក​ឃ្មុំ​បន្តិច​រឹត​តែ​មាន​រសជាតិ។ វិធី​ម្យ៉ាង​ទៀត គឺ​កៀប​ច្របាច់​យក​ទឹក​ខ្ញី​ពី​១០​ទៅ​២០​ដំណាក់រួចលាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗដើម្បី​បំបាត់​អាការៈ​ឈឺ​បំពង់ក ឬ​ជា​ភេសជ្ជៈ​លើក​កម្លាំង។

របៀប​បរិភោគ​មាន​ច្រើន​បែប​ច្រើនយ៉ាង​ណាស់ទៅ​តាម​ការ​ចូល​ចិត្ត និង​ទម្លាប់​ក្នុង​គ្រួសារ ឬ​ទៅ​តាម​ស្ថានការណ៍ ប៉ុន្តែ​គេ​ប៉ាន់​ស្មាន​ថា គួរ​តែ​បរិភោគ​ខ្ញី​យ៉ាង​តិច​ណាស់ក៏​ ៥០០​មីល្លីក្រាម​ និង​ច្រើន​បំផុត ១៥០០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃទើបបាន​ខ្ញី​អាច​ផ្តល់ឥទ្ធិពល​ល្អ​ចំពោះ​សុខភាព និង​រាង​កាយ​យើងបាន។

ដើម្បី​ជា​ជំនួយ​ក្នុង​ការ​គិត​ យើង​សូម​ជម្រាប​ជូន​ថាម៉្សៅ​ខ្ញីស្ងួត​១​ក្រាមស្មើ​នឹង​ខ្ញី​ស្រស់​​១០ក្រាម។ ខ្ញី​ចាស់​ហិរ​ជាង​ខ្ញី​ខ្ចី ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​និស្ស័យ​មិន​ចូល​ចិត្ត​ហិរ​ ឬ​គ្មាន​ទម្លាប់​ទទួល​ទាន​អាហារ​ហិរ សូម​ចាប់​ផ្តើមបរិភោគ​ខ្ញី​ក្នុង​បរិមាណ​តិច​សិន រួច​សឹម​ដំឡើង​បន្តិច​ម្តងៗ ឱ្យ​គ្រប់​ដល់​៥០០​មីល្លីក្រាម។ អ្វី​ដែល​ល្អ​បំផុត​របស់​ខ្ញីគឺ​បើ​ទោះ​ជា​អ្នក​ទទួល​ទាន​រាល់​ថ្ងៃ និង​ច្រើន​បន្តិច​ក្តីក៏​គ្មាន​ផលប៉ះពាល់​បន្ទាប់​​បន្សំ​អ្វី​ធ្ងន់ធ្ងរ​រំខាន​ដល់​សុខភាព​ដែរ។

ប៉ុន្តែ​ចំពោះ​ការ​ប្រើ​​ខ្ញី​ឬ​​ទឹក​ខ្ញី​ទៅ​លាប​រឹត​ឬ​ស្អំ ចំ​លើ​កន្លែង​មាន​ការ​ឈឺ​ចុ​កតាម​សន្លាក់​ ដែល​ជា​វិធី​ព្យបាល​បែប​បូរាណ វា​អាច​មាន​ផល​រំខានជា​ការ​រលាក​ស្បែក​។ ជា​ការ​​ប្រុង​ប្រយ័ត្ន​ ថ្វី​បើ​ចាស់​បុរាណ​ខ្មែរ​មាន​ទម្លាប់​​ ឱ្យស្ត្រី​ទើប​សម្រាល​កូន​រួច​ទទួល​ទាន​ខ្ញី​​ច្រើន (បាយ​ខ​ខ្ញី ឆុង​តែ​ខ្ញី) ពេល​ក្នុង​ខែដើម្បី​កម្តៅ​សរសៃ​និង​បង្ហូរ​ឈាម​អាក្រក់​ឱ្យ​ធ្លាក់​ចេញ​មក​ក្រៅ​អស់ អ្នក​ឯកទេស​វេជ្ជសាស្ត្រ​សូម​ណែនាំ​​អ្នក​ជំងឺ​ត្រៀម​ចូល​វះកាត់​មិន​ឱ្យ​បរិភោគ​ខ្ញី​ឡើយព្រោះ​ខ្ញី​មាន​សមត្ថភាព​ពង្រាវ​ឈាម៕

ប្រភព៖ km.rfi.fr