តើការបរិភោគសាច់មានសារៈសំខាន់ប៉ុណ្ណាចំពោះសុខភាព?

កាលពី​សប្តាហ៍​មុន អង្គការ​សុខភាព​ពិភពលោក​បាន​ទាញ​សញ្ញា​អាសន្ន​ អំពី​ហានិភ័យ​នៃ​ការ​បរិភោគ​សាច់​កែច្នៃ សាច់​គោ សាច់​ជ្រូក ថា​អាច​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក។ ប៉ុន្តែ​អង្គការ​មិន​បាន​ចេញ​បម្រាម អនុសាសន៍ ឬ​សេចក្តី​ហាម​ឃាត់​លែង​ឱ្យ​ទទួល​ទាន​សាច់​ទាំងអស់​នោះ​ទេ។ តើ​សាច់​ចាំ​បាច់​ប៉ុណ្ណា​សម្រាប់​មនុស្ស ? ដើម្បី​ស្រោច​ស្រង់ជីវិត​ពី​ជំងឺ​មហារីក យើង​ត្រូវ​ទទួល​ទាន​តែ​បន្លែ​ផ្លែឈើ​ឬ​យ៉ាងណា ? ឬ​ក៏​ត្រូវ​បន្ត​បរិភោគ​សាច់​ទៀត និង​ក្នុង​ទម្រង់​យ៉ាង​ដូចម្តេច ?

សាច់​ អាហារ​ដ៏​ពេញ​និយម និង​ជា​ទី​ចូល​ចិត្ត​របស់​មនុស្ស​ជាទូទៅ​ភាគ​ច្រើន​នោះ កំពុង​ជាប់​ចោទ​ប្រកាន់​កាន់​តែ​ច្រើនឡើងៗ ពី​រឿង​អាស្រូវ​មួយ​ចូល​ដល់​រឿង​អាស្រូវ​មួយ​ទៀត។ ហើយ​កាលពី​ថ្ងៃទី ២៦ តុលា ឆ្នាំ​២០១៥ អង្គការ​សុខភាព​ពិភពលោក​បាន ទាញ​សញ្ញា​អាសន្ន អំពី​ហានិភ័យ​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក ​ដោយ​ការ​បរិភោគ​សាច់​សត្វ កែច្នៃ ដូច​ជា​សាច់ក្រក សាច់ងៀត​ សាច់​គោ សាច់​ជ្រូក ច្រើន​ជា​រៀង​រាល់​ថ្ងៃ លើក​លែង​តែ​សាច់​បក្សាបក្សី​ប៉ុណ្ណោះ។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ បាន​ត្រូវ​ក្រុម​ប្រទេស​អ្នក​ផលិត​សាច់​ បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ច្រាន​ចោល។ នៅ​ទីបំផុត អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​មួយ​បន្ថែម​ទៀត នៅ​ថ្ងៃសុក្រ​ទី​២៩ តុលា បញ្ជាក់​ថា​មិន​បាន​ចេញ​បម្រាម ឱ្យ​មនុស្ស​ម្នា​ឈប់​ទទួល​ទាន​សាច់​ទេ។ ថ្វី​បើ​គេ​អាច​ភ្ជាប់​​ទំនាក់ទំនង​នៃ​សាច់​កៃច្នៃ ទៅ​នឹង​ជំងឺមហារីក​មែន ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​បាន​ទទួល​ស្គាល់​ថា គេ​​ពុំ​ទាន់​ ដឹង​ ពុំ​ទាន់​អាច​ពន្យល់​បាន​ដោយ​ច្បាស់​លាស់ តើ​សាច់​កែ​ច្នៃ សាច់ក្រក សាច់ងៀត ឬ​សាច់​គោ​សាច់ជ្រូក ស្រស់ៗ​នេះ បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក​តាម​វិធី និង​យ៉ាង​ដូច​ម្តេច​ទេ។

តាម​ការ​ពិត ផលប៉ះពាល់​ដល់​សុខភាព ដោយ​ហេតុ​តែ​បរិភោគ​សាច់​សត្វ​ច្រើនអាច​ងាយ​នឹង​កើត​ជំងឺមហារីក​ពោះវៀន​ធំ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវវិទ្យាសាស្ត្រ​ ដឹង​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ អនុសាសន៍​ណែនាំ​ក៏​មាន​ច្រើន​បែប​ច្រើន​យ៉ាង​ ក្នុង​អត្ថន័យ​ជំរុញ​ឱ្យ​អ្នក​បរិភោគ​គិតគូរ​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់។ បរិភោគ​សាច់​ច្រើន ខូច​ទាំង​សុខភាព ខូច​ទាំង​បរិស្ថាន ព្រោះ​ការ​ចិញ្ចឹមសត្វ ពិសេស​សត្វ​គោ បំពុល​បរិយាកាស​ខ្លាំងណាស់។ នៅ​ប្រទេស​បារាំង ការ​បរិភោគ​សាច់ បាន​ថយ​ចុះ​អស់ ជាង​៨% ក្នុង​រយៈពេល​មិន​ដល់​២០​ឆ្នាំ​ចុងក្រោយ​នេះ​ផង។ ប៉ុន្តែ​​ តែ​នៅ​ពេល​បាន​ឃើញ​អង្គការ​សុខភាព​ពិភពលោក​ចេញ​ជា​របាយការណ៍ជា​សាធារណៈ សន្ធឹក​នៃ​ការ​ព្រួយ​បារម្ភ​និង​ការ​គិតគូរ​មាន​ទំហំ​ខុស​ពី​មុន។ បើតាម​អង្គការ​សុខភាពពិភពលោក ការ​ទទួល​ទាន​ជា​ប្រចាំ​សាច់​កែច្នៃសាច់ក្រក សាច់​ប្រឡាក់​ផ្អាប់ សាច់ងៀត ប្រមាណ .... អាច​បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក ពោះវៀន​ធំ មហារីក​លំពែង ព្រមទាំង​ក្រពេញ​ប្រូស្តាត​ទៀត។ សូម្បី​តែ​សាច់​​ស្រស់ សាច់​គោ សាច់​ជ្រូក សាច់​ចៀម ឬនិយាយ​ដោយ​ខ្លី​ថា​សាច់​សត្វ (លើកលែង​តែ​សាច់​មាន់​ទា) ក៏អាច​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ដែរ។

ហេតុអ្វី ត្រូវ​ទទួល​ទាន​សាច់ ?

សាច់​ជា​ចំណែក​មួយ​នៃ​អាហារ​របស់​មនុស្ស ហើយ​មនុស្ស​ចាំ​បាច់​ត្រូវ​តែទទួល​ទាន​សាច់។ ថ្វី​បើ​ការ​សិក្សា​បាន​រក​ឃើញ​អំពី​ហានិភ័យ​បង្ក​ឡើង​ដោយ​ការ​បរិភោគ​សាច់​មែន ប៉ុន្តែ សាច់ ក៏​មាន​គុណសម្បត្តិ​មិន​អា​ច​ខ្វះ​បាន​ដែរ សម្រាប់​ចិញ្ចឹម​សរីរាង្គ​មនុស្ស។ នៅ​ពេល​និយាយ​អំពី​សាច់ ត្រូវ​បែងចែង​រវាង សាច់​បក្សាបក្សី (មាន់ទា) សាច់​កែច្នៃ​ (ដូច​ជា​សាច់​ក្រក សាច់ងៀត)​ និង​សាច់កាត់​ដុំ​លក់​ ដូច​ជា​សាច់​គោ សាច់​ជ្រូក សាច់​ចៀម សាច់​សេះ។
 
អ្នកស្រី​ Solveig Darrigo អ្នកឯកទេសផ្នែក​​របប​អាហារ​ ៖

ជា​បឋម​ សាច់​គឺ​ជា​ប្រភព​ផ្តល់​​ប្រូតេអ៊ីន ក្នុង​សាច់​១០០ក្រាម មាន​២០ក្រាម​ជា​ប្រូតេអ៊ីន។ ប្រូតេអ៊ីន​នេះ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ស្ថាបនា ទ្រទ្រង់ និង​ជួសជុល​ជំនួស​កោសិការ (សាច់ដុំ ស្បែក ...) ដែល​ងាប់​ និង​ត្រូវ​ការ​បង្កើត​ឡើង​វិញ​ជា​រៀងរាល់​ថ្ងៃ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ទទួល​ទាន​សាច់ ដើម្បី​បាន​ស្រូប​យក​​ជាតិ​ប្រូតេអ៊ីន​ ទៅ​ចិញ្ចឹម​រាងកាយ។ ជា​ជំនួយ​ការ​យល់ ក្នុង​ខ្លួន​​​មនុស្ស​ម្នាក់ ដែល​មាន​ទម្ងន់​៧០គីឡូក្រាម មាន​សមមាត្រ​​ប្រូតេអ៊ីនពី​១០ ទៅ ១២ គីឡូក្រាម។ តែ​បរិភោគ​សាច់​ច្រើន​ជ្រុល មិន​បាន​ជួយ​បង្កើន ឬ​ដំឡើង​​សាច់​ដុំ​ឱ្យ​កាន់​តែ​រឹង​មាំ​ទេ។​ ប្រូតេអ៊ីនដែល​​មាន​គុណភាព​ខ្ពស់​ គឺ​ប្រូតេស៊ីនសត្វ ​ ព្រោះ​មាន​ផ្ទុក​សារធាតុ​អាស៊ីត​សកម្ម​ដ៏​ចាំបាច់ ដែល​សរីរាង្គមនុស្ស​មិន​ចេះ​ផលិត​ទេ​ និង​ដែលគ្មាន​ក្នុង​​ប្រូតេអ៊ីន​ទាញ​ចេញ​ពី​រុក្ខជាតិ។
 
ចំពោះ​ខាង​វីតាមីន​វិញ សាច់​មាន​ផ្ទុក​ច្រើន​តែពពួក​វីតាមីន​ប្រភេទ​បេ មាន​ជាអាទិ៍​វីតាមីន​បេ១២ ដែល​ចូល​រួម​ចំណែក​ចិញ្ចឹម​គ្រាប់​ឈាម​ក្រហម។ សាច់​ក៏​ជា​ប្រភព​ផ្តល់​​សារធាតុ​រ៉ែ​ដែក យ៉ាង​ប្រពៃ ដែល​ងាយ​បញ្ជ្រាប​ចូល យក​ទៅចិញ្ចឹម​​សរីរាង្គ​ ហើយ​សរីរាង្គ​មនុស្ស​ក៏​ងាយ​ស្រូប​យក​ជាតិ​ដែក​ពី​សាច់ ប៉ុន្តែ​ដើម្បី​ងាយ​ទាញ​យក​ជាតិ​រ៉ែ​ ត្រូវ​ទទួល​ទាន​​​ពពួក​សាច់​ សាច់​គោ សាច់​ចៀម និង​គ្រឿង​ក្នុង។​”
 
ប្រភេទ​​សាច់ និង​ការ​ចម្អិន 
 
បើ​គិត​ពី​ប្រូតេអ៊ីន ​សាច់គ្រប់​ប្រភេទ​សុទ្ធ​តែ​មាន​កំរិត​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ទាំង​អស់។ ទទួល​ទាន​សាច់​១០០​ក្រាម នោះ​យើង​នឹង​ទាញ​បាន​ជា​មធ្យមជាតិប្រូតេអ៊ីន​២០​ក្រាម​សម្រាប់​ឧបត្ថម្ភ​សរីរាង្គកាយ។ ចំណែក​បរិមាណ​លីពីត​វិញ អត្រា​ជាតិ​ខ្លាញ់ ប្រែប្រួល​ទៅ​តាម​ដុំ​សាច់ ! គេ​មិន​អាច​និយាយ​បាន​ទេ ថា​សាច់​ជ្រូក ខ្លាញ់​ជាង​សាច់​គោ ឬ​សាច់គោ ខ្លាញ់​ច្រើន​ជាង​សាច់​ជ្រូក ឬ​ដាច់​មាន់​បាន​ឡើយ។ ឧទាហរណ៍​ជាក់ស្តែង ក្នុង​សាច់គោ​តែ​មួយ ដែល​ល្បី​ខាង​មាន​ប្រូតេអ៊ីន​ឬ​ខ្លាញ់​ច្រើន ​ដល់​ទៅ​ប្រមាណ​​ ​២០% តែដុំ​ខ្លះ​មាន​ត្រឹម​ ៥% ដុំ​ខ្លះ​ជាង​១០% ពីរភាគបី​នៃ​សាច់គោ​មាន​ផ្ទុក​ខ្លាញ់​៨%។ សាច់​គ្រប់ប្រភេទ មិនថា​ជា​សាច់​មាន់ សាច់​ទា សាច់​ត្រី សាច់​គោ ជ្រូក ជៀម សេះ ... ទេ​​ សុទ្ធ​តែ​មាន​ផ្ទុក​យ៉ាង​ច្រើន​សារជាតិ​ខ្លាញ់ ប៉ុន្តែ​បរិមាណ​លីពីត​ឬ​ខ្លាញ់​នេះ ប្រែប្រួល​ទៅ​តាម​ផ្នែក ដុំ​ និង​ទីតាំង​របស់​សាច់ មិន​មែន​ទៅ​តាម​ពណ៌ - សាច់​ទ្រូង​មាន់​អត់សូវ​មាន​​ខ្លាញ់បើ​គេ​បក​ស្បែក​ចេញ និង​ជា​សរុប​សាច់​ទាំង​អស់​នេះ​មាន​អត្រា​ជាតិ​ខ្លាញ់​តិច​ជាង​សាច់​ក្រក​ជា​ប្រាកដ ! ហើយ​ការ​ចម្អិន​​មានតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ប្រូតេអ៊ីន​សាច់។

អ្នកស្រី ​ Solveig Darrigo

របៀប​ចំអិនសាច់​ រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើន​ ឬ​អត់ អត្រាជាតិ​ខ្លាញ់​របស់​សាច់។ ខុស​ពី​គំនិត​​ធ្លាប់​គិត ការ​អាំង​សាច់ ដែល​មនុស្ស​គ្រប់​រូប​មើល​ឃើញ​ខ្លាញ់​ស្រក​លើ​ភ្លើងឈីវៗ ឬ​អាំង​លើ​ខ្ទះ​ ចេញ​កក​ពេញ​បាត​ខ្ទះ ជា​របៀប​ចំអិន​សាច់ដែល​បង្កើន​និងរក្សា​ជាតិ​ខ្លាញ់​របស់​សាច់​ខ្ពស់​ជាង​ ការ​ចំអិន​បែប​រំងាស់ ដល់​ទៅ​បី​ដង បើ​ទោះ​ជា​សាច់​នោះ​ជា​ដុំ​​ផុយ​ចន្លោះ​ឆ្អឹង​ជំនី មិន​សូវ​មាន​ខ្លាញ់ក៏​ដោយ។ សាច់កម្ទេច​ ដែល​មិនសូវ​ល្អ​មើល​ មិន​សូវ​ល្អ​ញ៉ាំ​ ស្វិតៗ វៀវៗ​​ជាប់​ខ្លាញ់​ច្រើន​ជាង​មែន ប៉ុន្តែ​នៅ​ពេល​ចំអិន​ ដោយ​ខ ឬ​ដោយ​ស្ងោរ​រំងាស់​យូរ​ កំរិត​ជាតិ​ខ្លាញ់​របស់​ សាច់​កម្ទេច​ ស្វិត​រឹង នោះ​មាន​ទាប​ជាង​សាច់​អាំង​ទេ។
 
ដូច្នេះសូម​កុំ​បំបាត់ ឬ​ឈប់​ទទួល​ទាន​សាច់​សត្វ និង​កុំ​រើស​អើង ដុំ​សាច់​យក​តែ​សាច់​ល្អៗ ផុយ ចូល​ចិត្ត​ដុំ​ណា ទទួល​ទាន​តែ​ដុំ​នោះ​អី ! សូម​បរិភោគ​ឱ្យ​បាន​គ្រប់​មុខ គ្រប់​ផ្នែក ម្តង​នេះ​ត្រង់​នេះ ម្តង​ត្រង់​នោះ ឆ្លាស់​គ្នា​ជាមួយ​សាច់​ផ្សេង​ទៀតៗ ថ្ងៃ​នេះ​​សាច់​គោ ថ្ងៃ​ស្អែក​សាច់​ជ្រូក សាច់​មាន់ ត្រី និង​ប្តូរ​វិធី​ចំអិន ម្តង​អាំង​ ម្តងស្ងោ ម្តង​ចៀន ម្តង​ឆា តែ​​ត្រូវ​កំរិត​ការ​ថែម​ខ្លាញ់ ឬ​ប្រេង​ពេល​ស្ល។”

តើ​​ត្រូវ​​បរិភោគ​សាច់ ក្នុង​បរិមាណ​ណា
 
ជា​ទូទៅ មនុស្ស​ប្រុស ចូល​ចិត្ត និង​ត្រូវការ​សាច់​ ជាង​មនុស្ស​ស្រី។ ​ស្ត្រី​​ និង​មនុស្ស​ចាស់ ជា​ជំពូក​មនុស្ស​ពី​ក្រុម​ដែល​ប្រឈម​នឹង​គ្រោះ​ខ្វះ​ជាតិ​សាច់គួរ​ឱ្យ​ព្រួយបារម្ភ និង​ដែលមិន​សូវ​ចូល​ចិត្ត​បរិភោគ​សាច់។ សម្រាប់​មនុស្ស​ចាស់ ​គេ​អាច​សម្គាល់​បានថា​មាន​កង្វះ​ជាតិ​ប្រូតេអ៊ីន ជាតិ​សាច់ ​ដោយ​ឃើញ​​សាច់​ដុំស្វិត​យារ ស្បែក​ជ្រីវជ្រួញ ព្រម​ទាំង​ងាយ​ជួប​គ្រោះ​បាក់​ឆ្អឹង​ចំពោះ​ស្រ្តី ក្រោយ​អស់​រដូវ។​ ស្ត្រីក្រោយ​អស់​រដូវ​ប្រមាណ​ ៥៨% ខ្វះ​ជាតិ​ដែក និង​ភាគ​ច្រើន​ជា​អ្នក​ចូល​ចិត្ត​តម​អាហារ ឬ​កំរិត​ការ​បរិភោគ​សាច់។

យើង​មិន​គួរ​បរិភោគ​សាច់ គ្រប់ពេល ៧​ថ្ងៃ​លើ​៧​មែន ព្រឹក​សាច់​ជ្រូកចៀន​​មួយ​ចំណិត​ធំ ថែម​ពង​មាន់​មួយ ពេល​ថ្ងៃ​ត្រី​អាំង​មួយ​កំណាត់ ហើយ​ល្ងាច​សាច់​គោ​ឆា​មួយ​ចាន​ទៀត​មែន ប៉ុន្តែ​ត្រឹម​ពី​១២០​ទៅ ១៥០​ក្រាម​ សាច់ ឬ​ត្រី​ ឬ​ពង​មាន់​ពីរ​ សាច់​ហ្សំបុង​ពី​ចំណិត ក្នុង​មួយ​ថ្ងៃ (អនុសាសន៍​របស់ក្រុម​អ្នកស្រាវជ្រាវ​បារាំង) គឺ​ឆ្លើយ​តប​បាន​ទៅ​នឹង​សេចក្តីត្រូវការ​ផ្នែក​ប្រូតេអ៊ីន​របស់​សរីរាង្គកាយ​មនុស្ស​ហើយ។ ហើយ​ត្រូវ​ឆ្លាស់ និង​ប្តូរ​ប្រភេទ​សាច់ ផ្តល់​អាទិភាព​ដល់​ការ​​ទទួល​ទាន​ត្រីឱ្យ​បានច្រើនជាង​សាច់​ តែ​សូម​កុំ​យល់​ច្រឡំ ​សាច់​មាន់​មាន​ប្រូតេអ៊ីន​តិច​ជាង​សាច់​គោ​ ប្រសិន​​បើ​អ្នក​មិន​បរិភោគ​ទាំង​ស្បែក។ ជា​ការ​ប្រសើរ​ គួរ​តែ​ជ្រើសរើស​បរិភោគ​សាច់​នៅ​ក្នុង​អាហារ​ពេល​ថ្ងៃ​ត្រង់ ព្រោះ​ប្រូតេអ៊ីន​បញ្ច្រាប​លឿន​នៅ​ពេលថ្ងៃ៕

ប្រភព៖ km.rfi.fr