គុណប្រយោជន៍នៃផ្លែចេកចំពោះសុខភាព

ចេកណាំវ៉ា ពង​មាន់ អំបូង ចេក​ស្នាប់​មុខ​ ផ្លែ​ចេក​មាន​ច្រើន​ប្រភេទ ច្រើន​សណ្ឋាន។ យើង​អាច​បរិភោគ​ជា​ផ្លែ​ឈើ ជា​បង្អែម ជា​ចម្អាប ជា​បន្លែ​ ជា​អន្លក់ ​ ទាំង​ឆៅ ឬ​ដោយ​ការ​ចម្អិនតាម​ការ​ចូល​ចិត្ត។ ជា​សរុប​ ចេក​​​ជា​​ផ្លែ​ឈើ​ដ៏​​មាន​ប្រជាប្រិយភាព​របស់​បណ្តា​ជន​ខ្មែរ​​ទូទៅ។ ចេក​ជាផ្លែឈើ​គ្មាន​រដូវ​​របស់​ខ្មែរ ​​ សម្បូរ​បែបពេក​រហូត​ដល់​អ្នក​ខ្លះ​គិត​ថា​ជា​ផ្លែឈើ​របស់​រាស្ត្រ​សាមញ្ញ​ លែង​ចង់​ទទួល​ទាន។ តែ​ប្រសិន​បើ​ផ្អែក​តាម​ការសិក្សា​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ ផ្លែ​ចេក​មាន​គុណ​ប្រយោជន៍​ច្រើន​ណាស់​​ដល់​សុខភាព។

ប្រសិនបើអ្នកមាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ខ្វះឈាម ទល់​លាមក ​រលាក​ក្រពះ រលាក​ពោះវៀន ក្អួត​ចង្អោរ ជំងឺ​បេះដូង ធាត់​ ។ល។ និង​។ល។ ផ្លែ​ចេក​ ពិត​ជា​អាច​ជួយ​អ្នក​បាន​​បញ្ចៀស​ពី​ជំងឺ​នេះ​បាន។ តើ​ចេក​មាន​ផ្ទុក​​សារធាតុ​អ្វី​ខ្លះ​ទៅ ?! និង​មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ ទើប​អាច​ជួយ​សម្រួល​សុខភាព​មនុស្ស​បាន​ច្រើន​​យ៉ាង​បែប​នេះ ?! ហេតុ​អ្វី​បាន​ជា​​​ចេក​ អាច​ជួយ​ព្យាបាល​ និង​ការពារ​ជំងឺ​មួយ​ចំនួន មាន​ទាំង​ជំងឺ​ព្យាបាល​មិន​ជា​ទៀត​ផង។ យើងនឹង​លម្អិត​ជូន​លោក​អ្នក​​មួយ​ម្តងៗ។

ផ្លែ​ចេក​ទុំ​ មាន​ផ្ទុក​សារជាតិ​ស្ក​រធម្មជាតិ បី​ប្រភេទ​ ៖ Sucrose, Fructose និង​ Glucose រួមផ្សំ​នឹង​សារធាតុ​សរសៃ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ចេក​ផ្តល់​ថាមពល​បាន​ភ្លាមៗ​ ក្រោយ​ពេលបាន​​បរិភោគ​។ បើ​តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា បរិភោគ​​ចេក​ពីរ​ផ្លែ​ប៉ុណ្ណោះ នោះ​អ្នក​នឹង​មាន​ថាមពល​អាច​ធ្វើ​កីឡា​បាន​៩០​នាទី។ ដូច្នេះ​គ្មាន​អ្វី​ដែល​ចម្លែក​ទេ ដែល​ផ្លែ​ចេក ជា​អាហារ​​ផ្លែឈើ​ទី​មួយ​ និង​ចម្បង​បំផុត​សម្រាប់​ពិភពអ្នក​​កីឡា​អត្តពលករ។

ដោយ​ភាព​សម្បូរ​បែប​ផ្នែក​ថាមពល​ ផ្លែ​ចេក​ពិត​ជា​មិន​អាច​ជួយ​លោក​អ្នក​​ ក្នុង​ការ​ថែរក្សា​រាង​ ឬ​ទម្ងន់​បាន​ឡើយ ?! ក៏ប៉ុន្តែ​ ចុះ​ហេតុ​អ្វី​បានជា​អ្នក​ដើរ​បង្ហាញ​ម៉ូត​នៅ​ប្រទេស​លោក​ខាង​លិច​ មាន​ផ្លែ​ចេក​ជាប់​នឹង​ខ្លួននៅ​កន្លែង​ធ្វើ​ការ​ទៅ​វិញ ?!

ចេក​គ្មាន​ផ្ទុក​សារធាតុ​Gluten​ទេ ហើយ​មានជីវជាតិ​​តិច​តួច​ណាស់​ ប៉ុន្តែ​ដូច​បាន​ជម្រាប​អំបាញ់​មិញ​ថា ចេក​មាន​ផ្ទុក​ថាមពល​ច្រើន​ជា​ផ្លែ​ឈើ​ប៉ូវ​កម្លាំង​តែ​ក៏​ជា​ផ្លែ​ឈើ​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​គេ​ណែ​នាំ​តារា​ៗ​ និង​អ្នក​ចង់​រក្សា​រាង​​ឱ្យពិសា​ចេកជំនួស​ការ​បរិភោគ​អាហារ​នោះ។

ការ​ស្ទង់​មតិ​ថ្មី​ៗ​ បានបង្ហាញ​បន្ថែម​ទៀត​ថា អ្នក​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្តនឹង​មាន​អារម្មណ៍​ធូរស្រាល​គ្រាន់​បើ​ឡើង ប្រសិន​បើ​ពួក​គេ​បាន​បរិភោគ​ផ្លែ​ចេកជា​ប្រចាំ​។ ហេតុ​អ្វី​ផ្លែ​ចេក​ ជួយ​សម្រួល​សតិ​បែប​នេះ ព្រោះ​ចេក​មាន​ផ្ទុក ជាតិ Tryptophane​ ពោល​គឺ​ប្រភេទ​ប្រូតេអ៊ីន​ម្យ៉ាង​ ដែល​អាច​ធ្វើ​បំលែងទៅ​ជា​សេរ៉ូតូនីន នៅ​ពេល​ជ្រាប​ចូល​ខ្លួន​ប្រាណ​។ ប្រូតេអ៊ីន​ប្រភេទ​នេះ ជួយ​បន្ធូរ​អារម្មណ៍​មនុស្ស និង​ផ្តល់​ភាព​រីករាយ។ ដូច្នេះ​សូម​កុំពិសា​ថ្នាំ ពិសា​ផ្លែ​ចេក​វិញ​ទៅ ! វីតាមីន​ B6 ដែល​មាន​នៅ​ក្នុង​ចេក នឹង​ទៅ​ជួយ​តម្រែ​តម្រង់​​កម្រិត​ជាតិ​ស្ករ​ Glucose​ក្នុង​ឈាម ឱ្យ​ស្មើ​ល្អ។ ប្រការ​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ទៅ​សុខភាព​អារម្មណ៍​យើង។ ដោយសារ​ភាព​សម្បូរ​បែប​ផ្នែក​វីតាមីន B6- B12 និង​ម៉ាញេស្យូម ​ ចេក​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សំរាប់​​អ្នក​ដែល​​​ប្រាថា្ន​ចង់​ឈប់​ជក់​បារី។ ពិសា​ចេក​ទៅ​នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​បាត់​អារម្មណ៍​ស្រេក​ឃ្លាន​ជាតិ​នីកូទីន​របស់​បារី។

ចេក​សម្បូរ​សារធាតុ​គ្លុយស៊ីត ជា​ការ​មិន​អាច​ប្រកែកបាន ប៉ុន្តែ​ក៏​មាន​ផ្ទុក​សារធាតុ​រ៉ែ​ជា​ច្រើន​​ផ្សេង​ទៀត​ដែរ មាន​ជា​អាទិ៍​សារធាតុ​រ៉ែប៉ូតាស្យូម។ ចេក​សម្បូរ​ជាតិ​ប៉ូតាស្យូម​តែ​មាន​កំរិត​អំបិល​តិច​បំផុត​ដែលនេះ​​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ចំណាន​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ជំងឺ​លើស​ឈាម។ ផ្លែ​ចេក​មួយ​ផ្លែ​អាច​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូមដល់​ទៅ​៣៦០​មីល្លីក្រាម។ ការ​សិក្សា​បាន​បង្ហាញ​ថាបើ​មនុស្ស​ម្នាក់​ស្រូប​​ចំណី​អាហារ​មាន​សារធាតុ​ប៉ូតាស្យូម​ច្រើន​ នឹង​មិន​សូវ​មាន​គ្រោះ​កើត​ជំងឺ​​លើស​ឈាម​ទេ។ សូម្បី​តែ​អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ​ស្រាប់​ទៅ​ហើយ ក៏ការ​បរិភោគ​ផ្លែ​ចេក​ជារៀង​រាល់​ថ្ងៃ​ អាច​ជួយ​អ្នក​ជំងឺ​ឱ្យ​មាន​ស្ថានភាព​បាន​ធូរស្រាលខ្លះ​ និង​មិន​អាស្រ័យ​លើ​ថ្នាំ​ពេទ្យ​ទាំង​ស្រុងពេក។ ប៉ូតាស្យូម​នេះជា​ជំនួយ​មួយ​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ខួរក្បាល និង​សម្រួល​លំនឹង​ទឹក​ក្នុង​ខ្លួន​ តែកំរិត​​ប៉ូតាស្យូមក្នុង​ខ្លួន​មនុស្ស​នឹង​ត្រូវ​បាន​កាត់​បន្ថយ ប្រសិន​បើ​យើង​មាន​ស្រ្តេសពេក ដូច្នេះ​គឺ​ផ្លែ​ចេក​នេះ​ឯង​ដែល​យើង​គួរ​ទទួល​ទាន​បន្ថែម​ចន្លោះ​ពេល​បាយ។ ក្រុម​គ្រូពេទ្យ​អាមេរិកឯកទេស​ផ្នែក​​ចំណីអាហារ​ និង​ថ្នាំទើប​បាន​​យល់​ព្រម​ឱ្យ​ក្រុមហ៊ុន​ឧស្សាហកម្ម​​​ចេកមាន​សិទ្ធិ​ប្រកាស​ពី​គុណ​ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថ​យ​គ្រោះ​តានតឹង និង​ស្ទះ​បេះដូង​ទៀតផង។ មិន​ខុស​ពី​គ្នា​នេះ​ដែរ​ការ​សិក្សា​របស់​ក្រុម​វេជ្ជសាស្ត្រ​អង់គ្លេស​បង្ហាញ​ថា​​ទទួល​ទាន​ចេក​ជា​ប្រចាំ​​រាល់​ថ្ងៃអាច​កាត់​បន្ថយ​គ្រោះ​ស្លាប់​ព្រោះ​ជំងឺ​បេះ​ដូងបាន​៤០%។ ចំពោះ​កុមារ​ និង​យុវវ័យ​ក្នុង​វ័យ​សិក្សា​ ការបរិភោគ​ផ្លែ​ឈើ​សម្បូរ​សារធាតុ​ប៉ូតាស្យូម​ច្រើន​ដូច​យ៉ាង​ផ្លែ​ចេក​អាច​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​ផ្ចង់​អារម្មណ៍​សិក្សា។

ក្រៅ​ពី​រ៉ែ​ប៉ូតាស្យូម ចេកក៏​មាន​ផ្ទុក​សារធាតុ​រ៉ែ​ផ្សេង​ទៀតដូចជា កាល់ស្យូម ហ្វូស្វ័រ ម៉ាញ៉េស្យូម និង​ស័ង្កសី។ ជាមួយ​នឹង​កំរិតសារធាតុ​​រ៉ែ​ដែក​ខ្ពស់ គ្រូពេទ្យ​តែង​ណែ​នាំ​អ្នក​ជំងឺ​ខ្វះ​ឈាម​ឱ្យ​បរិភោគ​ផ្លែ​ចេក ដើម្បី​ជួយ​ជំរុញ​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​។

ចាស់​ទុំ​ខ្មែរ តែង​មាន​ប្រសាសន៍​ថា ចេក​ណាំវ៉ា ជួយព្យាបាល​ជំងឺ​ក្រពះ និង​ការ​បត់​ជើង។ ពាក្យ​ណែនាំ និង​ជំនឿនេះមិន​ខុស​ទេហើយ​ថែម​ទាំង​មាន​ការ​ទទួល​ស្គាល់​​ដោយ​វេជ្ជសាស្ត្រ​សម័យ​ទៀត។ តើ​វេជ្ជសាស្ត្រ​ពន្យល់​យ៉ាង​ដូចម្តេច ? សារធាតុ​សរសៃដែល​ផ្លែ​ចេក​មាន​ផ្ទុក​យ៉ាង​ច្រើន​នោះជា​អ្នក​សម្រួល​ការ​ទល់​លាមក និង​ជា​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​បញ្ហា​ពោះវៀន​មួយ​ចំនួន។ បើ​ពោះវៀន​មាន​សុខភាព​មិន​ល្អ​ហើយ គឺ​មាន​តែ​ចេក​ទុំ​ ដែល​ជា​ផ្លែឈើ​អាច​បរិភោគ​បាន​ដោយ​មិន​បាច់​ចម្អិន។ ថ្វីដ្បិត​តែ​ពេលនៅ​ខ្ចី​ ចេក​សម្បូរ​ដោយ​សារធាតុ​អាស៊ីត​បន្តិច​មែន ប៉ុន្តែ​អាស៊ីត​នេះ នឹង​រលាយ​បាត់​បន្តិច​ម្តងៗ ទៅ​តាម​ភាព​ទុំ​ជោរ​នៃ​ចេកក្លាយ​ជា​ផ្លែឈើ​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អាស៊ីត​ដោយ​ធម្មជាតិ។ ដូច្នេះ​បើ​មាន​អាការៈ​ឈឺក្រពះ​ ចេក​ទុំ​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន។

ក្នុង​ទម្លាប់ប្រពៃណី​ខ្មែរ និងបណ្តាជន​រស់​នៅ​តំបន់​ត្រូពិក ទាំង​ដើម ទាំង​ស្លឹក ត្រយូង និង​ផ្លែ​ សុទ្ធ​តែ​ត្រូវ​បាន​យក​កែ​ច្នៃ ប្រើ​ប្រាស់​ និង​ធ្វើ​ជា​ម្ហូបជា​បង្ហែម ឬ​ជា​ផ្លែឈើ ... ចំណែក​សម្បក​ចេក ដែល​អាច​ធ្វើ​មនុស្ស​រអិល​ដួល​ដោយ​ងាយ​មែន តែ​វា​អាច​ជួយ​បន្សាប​ការ​ឈឺចាប់ រោល ឬ​ហើម ពេល​មាន​សត្វ​ល្អិត​ទិច​ឬ​ខាំ ដោយ​គាន់​តែយក​​សម្បក​ចេក​មក​ញី​​ពី​លើ។

ជា​ចុង​ក្រោយ​បរិភោគផ្លែចេកមិនថា​ ឆៅ ស្ងោរ ឬ​ធ្វើ​បង្អែម គឺជាការប្រសើរបំផុតព្រោះវាមានផលប្រយោជន៏ដ៏លើសលប់ចំពោះសុខភាព។

ប្រភព៖ Km.rfi.fr