គុណប្រយោជន៍នៃផ្លែប៊ឺរចំពោះសុខភាព

ផ្លែប៊ឺរជា​ផ្លែឈើ​ដ៏ពេញនិយម​ខ្លាំងនៅ​ប្រទេស​កម្ពុជា​យើង​នា​រយៈកាលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ តើ​រុក្ខជាតិ​ហូបផ្លែ​មួយ​នេះមាន​ប្រភព​មក​ពីណា?​ ហេតុអ្វី​បាន​អ្នក​​ឯកទេស​ចំណីអាហារ​ណែនាំ​ឱ្យ​បរិភោគ​ផ្លែប៊ឺរនេះ ? តើ​វា​មាន​គុណ​ប្រយោជន៍​យ៉ាង​ណា​ខ្លះ​សម្រាប់​សុខភាព?

ផ្លែប៊ឺរគឺ​រុក្ខជាតិ​ហូបផ្លែមានដើម​កំណើត​ ​និង​ប្រភព​ដើម​ដុះ​ដាល​នៅក្នុង​ប្រទេស​ម៉ិចស៊ិកមុន​នឹង​រីក​រាល​ដាល​ដាំដុះ​នៅ​ពេញ​ពិភពលោក​។ ពលរដ្ឋ​ម៉ិចស៊ិក​យក​ផ្លែប៊ឺរ​នេះសម្រាប់​ធ្វើ​ជា​ម្ហូប​អាហារទាំង​ផ្លែ​ ទាំង​ស្លឹក។ ចំណែក​ពលរដ្ឋ​អាមេរិក ប្រើសម្រាប់​មូរ​ធ្វើ​ជា​ស៊ូស៊ី ប្រេស៊ីល​យកមក​ធ្វើ​បង្អែម បារាំង​ប្រើ​ជា​ញាំ-អាហារ​បន្ទាប់​បន្សំ ម៉ារ៉ុក​មក​ផ្លែប៊ឺរ​មក​ធ្វើ​ជា​ភេសជ្ជៈ​ ....ខ្លះ​មូល​ខ្លាំង ខ្លះ​រាង​ទ្រវែង ​មាន​គ្រាប់​តែ​មួយ និង​សាច់​ទន់​ ផ្លែប៊ឺរមាន​ផ្ទុក​ពេញ​ទៅ​ដោយ​កាឡូរី និង​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ ហើយ​បូក​ផ្សំ​នឹង​សណ្ឋាន​សាច់​ទៀត ទើប​ខ្មែរ​យើង​ដាក់​ឈ្មោះ​ថា​ប៊ឺរ ដោយ​គិត​ដល់​ប៊ឺរ​បារាំង។

ប៉ុន្តែ​ទោះ​បី​ជា​មាន​ផ្ទុក​កាឡូរីច្រើន​ មាន​សារជាតិ​ខ្លាញ់​យ៉ាង​សម្បូរបែប​ក៏ដោយ ក៏​គេ​សង្កេត​ឃើញ​ថា​ ការ​បរិភោគ​ផ្លែប៊ឺរ​នេះ​ច្រើន មិន​បានប៉ះពាល់​ដល់​សុខភាពទេ គឺ​មាន​តែ​ផ្តល់​ប្រយោជន៍ដល់​សុខភាព​​ និង​ថែម​ទាំង​បាន​ចូល​រួម​ចំណែក​សម្រួល​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឱ្យ​បាន​​ប្រសើរ​ឡើងដោយចេះ​បែង​ចែក​និងបង្កើន​ជាតិ​កូឡេស្តេរ៉ូល​ល្អ​ និង​បញ្ចុះ​កូឡេស្តេរ៉ូល​អាក្រក់។ ជាង​នេះ​ទៀត ផ្លែប៊ឺរ​​ជា​ផ្លែឈើ​ស្រស់​មាន​ផ្ទុក​សារធាតុ​ស្ករ​ក្លុយស៊ីត​ តែ២ក្រាម​ក្នុង​១០០ក្រាម​ផ្លែឈើ តិច​ជាង​ផ្លែឈើ​ស៊ី​ផ្លែ​ស្រស់​ដទៃ​ផ្សេង​ទៀតដែល​មាន​​ជា​មធ្យមដល់​ទៅ​១០ក្រាមក្នុង​ផ្លែឈើ​ទម្ងន់​១ខាំ។

ផ្លែ​ប៊ឺរសម្បូរ​ខ្លាញ់​តែ​ល្អ

ផ្លែ​ប៊ឺរ​គឺ​ជាអាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​បំផុត គឺខ្ពស់​ជាង​ផ្លែឈើ​ដទៃ និង​ជា​អាហារ​ដ៏​ប្រពៃ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​តមធ្វើ​របប​អាហារ​​ដើម្បី​សុខភាព។ ជាមួយ​នឹង​កំរិតជាតិ​កាឡូរីខ្ពស់ អត្រា​ជាតិ​ខ្លាញ់​ច្រើន មាន​កំរិត​អាហារូបត្ថម្ភ​ខ្ពស់ ផ្លែប៊ឺរ​គួរ​តែ​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅនៃ​ក្រុម​អាហារ​គ្រោះ​ថ្នាក់ ឬ​គួរ​ឱ្យ​ចៀសវាង តែ​នេះ​ជា​គំនិត​ខុស​ស្រលះ ! អ្នកឯកទេស​ និង​អ្នកជំនាញ​ផ្នែក​របប​អាហារ​សម័យ​បច្ចុប្បន្ន​បែរ​ជា​ណែនាំ និង​បង្ហាត់​បង្រៀន​​យើង​ឱ្យ​ស្គាល់ និង​ចូល​ចិត្ត​ទទួល​អាហារ​ផ្លែប៊ឺរ​ទៅ​វិញ​ ព្រោះ​ជា​អាហារ​ដែល​ល្អ​ឥតខ្ចោះ​សម្រាប់​សុខភាព មិន​គួរ​មើល​​រំលង​ និង​ខក​ខាន​មិន​បរិភោគ​ឡើយ។

ផ្លែប៊ឺរគឺ​ជាប្រភព​ផ្គត់​ផ្គង់​​សារធាតុ​ប៉ូតាស្យូម ហ្វូឡាត អាស៊ីតបង់កូតេនិក (វីតាមីន​បេ៥) និង​ក្លុយតាលីយ៉ុង។​ ជាពិសេស​ទៅ​ទៀត ផ្លែប៊ឺរសម្បូរ​ខ្លាំងណាស់​ទៅ​ដោយ​សារធាតុ​សរសៃ និង​សារធាតុ​ខ្លាញ់មិន​ឆ្អែត​ (Unsaturated Fat)  ដែល​ល្អ​បំផុត​សម្រាប់​សរីរាង្គកាយ​មនុស្ស។

រក្សាទម្ងន់

ផ្លែប៊ឺរមួយ​ផ្លែ​ផ្តល់​ជាតិ​អាស៊ីត​ខ្លាញ់​ អូមេហ្កា 9 ដល់​ទៅ​៣០ក្រាម។ អាស៊ីតខ្លាញ់​អូមេហ្កា៩​នេះ ជា​ប្រភេទ​ខ្លាញ់​ដែលជា​អ្នក​ចាត់​ចែង​ផ្តល់​​អាការៈ​ឃ្លាន​ និង​ចំណង់​អាហារ​ផ្សេងៗ។ ផ្លែ​ប៊ឺរ​ អាច​ជួយ​ថ្លើម​​​ឱ្យ​​បំប្លែងសារធាតុ​ខ្លាញ់​រួច​រំលាយ​ចោល​បាន​យ៉ាងមាន​ប្រសិទ្ធិភាព។ ការសិក្សា​របស់​សកលវិទ្យាល័យ​ Riverside នៅ California​ បាន​បង្ហាញ​របក​គំឃើញ​​របស់​ខ្លួន​ថា គេ​អាចស្រក​ទម្ងន់​បាន​ដល់​ទៅ ៥​គីឡូក្រាម​ក្នុង​រយៈ​ពេល​ពីរ​ខែដោយ​គ្រាន់​តែ​ទទួល​ទាន​ផ្លែប៊ឺរក្នុង​មួយ​ថ្ងៃ​មួយ​ផ្លែដោយ​ទៀត​ទាត់ និង​ដោយ​មិន​ខ្វល់​ខ្វាយ​គិត​គូរ​អំពីរបប​អាហារ​ ទាក់ទង​នឹង​​បរិមាណ​​នៃ​ការ​ទទួល​ទាន​អាហារ​ដើម្បី​តម្រឹម​ជាតិកាឡូរី។

ការពារ​ប្រឆាំង​នឹង​អាការៈ​រោគ​ទឹក​នោម​ផ្អែម និង​ជំងឺ​មេតាបូលិក

ចង្កេះ ត្រកៀករីកជា​រៀង​រាល់​ថ្ងៃដែល​ស្ត្រី​ទាំង​ឡាយ​មិន​ចង់​ជួប មិន​ចង់​ឃើញ​សោះ​នោះគឺ​ជា​ផលវិបាក​មួយក្នុង​ចំណោម​ផលវិបាក​ជា​ច្រើន​ផ្សេង​ទៀតដែល​ឈាន​ទៅ​ជួ​បគ្រោះ​មាន​អាការៈសញ្ញា​ X ឬ​អាការៈ​សញ្ញា​នៃ​ជំងឺ​មេតាបូលិក។ ពាក្យ​ថា​ជំងឺ​មេតាបូលិកគឺ​ចង់​ដំដៅ​លើ​កត្តា​គ្រោះថ្នាក់​ជា​ច្រើន​ចំពោះ​សុខភាព ដែល​បង្កើន​ហានិភ័យ​​ឱ្យ​បុគ្គល​ម្នកា់​អាច​វិវត្ត​ទៅ​រក​គ្រោះ​កើត​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ឬ​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះ​បញ្ចៀស​គ្រោះ​ហានិភ័យ​នេះ ដំណោះស្រាយ​មួយ​ដែល​ប្រសើរ​បំផុត និង​គ្មាន​ចំណាយ​​ថវិកា​ច្រើនគឺ​ការ​ទទួល​ទាន​​ផ្លែប៊ឺរជា​ប្រចាំ។ ព្រោះ​ផ្លែ​នេះ ជា​ថ្មី​ម្តង​ទៀតមាន​ផ្ទុក​សារធាតុ​ខ្លាញ់ 
Unsaturated Fat ខ្លាញ់​ដែល​ជា​អាស៊ីត​អូឡេស៊ីត ចាំ​បាច់​បំផុត​សំរាប់​មនុស្ស​លោក ក្នុង​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​អត្រា​លីពីត​ក្នុង​សរីរាង្គ​កាយ និង​ដែល​ចូល​ចំណែក​​ការពារ​ខ្លាញ់​មិន​ទៅ​កក​ផ្តុំ​នៅ​ម្តុំ​ពោះ។

ការពារ​បេះដូង​និង​សរសៃឈាម​បេះដូង

អាស៊ីត​អូឡេស៊ីត ក៏​មាន​ចំណែក​ជា​អ្នកចាត់​ចែង​បញ្ចុះ និង​ដំឡើង​អត្រា​កូឡេស្តេរ៉ូល​ទៀត។ វា​នឹង​ទៅ​បញ្ចុះ​កូឡេស្តេរ៉ូល​LDL មិន​ល្អ ហើយ​ចេះ​ទៅ​ដំឡើង​កំរិត​អត្រា​កូឡេស្តេរ៉ូល​ល្អ HDL។ បូក​ផ្សំ​នឹង​​សារធាតុ​សរសៃ​ដ៏​សម្បូរ​បែប​​ទៀត​ ផ្លែប៊ឺរ​ដើរ​តួនាទី​ជា​អ្នក​បញ្ចុះ​អត្រា​កូឡេស្តេរ៉ូល​ យ៉ាង​មាន​ប្រសិទ្ធិភាព។ សូម​បញ្ជាក់​ថាសារធាតុ​សរសៃ​ជា​អ្នក​បង្កើន​បរិមាណ​សំណល់ (លាមក) ដែល​ជំរុញ​ឱ្យ​ឆាប់​មាន​ការ​បញ្ចេញ​ចោល។ នៅ​ពេល​បន្ទោរបង់ ជាតិកូឡេស្តេរ៉ូល​ក៏​ចេញ​អស់​ពី​ខ្លួន​ទៅ​តាម​នោះ​ដែរ។

ម្យ៉ាង​វិញ​ទៀត ការសិក្សា​តែង​បាន​បង្ហាញ​ថា បុគ្គលណា​បាន​ទទួល​ទាន​អាហារ​មាន​ជាតិ​ប៉ូតាស្យូម​ច្រើន មិន​សូវ​មាន​អាការៈ​​លើស​ឈាម និង​អាការៈ​ផ្សេងៗ​ទៀត​ដែល​មាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​សម្ពាធ​ឈាម​ដូច​ជាវិបត្តិ​បេះដូង និង​ការ​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទេ​។ ចុះ​សួរ​ថា​តើ​ទៅ​រក​ជាតិ​ប៉ូតាស្យូម​នៅឯណា​មក​បរិភោគ ?! ចម្លើយ​គឺ​ផ្លែប៊ឺរ​នេះ​ឯង ! ផ្លែប៊ឺរ​មួយ​ចំហៀង អាច​ផ្តល់​ជាតិ​ប៉ូតាស្យូម​ប្រមាណ​ដល់​ទៅ ៥៥០​មីល្លីក្រាម ពោល​គឺ ១៥%​លើស​ផ្លែ​ចេក​មួយ​ផ្លែ​ទៀត។

ផ្តល់​ថាមពល​ និង​ប្រឆាំង​ស្ត្រេស

វីតាមីន​បេ-៥ ឬ​អាស៊ីតបង់តូតេនិកដ៏​សម្បូរ​បែប​ក្នុង​ផ្លែប៊ឺរ ម៉ាញេស្យូម​ និង​ប៉ូតាស្យូម​បូក​បញ្ចូល​ បាន​ធ្វើ​ឱ្យ​ផ្លែប៊ឺរក្លាយ​ជា​អាវុធ​ដ៏​ពិសេស​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អាការៈ​ស្ត្រេស ហើយ​ថែម​ទាំង​បាន​ផ្សព្វផ្សាយ​បញ្ចៀប​ថាមពល​ដល់​ខ្លួន​ប្រាណ​ទៀត។

វីតាមីន​បេ-៥ មាន​តួនាទី​ជា​អ្នក​រំដោះ​អ័រមូន​ដែល​សម្រួល​ដល់​ការ​នាំ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​បេះដូង​និង​ខួរ​ក្បាល ព្រមទាំង​អាច​ជួយ​កាត់​បន្ថយ​កំរិត​កង្វល់​ថប់​អារម្មណ៍។ ចំណែក​ម៉ាញេស្យូម​និង​ប៉ូតាស្យូម​វិញ មាន​សមត្ថភាព​ធ្វើ​សកម្មភាព​លើ​ផល​នៃ​ជាតិសូឌីយ៉ូម​របស់​សរីរាង្គកាយ​ និង​ធ្វើ​ឱ្យ​រលូន​ឡើងនូវ​ការ​បំប្លែង​ជាតិ​ស្ករ​ក្លុយកូសទៅ​ជា​ថាមពល។

ជាតិ​ហ្វូឡាតរបស់​ផ្លែប៊ឺរបាន​ធ្វើ​ឱ្យ​ផ្លែ​ឈើ​មួយ​មុខ​នេះ​ក្លាយ​ជា​អាហារ​ដ៏​ចាំបាច់​បំផុត​​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ស្ត្រី​ចង់​មានគ៌ភគ្រប់​រូប ក៏​ដូច​ជា​ជន​ស្រីប្រុស​ដទៃ​ទៀត​ដែល​បារម្ភ​ខ្លាច​ទទួល​ទាន​អាហារ​មិន​គ្រប់គ្រាន់សម្រាប់​ជំនួយ​ប្រព័ន្ធ​ប្រសាទ​ និង​សរសៃ​ឈាម​បេះដូង។ ជាតិ​ហ្វូឡាត ឬ​អំបិល​អាស៊ីត ហ្វូឡាត ឬ​វីតាមីន បេ-៩ ជា​ជំនួយ​ការ​ដ៏​ពិសេស​ផ្នែកការពារការ​បង្ក​កំណើត​កូន​ និង​កកើត​នៃ​អំប្រ៊ីយ៉ុង​កូន ព្រមទាំង​ការ​លូតលាស់​របស់​ទារក​ក្នុងផ្ទៃ កុំ​ឱ្យ​ជួប​គ្រោះ​លូត​លាស់​មិន​ត្រឹម​ត្រូវ មិន​គ្រប់​លក្ខណៈប៉ះពាល់​ដល់​ខួរ​ក្បាល​និង​ឆ្អឹង​កង​ខ្នង។

ដូច​ជា​ផ្លែ​ឈើ​ផ្សេងៗ​ទៀត​ដែរ​ដែល​មាន​ផ្ទុក​ច្រើន​ទៅ​ដោយ​សារធាតុ​ក្លុតាលីយ៉ុង ឬ​អង់ទីអុកស៊ីដង់ ផ្លែប៊ឺរ​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការកាត់​បន្ថយ​ភាព​ចាស់​នៃ​កោសិកាដែល​បង្ក​ឡើង​ដោយ​សារ​សារធាតុ​ពុល​ក្នុង​សរីរាង្គ​កាយ។ មាន​ន័យ​ប្រសិន​បើ​អ្នក​បរិភោគ​ផ្លៃប៊ឺរ​ច្រើនគឺ​ដូច​ជា​បាន​​លេប​ថ្នាំ​ការពារ​កុំ​ឱ្យ​ឆាប់​ចាស់។ ប៉ុន្តែ​ក្នុង​ករណីអ្នក​មាន​ទទួលទាន​ថ្នាំ នឹងអ្នកជំងឺ​​ឈាម​ក្រកក​ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យសិន​មុន​នឹង​ទទួល​ផ្លែប៊ឺរដើម្បី​កុំ​ឱ្យ​ថ្នាំ​បាត់​បង់​ប្រសិទ្ធិភាព។ ជា​ទូទៅទទួល​ទាន​ផ្លែប៊ឺរ​មួយ​ចំហៀង​ក្នុង​មួយ​ថ្ងៃ អាច​ទាញ​ប្រយោជន៍​ដល់​សុខភាព​បាន​ហើយ៕

ប្រភព៖ Km.rfi.fr