ដោយសម្បូរទៅដោយជាតិវីតាមីនសេ ជាអង់ទីអុកស៊ីដង់ ជួយរំលាយអាហារ និង ប្រព័ន្ធការពារខ្លួន ក្រូចឆ្មារជាប់ឈ្មោះជាផ្លែឈើដែលមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ ប៉ុន្តែសូមប្រយ័ត្ន ក្រូចឆ្មារអាចល្អ តែកុំញ៉ាំឱ្យជ្រុលឱ្យសោះ។ តើក្រូចឆ្មារមានគុណប្រយោជន៍យ៉ាងណា ? ជួយសម្រកគីឡូ ? ជួយឱ្យធ្មេញស ? ជួយឱ្យសក់ភ្លឺ ? តើក្រូចឆ្មារ ពិតជាមានសមត្ថភាពខ្លាំងក្លាមែនឬ ? ឬគ្រាន់តែជំនឿតៗគ្នាទេ?
ទំនងជាមានកំណើតនៅតំបន់កាស្មៀរ ត្រង់ព្រំប្រទល់រវាងចិននិងឥណ្ឌា ក្រូចឆ្មារ បានធ្វើដំណើរទៅដល់តំបន់ដើមបូព៌ា និងបានក្លាយជារុក្ខជាតិដាំដុះយ៉ាងពេញនិយមរបស់ពលរដ្ឋអារ៉ាបអស់រយៈពេលជាយូរយារឆ្នាំ ទម្រាំធ្វើដំណើរទៅទ្វីបអឺរ៉ុបភាគខាងត្បូង ៖ អេស្ប៉ាញ អ៊ីតាលី ព័រទុយហ្កាល់។
ដូចជារុក្ខជាតិក្នុងចង្កោមគ្រួសារក្រូច ក្រូចឆ្មារ ស្ថិតនៅក្នុងចំណោមជាជើងឯករុក្ខជាតិស៊ីផ្លែដែលសម្បូរទៅដោយសារធាតុ ប៉ូលីហ្វេណុលអង់ទីអុកស៊ីដង់ ដូចជា ផ្លាវ៉ូណូអ៊ីត និងលីម៉ូនណូអ៊ីត។ បូកផ្សំជាមួយវីតាមីនសេ ដល់ទៅ ៥១មីល្លីក្រាម/១០០ក្រាមផ្លែ សារធាតុអង់ទីអុកស៊ីដង់ហាក់អាចការពារមនុស្សពីជំងឺមហារីកមួយចំនួនដូចជា មហារីកក្រពះ បំពង់អាហារ និងពោះវៀនធំ។ ចំពោះផ្លាវូណូអ៊ីត មានទាំងសមត្ថភាពអាចជួយពន្យឺតការរីកសាយភាពនៃកោសិកាមហារីក នៅសុដន់ ក្រពះ សួត មាត់និងពោះវៀនធំ ... ហើយអាចបន្ទាប់អំណាចមេតាស្តាបានទៀត។ ហើយបើតាមការសិក្សាអន្តរជាតិជាច្រើន បានបង្ហាញថា ផ្លាវូណូអ៊ីត មានសកម្មភាពជាអ្នកការពារ ប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង ដោយកាត់បន្ថយខ្លាញ់ក្នុងឈាម និងជួយកាត់បន្ថយកំណកឈាមនៅលើផ្ទៃនៃសរសៃឈាម។
ក្រូចឆ្មារមានជាតិជូរ ជាអាស៊ីត ! ហើយដោយសារជាតិអាស៊ីតនេះឯងដែលក្រូចឆ្មារអាចមានឥទ្ធិពលជាគ្រឹះនៃសរីរាង្គ ដែលអាចប្រយុទ្ធប្រឆាំងដោយធម្មជាតិនឹងការរលាករីករាលដាលបង្កឡើងដោយមេរោគ បែបរ៉ាំរ៉ៃ និងពពួកជំងឺអមមួយចំនួនផ្សេងទៀត ដូចជាស្ពោតឆ្អឹង ខ្សោយក្រលៀន ទឹកនោមផ្អែម ឬលើសឈាម គ្រួសក្នុងតម្រងនោម ... ការទទួលទានទឹកក្រូច ពិសេសទឹកក្រូចឆ្មារ ទំនងជាអាចជួយពន្យឺតជំងឺរោគដែលមានពាក់ព័ន្ធនឹងប្រព័ន្ធតម្រងនោម។ នេះបើតាមការសិក្សារបស់អាមេរិកមួយរយៈពេល៥ឆ្នាំ។
ក្រូចសម្បូរទៅដោយសារធាតុប៉ិចទីន ជាពិសេសនៅក្នុង សម្បកសជាប់ក្លែបក្រូច និងជាប់ពីក្រោមសំបក។ សម្បកសនេះមានផ្ទុកសារធាតុសរសៃងាយរលាយ ដែលអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូលបានច្រើន។ ដូច្នេះកុំចិតវាចោលឱ្យអស់ពេក ហើយបើអាចសូមបរិភោគវាទៅ កុំខ្ជាក់ចោល។ បើជាគ្រាប់ក្រូចវិញ មិនថាជាក្រូចឆ្មារ ឬក្រូចអ្វីផ្សេងទេ សម្បូតទៅដោយជាតិអង់ទីអុកស៊ីដង់ខ្លាំងណាស់ គ្រាន់តែថាវាពិបាកទទួលទានបន្តិច។ ហេតុដូច្នេះហើយបានជាបច្ចុប្បន្ននេះគេឃើញមានលក់ប្រេងក្រូចឆ្មារ ដែលបានមកពីការគាបចម្រាញ់គ្រាប់និងសម្បក។ លាយជាមួយទឹកឃ្មុំ តែមួយឬពីរដំណក់យ៉ាងច្រើន នៅពេលព្រឹក អាចប្រឆាំងនឹងភាពនឿយហត់ និងអាការៈចង់គ្រុនផ្តាសាយបាន។
ស្តាប់ទៅក្រូចឆ្មាមានគុណប្រយោជន៍ច្រើន ចុះតើជាការពិតទេដែលថាក្រូចឆ្មារ អាចជួយបញ្ចុះទម្ងន់នោះ ?!
លោកអ្នកពិតជាធ្លាប់បានគិត ឬយ៉ាងហោចណាស់ក៏បានឮ និងធ្លាប់មានអារម្មណ៍ចង់សាកល្បងខ្លះជាក់ជាពុំខាន ក្នុងការទទួលទានក្រូចឆ្មារ ដើម្បីសម្រកទម្ងន់។ អ្នកជំនាញផ្នែករបបអាហារមួយចំនួន ពិតជាបានបង្ហាញអំពីសមត្ថភាពជាអ្នកជួយបញ្ចុះទម្ងន់របស់ក្រូចឆ្មាមែន ដោយសំអាងថា ក្រូច ជួយសម្រួលការរំលាយអាហារ ! ព្រោះបើការងាររំលាយអាហារដំណើរការមិនល្អ នោះជាតិពុលនឹងកើនឡើងខ្លាំងក្នុងខ្លួន មនុស្សយើងឡើងទម្ងន់ជាប្រាកដ។ ហេតុដូច្នេះហើយ បានជាអ្នកចង់ស្គម តែងគិតថាត្រូវទទួលទានទឹកក្រូចឆ្មារ ដើម្បីសម្រកទម្ងន់នោះ។ សម្មតិកម្មបែបនេះមិនខុសទាំងស្រុងទេ !
ពុំមានមនុស្សណាម្នាក់ បានចុះស្គម ដោយការទទួលទឹកក្រូចឆ្មារទេ ! ទោះជាទទួលទានដល់ទៅ មួយលីត្រកន្លះក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ យ៉ាងណាក៏ដោយ ក៏មិនអាចទៅរួចដែរ ប្រសិនបើអ្នកមិនធ្វើកីឡា និងរក្សារបបអាហារដដែលនោះ។ នេះបើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យPhilippe Legrand វេជ្ជបណ្ឌិតជំនាញនៅភ្នាក់ងារជាតិផ្នែកសន្តិសុខចំណីអាហារបារាំង ដោយពន្យល់ថាយ៉ាងសាមញ្ញថា ក្រូចឆ្មារ ក៏ដូចជារុក្ខជាតិផ្លែឈើផ្សេងៗទៀតទាំងឡាយ គ្មានឥទ្ធិពលសោះទៅលើការបាត់បង់ទម្ងន់។ ចំណីអាហារដែលផ្តល់ថាមពលច្រើន សម្រួលការស្តុកបំរុងខ្លាញ់ក្នុងសរីរាង្គ ឯអាហារដែលសម្បូរជាតិសរសៃ និងវីតាមីន គ្មានសកម្មភាពធ្វើឱ្យខ្លាញ់រលាយទេ។ ស្រទាប់កោសិកាខ្លាញ់ចាប់ស្រកបាន គឺនៅពេលថាយើងប្រឹងបញ្ចេញកម្លាំងនិងថាមពល តែប៉ុណ្ណោះ !
តាមការពិត គំនិតដែលថាក្រូចឆ្មារជួយសម្រកទម្ងន់ បានលេចឡើងតាំងពីឆ្នាំ១៩៧០ ដោយសារអ្នកស្រាវជ្រាវធម្មជាតិនិយមជាតិស្វីសម្នាក់ បានតបអាហារ និងទទួលទានតែទឹកក្រូចឆ្មារយៈពេល១០ថ្ងៃពេញ ដើម្បីសម្អាតជាតិពុលពីក្នុងខ្លួន។ ក្រោយមកពួកគាត់ក៏បានចុះស្គមយ៉ាងឆាប់រហ័ស។ ប៉ុន្តែការស្រកទម្ងន់នោះមិនមែនដោយអំណាចនៃទឹកក្រូចឆ្មារទេ តែដោយសារគាត់អត់អាហារ។ ការសិក្សាវេជ្ជសាស្ត្រក្រោយៗមក ក៏បានបង្ហាញ ការទទួលទានទឹកក្រូចឆ្មារ អមដោយការបន្ថយអាហារសម្បូរថាមពល ទើបមានការចុះស្គម។ ដូច្នេះគឺមនុស្សចុះស្គមដោយសារកំរិតបរិមាណថាមពល។ រហូតមកទល់នេះ ពុំទាន់មានការសិក្សាតាមបែបវិទ្យាសាស្ត្រណាបញ្ជាក់ថាក្រូចឆ្មារធ្វើស្គមឡើយ។
ក្រូចឆ្មា សម្រួលការរំលាយអាហារ
ក្រូចឆ្មារ មិនដុតខ្លាញ់ឱ្យរលាយ មិនអាចទប់ស្កាត់កុំឱ្យសរីរាង្គស្តុកជាតិខ្លាញ់មែន ប៉ុន្តែជាតិអាស៊ីតស៊ីទ្រិករបស់ក្រូចឆ្មារ អាចជួយរំលាយជាតិខ្លាញ់ តែក្រូចឆ្មារអាចជួយជម្រះជាតិពុល (ខ្លាញ់) សរីរាង្គកាយយើង។ មិនថាជាជាតិពុលក្នុងខ្លួនជាធម្មជាតិ ឬជាតិពុលបណ្តាលមកចំណីអាហារទេ នឹងត្រូវបានសម្អាតយ៉ាងលឿនដោយក្រូចឆ្មារ ដែលមានសមត្ថភាពទៅភ្ញោចក្រពេញប្រម៉ាត់ឱ្យបញ្ចេញទឹកមកជួយថ្លើម។ នៅពេលយើងទទួលទានអាហារកាន់តែសម្បូរទៅដោយជាតិខ្លាញ់ នោះសរីរាង្គកាយកាន់តែត្រូវការប្រម៉ាត់ដើម្បីជួយរំលាយ។
មានន័យថាអាស៊ីតស៊ីទ្រិករបស់ក្រូចជួយប្រម៉ាត់ថ្លើម កម្ចាត់ជាតិពុល និងរំលាយអាហារ ឯជាតិសរសៃរបស់ក្រូចឆ្មារ ជួយសម្រួលការបន្ទោបង់ ! ដូច្នេះវាពិតជាប្រកាសល្អមែនដែលដែលយើ់ងញតរតែបរិភោគទឹកក្រូចឆ្មារ មួយកែវលាយជាមួយទឹកក្តៅឧណ្ណៗ នៅពេលណាយើងមានអារម្មណ៍ថាបានទទួលចំណីអាហារសម្បូរទៅដោយថាមពលនិងខ្លាញ់ខ្លាំងរួចនោះ។ បើមិនខ្លាចជូរ ទទួលទានផ្លែក្រូចឆ្មាតែម្តងកាន់តែល្អ ប៉ុន្តែសូមប្រយ័ត្ន សូមកុំបរិភោគក្រូចឆ្មារ ឬទឹកក្រូចឆ្មារឱ្យមានកំរិត ដើម្បីថែរក្សាសុខភាពក្រពះ។ ព្រោះថ្វីបើក្រូចឆ្មារមានសមត្ថភាពខ្ពស់ជួយពង្រឹងប្រព័ន្ធការពារខ្លួន លាងសម្អាតជាតិពុលជាតិខ្លាញ់ពីក្នុងខ្លួនយើងបានមែន ប៉ុន្តែជាតិជូររបស់ក្រូចឆ្មារ អាចវាយប្រហារលើក្រពះរបស់អ្នក៕
ប្រភព៖ km.rfi.fr