បន្លែ ផ្លែឈើ ចំណីអាហារ ដាក់ថ្នាំគីមី អង្ករជ័រ អង្ករផ្លាសិ្ទក ... នេះជាអ្វីដែលពលរដ្ឋខ្មែរគ្រប់រូប កំពុងព្រួយ បារម្ភ និងចង់ចៀសវាងមិនបរិភោគ ដើម្បីថែរក្សាសុខភាព។ ចំណែកអ្នកស្រាវជ្រាវ ពិភពលោកវិញ កំពុងតែ ព្រួយបារម្ភនឹងគុណភាពអង្ករ បង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ។ នៅពេលអនាគតដ៏ឆាប់ៗនេះ អង្ករ នឹងបាត់បង់គុណភាពផ្នែកអាហារូបត្ថម្ភ ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស។ បើអង្ករបាត់បង់គុណភាព តើវាអាចបង្កផលវិបាកផ្នែកសុខភាពយ៉ាងណាខ្លះ ។
អង្ករដាំឆ្អិនហៅថាបាយជាអាហារគ្រឹះ ដ៏សំខាន់របស់បណ្តាជន ជាច្រើនប្រទេសនៅលើពិភពលោកជាពិសេសនៅអាស៊ី ។ អង្ករមានជាងពីរពាន់ប្រភេទខុសៗគ្នា មានទម្រង់ក៏ខុសគ្នា ខ្លះវែង ខ្លះខ្លី ខ្លះមូល ខ្លះមានពណ៌ ខ្លះមានក្លិន ទៅតាមការដាំដុះ ដី និងអាកាសធាតុ។ ក្លិនពណ៌ ទម្រង់ខុសៗគ្នានេះ ជាអំណោយផលធម្មជាតិពិតៗ ពុំមានការប្រឌិតបន្ថែមទេ។ ងាយចម្អិន ស្រួលទទួលទាន ជាមួយបន្លែសាច់ គ្រប់បែបយ៉ាង អង្ករមានគុណប្រយោជន៍ច្រើនមុខណាស់ សម្រាប់សុខភាព និងជាអាហារចិញ្ចឹមមនុស្សជាតិ ប្រមាណជាង២ពាន់លាននាក់។
គ្រាប់ធញ្ញជាតិអង្ករ មិនមែនត្រឹមតែជាប្រភពដំបូងនៃថាមពលទេ តែអង្ករមានផ្ទុកវីតាមីនបេ គ្រប់ប្រភេទទាំងអស់ ប្រូតេអ៊ីន រ៉ែដែក និងកាល់ស្យូម។ ២០%នៃតម្រូវការផ្នែកថាមពលនៅលើពិភពលោក បានមកពីអង្ករ។ នៅអាស៊ី អង្ករជាប្រភពផ្តល់ប្រូតេអ៊ីន ដ៏ចំបង (ពាក់កណ្តាលនៃសេចក្តីត្រូវការប្រចាំថ្ងៃ) របស់មនុស្សជាង៦០០លាននាក់។
នៅឆ្នាំ២០១៨នេះ បើតាមអង្គការចំណីអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ពិភពលោកផលិតអង្ករចំនួន៥១០លានតោន។
ប៉ុន្តែតើលោកអ្នកនាងមានចាប់អារម្មណ៍ទេ ថានាពេលបច្ចុប្បន្ននេះ អង្ករដាំបាយរបស់យើង លែងសូវមានក្លិន និងលែងសូវមានរសជាតិ ដូចពេលមុន ?! អង្ករសុមាលី ផ្កាខ្ញី នាងមិញ ... លែងសូវឆ្ងាញ់ដូចពេលមុន ! តើមកពីមូលហេតុអ្វី ? តើនេះមកពីយើងបានឆ្លងផុតពីភាពស្រែកឃ្លានទុរ្ភិក្ស ឬក៏បណ្តាលមកពីរបៀបដាំដុះ ដាក់ជីរច្រើនពេក ឬក៏មកវិធីរក្សាទុក ឬបណ្តាលមកពីបញ្ហាអាកាសធាតុប្រែប្រួលទេដឹង?! នេះជាអ្វីដែលយើង សង្ស័យ និងចោទសួរក្នុងចិត្ត។ ជាចម្លើយដោយមិននិយាយអំពីរសជាតិ តែទាក់ទងនឹងគុណភាពគ្រាប់អង្ករ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យណានជីង ប្រទេសចិន និងសាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ទើបចេញផ្សាយជាសាធារណៈ នៅថ្ងៃទី ២៤ឧសភា ២០១៨ លទ្ធផលនៃសិក្សារបស់ពួកគេថា ខ្យល់ពុលក្នុងបរិយាកាស និងការប្រែប្រួលអាកាសធាតុ កំពុងតែគំរាមកំហែងគុណភាពផ្នែកអាហារូបត្ថម្ភរបស់អង្ករយ៉ាងខ្លាំង។
ទារកក្នុងផ្ទៃលូតលាស់មិនត្រឹមត្រូវ
ការប្រែប្រួលអាកាសធាតុ និងពិសេសកំណើនឧស្ម័នផ្ទះកញ្ចក់ CO2 ច្រើនក្នុងបរិយាកាស ដែលជាកត្តាជំរុញឱ្យការឡើងសីតុណ្ហភាពនៃភពផែនដី ជះឥទ្ធិពលអាក្រក់ ទៅលើគុណភាពនៃដំណាំស្រូវខ្លាំងណាស់ ! ហើយឥទ្ធិពលនេះអាចបង្កឱ្យមានគ្រោះមហន្តរាយខ្លាំង ចំពោះបណ្តាប្រទេសដែលរស់ពឹងបាយ -ដែលអង្ករជាអាហារគ្រឹះ។ នៅក្នុងប្រទេសខ្លះ អង្ករជាប្រភពផ្តល់ថាមពល និងសារធាតុចិញ្ចឹម ក្នុងកំរិតដល់ទៅប្រមាណ៧០%នៃតម្រូវការសរុប។ ការគំរាមកំហែងមានកាន់តែធ្ងន់ធ្ងរខ្លាំងបន្ថែមទៀត ចំពោះប្រទេសក្រីក្រខ្លាំង ដូចយ៉ាងភូមា ឡាវ កម្ពុជា។ នេះបើតាមលទ្ធផលនៃការសិក្សាដដែល។
ដើម្បីអាចចេញជាសេចក្តីសន្និដ្ឋានថាខ្យល់ពុលធ្វើឱ្យអង្ករធ្លាក់គុណភាព អ្នកស្រាវជ្រាវបានដឹកនាំធ្វើពិសោធន៍ និងវិភាគលើដំណាំស្រូវចំនួន ១៨ប្រភេទ ដាំដុះក្នុងស្រែជប៉ុន និងចិន បាំងបិទដោយផ្លាស្ទិក កម្ពស់១៧ម៉ែត្រ បញ្ចូលកំហាប់ឧស្ម័នកាបូនិក ឱ្យឡើងខ្ពស់ ស្មើនឹងកំរិតឧស្ម័នកាបូនិកក្នុងបរិយាកាសនៅឆ្នាំ២០៥០ ពោលគឺមានកំហាប់ឧស្ម័នCO2 ចំនួន៥៦៨ទៅ៥៩០ppm ទល់នឹង៤០០ppm នាពេលបច្ចុប្បន្ន។ កម្មវត្ថុនៃការពិសោធន៍ គឺដើម្បីវាស់វែងឱ្យបានច្បាស់លាស់កំរិតប្រូតេអ៊ីន រ៉ែដែក សង្កសី និងវីតាមីនមួយចំនួនធំផ្សេងទៀតរបស់អង្ករ ជាពិសេសវីតាមីន (B១ B២ B៥ B៩ និងE)។
លទ្ធផលអាក្រក់ដូចប្រថ្នូលមែន ! ប្រឈមនឹងកំរិតឧស្ម័នកាបូនិកខ្ពស់ អង្ករប្រឈមនឹងហានិភ័យបាត់បង់គុណភាព ផ្នែកអាហារូបត្ថម្ភដ៏ចាំបាច់របស់ខ្លួន ៖ កំហាប់ជាតិសង្កសី ធ្លាក់ចុះក្នុងកំរិតប្រមាណ៥%- ជាតិដែក ជាតិប្រូតេអ៊ីន និងវីតាមីន ក៏បាត់បង់ច្រើន អស់ប្រមាណ១០,៣%។
ហើយការបាត់បង់គុណភាពដែលគួរឱ្យបារម្ភខ្លាំងមែនទែននោះ គឺវីតាមីនB9 ឬអាស៊ីតហ្វូលីក (ឈ្មោះបច្ចេកទេស) នៃស្រូវដាំក្នុងស្រែពិសោធន៍ ជាមួយការធ្លាក់ចុះខ្លាំងគួរឱ្យភ្ញាក់ផ្អើលបំផុត។ គ្រាប់ស្រូវអង្ករ ដាំដុះក្នុងបរិស្ថានពុល (ឆ្នាំ២០៥០) មានវីតាមីនB៩ តិចជាងអង្ករដាំក្នុងបរិយាកាសស្អាត ដល់ទៅ៣០%។ វីតាមីនបេ៩ ជាសារធាតុដ៏សំខាន់និងចាំបាច់បំផុតសម្រាប់ដំណើរការពរពោះ ព្រោះបើស្ត្រីមានផ្ទៃពោះទទួលទានសារជាតិបេ៩ មិនគ្រប់គ្រាន់ នោះទារកក្នុងផ្ទៃអាចនឹងមានគ្រោះជួបភាពមិនប្រក្រតីពីកំណើត បំពង់សរសៃប្រសាទបិទមិនជិត ដែលអាចធ្វើឱ្យខួរឆ្អឹង និងឆ្អឹងខ្នងលូតលាស់មិនបានពេញលេញ និងដែលអាចធ្វើឱ្យមានភាពពិការ អវៈយវៈក្រោម សរីរាង្គផ្លោកនោម ពោះវៀន ឬបញ្ហាប្រព័ន្ធប្រសាទក្នុងករណីធ្ងន់ធ្ងរ។
តើអ្នកស្រាវជ្រាវពន្យល់បាតុភូតនេះយ៉ាងដូចម្តេច ?! គ្រប់គ្នាយល់និងដឹងថារុក្ខជាតិលូតលាស់ល្អដោយសារឧស្ម័នកាបូនិក ! នេះជាការពិតនៃដំណើរធម្មជាតិ ! ហេតុដូច្នេះបានជា ក្រោមឧស្ម័នផ្ទះកញ្ចក់ ស្រូវក្នុងស្រែពិសោធន៍លអាចលូតលាស់បានល្អ និងផ្តល់ផលច្រើន។ ប៉ុន្តែទន្ទឹមនឹងការលូតលាស់ល្អពេក គុណភាពផ្នែកអាហារូបត្ថម្ភរបស់គ្រាប់ស្រូវ ត្រូវថយចុះ។ មូលហេតុមកពី កំរិតឧស្ម័នកាបូនិកកើនឡើងខ្ពស់ នឹងបង្កើនកំរិតជាតិក្លុយស៊ីត របស់រុក្ខជាតិ នៅពេលធ្វើសំយោគ ហ្វូតូសាំងតែហ្ស ដែលទៅកាត់បន្ថយជាតិប្រូតេអ៊ីន និងរ៉ែ។
សមាសធាតុចិញ្ចឹមដើមស្រូវលែងមានលំនឹង ការលូតលាស់របស់រុក្ខជាតិ ត្រូវរំខាន នោះដោយមិនរាប់អំពីផលវិបាកបង្កឡើងដោយការប្រើប្រាស់ជីរគីមីប្រភេទពួកអាហ្សូតផង។ ការលូតលាស់ដោយប្រឹងប្រឈមនឹងកំណើនយ៉ាងខ្លាំងនៃឧស្ម័នផ្ទះកញ្ចក់បែបនេះ អាចបង្កហានិភ័យប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងខ្លាំង មិនមែនត្រឹមតែកង្វះជីវជាតិទេ តែថែមទាំងអាចធ្វើឱ្យមានអាល់ឡែហ្ស៊ីទៀត។ នេះបើតាមការគូសបញ្ជាក់របស់អ្នកស្រាវជ្រាវដដែល។
មានន័យថា ក្នុងជីវិតរស់នៅជាក់ស្តែង ពិភពលោកនៅឆ្នាំ២០៥០ នឹងអាចរងគ្រោះជួបជំងឺឆ្លង ដូចយ៉ាងជំងឺរាគរូស បង្កឡើងដោយវីរ៉ុស ឬជំងឺគ្រុនចាញ់ ព្រមទាំងរោគសញ្ញានៃជំងឺខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរជាច្រើនផ្សេងទៀត។ គុណភាពអង្ករធ្លាក់ចុះ ប៉ះពាល់ខ្លាំងណាស់ដល់សុខភាពស្ត្រីជាម្តាយនិងកុមាររាប់លាននាក់។ ហើយប្រជាជនដែលរងគ្រោះ អាចមានគ្រប់ទិសទី លើភពផែនដី។ បើតាមការសិក្សាមួយផ្សេងទៀត ចេញផ្សាយកាលពីឆ្នាំទៅ ដោយអ្នកស្រាវជ្រាវអាមេរិកចេញពីសាកលវិទ្យាល័យដ៏ល្បីល្បាញ Harvard បានសន្និដ្ឋានថា ការឡើងកម្តៅអាកាសធាតុអាចនឹងកាត់បន្ថយបរិមាណប្រូតេអ៊ីននៅក្នុងរុក្ខជាតិចំណីអាហារជាច្រើន មានជាអាទិ៍ស្រូវអង្ករ ស្រូវសាលី ស្រូវអ័រ្ស និងដំឡូងបារាំង។ ដោយហេតុផលនេះ នៅឆ្នាំ២០៥០ គេអាចនឹងអាចរាប់ឃើញមានមនុស្សចំនួន១៥០លាននាក់បន្ថែមទៀត ជួបគ្រោះខ្វះប្រូតេអ៊ីន៕
ប្រភព៖ km.rfi.fr