គុណប្រយោជន៍ និងគ្រោះថ្នាក់នៃប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ ឬហៅតាមភាសាបច្ចេកទេស អាឡូវេរ៉ា (Aloe Vera) គឺជារុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍ល្បីល្បាញ និងពេញនិយមខ្លាំងណាស់។ អំណាចដ៏ខ្លាំងក្លារបស់ប្រទាលកន្ទុយក្រពើគឺសម្រួលការឈឺចាប់ កន្ទួល ពង ជួយស្បែកនិងសីររាង្គមិនឱ្យស្ងួត បំបាត់ការឡើងខ្លាញ់នៅសក់ ...។ ប៉ុន្តែសូមប្រយ័ត្នប្រទាលកន្ទុយក្រពើអាចជាភ្នាក់ងារបង្កជំងឺមហារីក។ ស្ថាប័នសុខាភិបាលបារាំងទើបបានទាញសញ្ញាអាសន្ន និងបានស្នើឱ្យអ្នកស្រាវជ្រាវវាយតម្លៃហានិភ័យបង្កឡើងប្រទាលកន្ទុយក្រពើជាថ្មីឡើងវិញ។

ពិភពលោកបានស្គាល់ និងប្រើប្រទាលកន្ទុយក្រពើតាំងពី ៦០០០ឆ្នាំមុន។ ពីមុនគេគិតថារុក្ខជាតិនេះមានដើមកំណើតនៅប្រទេសអេហ្ស៊ីប ឬតំបន់មជ្ឍឹមបូព៌ា ប៉ុន្តែប្រទាលកន្ទុយក្រពើមានដាំដុះនៅស្ទើរគ្រប់ទិសទីទាំងអស់នៅតំបន់ត្រូពិក តំបន់មានអាកាសធាតុក្តៅដូចយ៉ាងអាហ្វ្រិក ឥណ្ឌា អាស៊ី ការ៉ាអ៊ីប អាមេរិកខាងត្បូង និងសហរដ្ឋអាមេរិកប៉ែកខាងក្រោមព្រមទាំងក្នុងតំបន់ផ្សេងៗលើពិភពលោកក្នុងនាមជារុក្ខជាតិលម្អក្នុងផ្ទះ។
 
អាឡូវេរ៉ា ឬប្រទាលកន្ទុយក្រពើជារុក្ខជាតិដែលដុះមានបន្សំជាតិទឹកដល់ទៅ៩៩% ព្រមទាំងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។ សាច់សៗក្នុងធាងរបស់ប្រទាលជាបន្តុំនៃសារធាតុ វីតាមីន រ៉ែ និងអាស៊ីតអាមីណេដ៏ចាំបាច់របស់ជីវិត។ ដោយសារតែបន្សំធម្មជាតិដ៏សម្បូរបែបនេះហើយទើបប្រទាលកន្ទុយក្រពើត្រូវបានគេចាត់ទុកជារុក្ខជាតិ ដ៏គួរឱ្យចាប់អារម្មណ៍ ខាងផ្នែកវេជ្ជសាស្ត្រ។

ប្រទាលកន្ទុយក្រពើមាននាមជារុក្ខជាតិឱសថដូចពាក្យខ្មែរហៅថាប្រទាល។ ជាច្រើនឆ្នាំកន្លងមកនេះ ប្រទាលកន្ទុយក្រពើបានក្លាយជាផលិតផលឆ្នើមក្នុងពិភពឧស្សាហកម្មចំណីអាហារ និងកែសម្ផស្ស។ ប្រទាលកន្ទុយក្រពើ មានឈ្មោះបោះសំឡេងខ្លាំងចំពោះសមត្ថភាពខ្ពស់ខាងថែរក្សាស្បែកដោយជួយកាត់បន្ថយអាការៈកន្ទួលរមាស់ ពង រលាក ... និងគុណប្រយោជន៍ ជាច្រើនផ្សេងទៀតដែលគេមិនសូវលើកមកបរិយាយ។

ប្រទាលមិត្តរបស់ស្បែក បំបាត់ ពងកន្ទួល មុន
ប្រទាលកន្ទុយក្រពើជាមិត្តរបស់ស្បែក ! រលាក កកិត  រោលនឹងកំដៅថ្ងៃ ឬភ្លើង ឡើងពង ឡើងកន្ទួល រមាស់ ប្រទាលកន្ទុយក្រពើអាចជួយបន្ធូរបន្ថយ និងបំបាត់អាការៈសញ្ញាទាំងអស់នោះបានដោយគ្រាន់តែយកជែល ឬសាច់សទន់ៗរបស់ក្នុងធាងប្រទាលកន្ទុយក្រពើមកបិទពីលើ។ បើតាមការពន្យល់របស់លោកស្រីឱសថការី Valentine Cabanel​ ឱសថបណ្ឌិតឯកទេសរុក្ខជាតិ ប្រទាលកន្ទុយក្រពើ មានសមត្ថភាពផ្តល់ភាពត្រជាក់ ផ្តល់សំណើមជាតិទឹក ឱ្យស្បែក និងជួសជុលអេពីដែម ឱ្យវិលមករកភាពធម្មតាឡើងវិញ។ សារធាតុសកម្មធម្មជាតិរបស់ប្រទាលកន្ទុយក្រពើ មានកំហាប់ខ្ពស់ខ្លាំងរហូតអាចមានសមត្ថភាពជួយស្បែកដំបៅ និងមានការបង្ករោគ ឱ្យឆាប់បានជាសះស្បើយបាន។
 
បើតាមប្រសាសន៍របស់លោកស្រីឱសថការី អាស៊ីតសាលីស៊ីលិកដែលមានបង្កប់នៅក្នុងប្រទាលអាចជ្រាបចូលទៅក្នុងស្រទាប់ស្បែកតាមរន្ធញើសទៅលាងសម្អាតក្រពេញសេបាសេ(ក្រពេញនៅចន្លោះស្រទាប់ស្បែកលើនិងស្បែកក្នុង) ដែលមានខ្លាញ់ច្រើនជ្រុល និងដែលជាដើមហេតុបង្កឱ្យមានការកើតមុន។ ដូច្នេះដើម្បីព្យាបាលមុខកុំឱ្យចេញមុន សូមយកសាច់អាឡូវេរ៉ាទៅបិទពីលើស្បែកពកៗរកកើតមុន នៅរាល់ល្ងាច ឬពេញមួយយប់ក៏បាន។ ក៏ប៉ុន្តែត្រូវប្រយ័ត្ន ! កុំភ្លេចលាងសម្អាតនិងផ្អើមស្បែកមុខនៅពេលព្រឹកឡើង។ បើអ្នកមានស្បែកស្ងួត ឬស្ងួតខ្លាំង និងងាយមានប្រតិកម្ម គួរប្រយ័ត្ននឹងការប្រើអាស៊ីតសាលីស៊ីលីក ឬប្រទាលនេះព្រោះវាអាចនឹងធ្វើឱ្យស្បែករលាក និងអាឡែកហ្ស៊ីបាន។ ក្នុងករណីនេះ សូមប្រើប្រទាលកន្ទុយក្រពើតែម្តងឬពីរបានហើយក្នុងមួយសប្តាហ៍។
 
ឧស្សាហកម្មសម្ផស្ស ត្រូវការប្រទាលកន្ទុយក្រពើណាស់ព្រោះប្រទាលនេះមានផ្ទុកសារធាតុ polysaccharides (ជាតិស្ករ) ក្នុងបរិមាណដ៏លើសលុប។ សារធាតុ polysaccharides មាននាទីទៅផ្សើម និងចិញ្ចឹមព្រមទាំងផ្តល់អុកស៊ីសែន ឱ្យកោសិកាស្បែកឱ្យចាត់ចែងបញ្ចេញជាតិកូឡាជែន មានន័យថាជាតិស្កររបស់ប្រទាលកន្ទុយក្រពើនេះ នឹងជួយឱ្យស្បែកមានកំរិតជាតិទឹកខ្ពស់ ធ្វើឱ្យរលោង យឺតល្អ និងកាត់បន្ថយភ្លឺផ្នត់ជ្រីវជ្រួញ។ សមត្ថភាពជួយស្បែកមិនឱ្យឆាប់ចាស់ បានរឹតតែធ្វើឱ្យប្រទាលកន្ទុកក្រពើកាន់តែល្បីល្បាញនិងពេញនិយម។

ប្រឆាំងនឹងសក់ឡើងខ្លាញ់
ជាងនេះទៅទៀត ប្រទាលកន្ទុយក្រពើជារុក្ខជាតិមានផ្ទុកសារធាតុស័ង្កសីច្រើនដែលអាចជួយសម្រួលការផលិតជាតិខ្លាញ់សេប៊ុម ពោលគឺអាចប្រយុទ្ធប្រឆាំងនឹងការឡើងជាតិខ្លាញ់នៅសក់។  ដូច្នេះបើសក់អ្នកឆាប់ឡើងខ្លាញ់ សូមកុំលាក់បាំងវាដោយការចងញ៉ុក ! សូមសាកល្បងប្រើប្រទាលកន្ទុយក្រពើចុះ។ បន្ថែមពីលើនេះទៀត  អាឡូវេរ៉ាមានផ្ទុកវីតាមីន អា និងបេ ព្រមទាំងអាស៊ីតអាមីណេ ដែលសុទ្ធសឹង ជាសារធាតុមានតួនាទីចិញ្ចឹមសក់ ថែទាំសក់ដល់ឬសគល់។ ហេតុដូច្នេះហើយបានជានៅក្នុងសាប៊ូកក់សក់ជាច្រើនគេតែងបញ្ជាក់បន្ថែមថាមានជាតិអាឡូវេរ៉ា ដើម្បីអួតអាងអំពីគុណភាពល្អរបស់សាប៊ូ។ ប៉ុន្តែដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព អ្នកត្រូវទទួលប្រទាលកន្ទុយក្រពើតែម្តង មិនមែនត្រឹមតែលាបលន បិទខាងក្រៅឡើយ។

កាត់បន្ថយអាការៈរលាកក្រពះ
ការទទួលទានប្រទាលកន្ទុយក្រពើ អាចជួយស្បែក ជួយសក់ឱ្យនៅភ្លឺរលោងទន់ល្អ និងជួយសរីរាង្គផ្នែកខាងក្នុងទៀត។ ដោយសារភាពសម្បូរបែបផ្នែកសារជាតិ polysaccharides ប្រទាលកន្ទុយក្រពើ អាចជួយការពារស្រទាប់ភ្នាសក្រពះ មិនឱ្យឈឺ និងមិនឱ្យមានច្រាលឡើងមកលើ ព្រមទាំងអាចជួយព្យាបាលដំបៅក្រពះបានទៀត។ ព្រោះប៉ូលីស្ហារីត ជាស្ករធម្មជាតិមានសមត្ថភាពផ្តល់សំណើម និងជួយចាត់ចែងឱ្យភ្នាសមានសភាពសើមជានិច្ចដែលការនេះអាចធ្វើឱ្យអត្រាជាតិស្ករ និងខ្លាញ់ក្នុងឈាមចុះថយបាន។ ជាតិស្ករធម្មជាតិរបស់ប្រទាលអាចជាមិត្តល្អរបស់អ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺខ្លាញ់ក្នុងឈាម។ នេះបើតាមការពន្យល់របស់លោកស្រីឱសថការីដដែល។ ដើម្បីការពារស្រទាប់ស្បែកស្តើងៗឱ្យនៅសើមបានយូរ អ្នកអាចទទួលទានទឹកប្រទាលកន្ទុយក្រពើគាបស្រស់ៗ ជាកិច្ចព្យាបាលជំងឺរយៈពេល២១ទៅ២៥ថ្ងៃ ក្នុងបរិមាណ ២៥មីល្លីលីត្រ ព្រឹកម្តងល្ងាចម្តង នៅអាទិត្យដំបូង និងបន្ទាប់មកពិសារតែម្តង នៅពេលព្រឹកមុនទទួលទានអាហារ។ ចំពោះភ្នែក សរីរាង្គដែលងាយនឹងរកការវាយប្រហារពីសំណាក់មីក្រុប និងបាក់តេរីផ្សេងៗ ឆាប់មានអាការៈរលាក ឡើងក្រហមវិញ ប្រទាលកន្ទុយក្រពើអាចជួយសម្រួលនិងកាត់បន្ថយភាពរកាំបានខ្លះ។

ជ័ររបស់ប្រទាលកន្ទុយក្រពើ អាចបង្កជំងឺមហារីក
ប៉ុន្តែសូមចងចាំថា ថ្វីបើប្រទាលកន្ទុយក្រពើមានគុណប្រយោជន៍ច្រើនយ៉ាងមែន តែប្រទាលកន្ទុយក្រពើមិនមែនជាឱសថទិព្វទេ ! សូមទទួលទាន និងប្រើប្រាស់វាដោយប្រុងប្រយ័ត្ន និងឆ្លងកាត់ការពិគ្រោះយោបល់ជាមួយនឹងគ្រោះពេទ្យជានិច្ច។ ប្រទាលកន្ទុយក្រពើក៏អាចបង្កផលវិបាកច្រើនយ៉ាងប៉ះពាល់ដល់សុខភាពដែរ។

បើតាមភ្នាក់ងារបារាំង ប្រទាលកន្ទុយក្រពើដែលមានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវេជ្ជសាស្ត្រ ក្នុងផលិតផលសំអាងកែសម្ផស្ស ជាគ្រឿងផ្សំធ្វើម្ហូប មិនអាចយកប្រើប្រាស់តាមតែចិត្តនឹកឃើញឡើយជាពិសេសចំពោះប្រទាលកន្ទុយក្រពើស្រស់ៗដែលមានជាប់ជ័រ។ ហើយគឺជ័រលឿងៗដែលមានជាប់នឹងសំបកប្រទាលនេះឯងដែលជាប្រភពផ្តល់គុណវិបត្តិ និងផលរំខានជាច្រើនដែលមានបញ្ជាក់បង្ហាញក្នុងឯកសារជាច្រើន តែគ្មាននរណាបានរំលឹកអំពីគ្រោះថ្នាក់របស់វានៅពេលលក់។

ជ័រលឿងៗរបស់ប្រទាលស្អិតខ្លាំងណាស់ ដូច្នេះប្រសិនបើយើងទទួលទានប្រទាលកន្ទុយក្រពើមានជាប់ជ័រនេះច្រើន និងញយៗដងនោះគេនឹងអាចមានគ្រោះជួបជំងឺមហារីកពោះវៀនបញ្ហាតម្រងនោមធ្ងន់ធ្ងរ។ ថ្វីបើអាឡូវេរ៉ា ត្រូវបានគេប្រើប្រាស់សម្រាប់សម្រួលការទល់លាមកម្តងម្កាល ការទទួលទទួលប្រទាលនេះច្រើនអាចនឹងធ្វើឱ្យមានបញ្ហាចុកពោះ និងរាករូសទៅវិញ។

ភ្នាក់ងារគ្រប់គ្រងសុវត្ថិភាពចំណីអាហារបារាំងបានចេញបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចាប់ផ្តើមធ្វើការសិក្សានិងវាយតម្លៃហានិភ័យបង្កឡើងដោយប្រទាលកន្ទុយក្រពើឡើងវិញ។​ ភ្នាក់ងារសុវត្ថិភាពចំណីអាហារបារាំង ផ្តល់អនុសាសន៍ឱ្យលោកអ្នកបង្កើនការប្រុងប្រយ័ត្ននៅពេលប្រើប្រទាលកន្ទុយក្រពើស្រស់ដោយត្រូវចិតសំបកចេញឱ្យអស់ លាងជ័រពណ៌លឿងៗចេញឱ្យស្អាត និងទទួលទានតែសាច់ទន់ថ្លាៗរបស់ប្រទាលតែប៉ុណ្ណោះ។ ហាមស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូនក្មេងព្រមទាំងមនុស្សពេញវ័យ មានសុខភាពមិនរឹងមាំ សូមកុំទទួលទានប្រទាលកន្ទុយក្រពើ ជាអាហារស្រស់ឱ្យសោះ៕

ប្រភព៖ km.rfi.fr