៩ អត្ថប្រយោជន៍សុខភាពរបស់ផ្លែសារី

ផ្លែសារី គឺជាផ្លែឈើដែលមានរាងដូចកណ្ដឹង ដែលត្រូវបានបរិភោគតាំងពីសម័យបុរាណ។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនដែលគាំទ្រដោយវិទ្យាសាស្ត្រ។ នេះគឺជាអត្ថប្រយោជន៍សុខភាពគួរឱ្យចាប់អារម្មណ៍ចំនួន ៩ របស់ផ្លែសារី។

១) មានសារធាតុចិញ្ចឹមខ្ពស់៖ ផ្លែសារី មានពូជផ្សេងៗគ្នាជាច្រើនដូចជា ផ្លែសារី Bartlett, Bosc និង D’Anjouជាដើមដែលស្ថិតក្នុងចំណោមពូជដែលពេញនិយមបំផុត ប៉ុន្តែសព្វថ្ងៃមានសារីប្រហែល ១០០ ដែលកំពុងដាំដុះនៅទូទាំងពិភពលោក។ ផ្លែសារីមានទំហំមធ្យម ១៧៨ ក្រាម ផ្តល់នូវសារធាតុចិញ្ចឹមដូចជា កាឡូរី ១០១ ប្រូតេអ៊ីន ១ ក្រាម កាបូអ៊ីដ្រាត ២៧ ក្រាម ជាតិសរសៃ ៦ ក្រាម វីតាមីនសេ វីតាមីនK ប៉ូតាស្យូម និងទង់ដែង។ ការទទួលទានផ្លែសារីនៅបរិមាណនេះ ក៏ផ្តល់នូវបរិមាណតិចតួចនូវអាស៊ីត Folate, Provitamin A និង Niacin Folate និង Niacin មានសារៈសំខាន់សម្រាប់មុខងារកោសិកា និងផលិតកម្មថាមពលខណៈពេលដែល Provitamin A ជួយដល់សុខភាពស្បែក និងព្យាបាលមុខរបួស។ សារី ក៏ជាប្រភពដ៏សម្បូរបែបនៃសារធាតុរ៉ែសំខាន់ៗដូចជាទង់ដែង និងប៉ូតាស្យូម។ ទង់ដែងដើរតួក្នុងភាពស៊ាំ ការរំលាយអាហារ កូលេស្តេរ៉ុល និងមុខងារសរសៃប្រសាទ ចំណែកឯប៉ូតាស្យូមជួយសាច់ដុំកន្ត្រាក់ និងមុខងារបេះដូង។ លើសពីនេះទៅទៀតផ្លែឈើនេះ គឺជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម Polyphenol ដែលការពារប្រឆាំងនឹងការបំផ្លាញអុកស៊ីតកម្ម។ ត្រូវប្រាកដថាញ៉ាំផ្លែសារីទាំងមូលព្រោះសំបកមាន Polyphenol ច្រើនជាងសាច់ ៦ ដង។

. អាចលើកកម្ពស់សុខភាពពោះវៀន៖ ផ្លែសារី គឺជាប្រភពដ៏ប្រសើរបំផុតនៃជាតិសរសៃរលាយ និងមិនរលាយដែលចាំបាច់សម្រាប់សុខភាពរំលាយអាហារ។ ជាតិសរសៃទាំងនេះជួយរក្សាភាពទៀងទាត់នៃពោះវៀនដោយបន្ទន់លាមក។ ផ្លែសារី មានទំហំមធ្យមមួយ ១៧៨ក្រាម ផ្ទុកនូវជាតិសរសៃ ៦ ក្រាម ដែលស្មើនឹង ២២% នៃតម្រូវការជាតិសរសៃប្រចាំថ្ងៃរបស់អ្នក។ លើសពីនេះទៀតសរសៃរលាយចិញ្ចឹមបាក់តេរីដែលមានសុខភាពល្អនៅក្នុងពោះវៀនរបស់អ្នក។ ដូច្នេះពួកគេត្រូវបានគេចាត់ទុកថា Prebiotics ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពចាស់ដែលមានសុខភាពល្អ និងបង្កើនភាពស៊ាំ។ គួរកត់សម្គាល់ថាជាតិសរសៃអាចជួយបំបាត់ការទល់លាមក។ នៅក្នុងការសិក្សារយៈពេល ៤ សប្តាហ៍ មនុស្សពេញវ័យ ៨០ នាក់ដែលមានបញ្ហានេះបានទទួលសារជាតិ Pectin ២៤ ក្រាមក្នុងមួយថ្ងៃ ដែលជាប្រភេទជាតិសរសៃដែលមាននៅក្នុងផ្លែឈើ។ ពួកគេបានទទួលការធូរស្បើយពីការទល់លាមក និងបង្កើនកម្រិតបាក់តេរីល្អពោះវៀន។ ដោយសារតែសម្បករបស់ផ្លែសារី មានផ្ទុកនូវជាតិសរសៃច្រើនគួរបរិភោគផ្លែឈើនេះដោយមិនចិតសម្បកចេញ។

. ផ្ទុកសមាសធាតុរុក្ខជាតិមានប្រយោជន៍៖ ផ្លែសារីផ្តល់ជូននូវសមាសធាតុរុក្ខជាតិមានប្រយោជន៍ជាច្រើនដែលផ្តល់ឱ្យផ្លែឈើទាំងនេះនូវពណ៌ផ្សេងៗគ្នា។ ឧទាហរណ៍ Anthocyanins ធ្វើឱ្យមានពណ៌ក្រហមទៅលើផ្លែសារីមួយចំនួន។ សមាសធាតុទាំងនេះអាចជួយពង្រឹងសុខភាពបេះដូង និងពង្រឹងសរសៃឈាម។ ទោះបីជាការស្រាវជ្រាវជាក់លាក់លើពពួក Anthocyanins គឺត្រូវការជាចាំបាច់ក៏ដោយក៏ការសិក្សាពីប្រជាជនជាច្រើនបានបង្ហាញថាការទទួលទានអាហារដែលមានជាតិ Anthocyanin ច្រើនដូចជាផ្លែប៊ឺរីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺបេះដូង។ ផ្លែសារីដែលមានសម្បកពណ៌បៃតងមានសារជាតិ Lutein និង Zeaxanthin ដែលជាសមាសធាតុពីរយ៉ាងដែលចាំបាច់ដើម្បីរក្សាចក្ខុវិស័យរបស់អ្នកឱ្យកាន់តែច្បាស់ជាពិសេសនៅពេលអ្នកមានអាយុច្រើន។ ជាថ្មីម្តងទៀតសមាសធាតុរុក្ខជាតិមានប្រយោជន៍ជាច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងសម្បករបស់ផ្លែសារី។

. មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក៖ ទោះបីជាការរលាក គឺជាការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំធម្មតាក៏ដោយ ការរលាករ៉ាំរ៉ៃ ឬយូរអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នក។ វាត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមួយចំនួនរួមទាំងជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។ ផ្លែសារី គឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម Flavonoid ដែលជួយប្រឆាំងនឹងការរលាក និងអាចបន្ថយហានិភ័យនៃជំងឺរបស់អ្នក។ ការសិក្សាធំៗជាច្រើនផ្សារភ្ជាប់ការទទួលទាន Flavonoid ខ្ពស់ទៅនឹងការថយចុះហានិភ័យនៃជំងឺបេះដូង និងទឹកនោមផ្អែម។ ឥទ្ធិពលនេះអាចបណ្តាលមកពីសមាសធាតុប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ។ លើសពីនេះទៅទៀត ផ្លែសារីផ្ទុកទៅដោយ វីតាមីន និងសារធាតុរ៉ែជាច្រើនដូចជាទង់ដែង និងវីតាមីន C និង K ដែលជួយប្រឆាំងនឹងការរលាកផងដែរ។

. អាចផ្តល់នូវឥទ្ធិពលប្រឆាំងមហារីក៖​ ផ្លែសារីមានផ្ទុកនូវសមាសធាតុផ្សំផ្សេងៗគ្នាដែលអាចបង្ហាញពីលក្ខណៈសម្បត្តិរបស់ថ្នាំប្រឆាំងនឹងមហារីក។ ការផ្ទុកនូវ Anthocyanin និងអាស៊ីត Cinnamic របស់វាត្រូវបានបង្ហាញថាអាចប្រឆាំងនឹងជំងឺមហារីក។ ការសិក្សាមួយចំនួនបានបង្ហាញថារបបអាហារដែលសំបូរទៅដោយផ្លែឈើ រួមមានផ្លែសារីអាចការពារប្រឆាំងនឹងជំងឺមហារីកមួយចំនួនរួមមានមហារីកសួត ក្រពះ និងប្លោកនោម។ ការសិក្សារបស់ប្រជាជនបានបង្ហាញថាផ្លែឈើដែលមានជាតិ Flavonoid ដូចជាផ្លែសារីក៏អាចការពារប្រឆាំងនឹងជំងឺមហារីកសុដន់ និងអូវែផងដែរ។

. ផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែម៖ ផ្លែសារីពូជក្រហម អាចជួយជាពិសេសក្នុងបន្ថយហានិភ័យជំងឺទឹកនោមផ្អែម។ ការសិក្សាដ៏ធំមួយលើមនុស្សជាង ២០០០០០ នាក់បានរកឃើញថាការបរិភោគផ្លែឈើដែលមានផ្ទុកជាតិ Anthocyanin ចំនួន ៥ ដងក្នុងមួយសប្តាហ៍ដូចជាផ្លែសារីពណ៌ក្រហមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ចំនួន ២៣% ។ លើសពីនេះទៀតការសិក្សាលើកណ្តុរបានកត់សម្គាល់ថាសមាសធាតុរុក្ខជាតិរួមមាន Anthocyanins នៅក្នុងសំបកផ្លែសារី បានបង្ហាញទាំងឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងប្រឆាំងនឹងការរលាក។ លើសពីនេះទៅទៀតជាតិសរសៃដែលមាននៅក្នុងផ្លែសារីធ្វើឱ្យការរំលាយអាហារយឺត ធ្វើឱ្យរាងកាយរបស់អ្នកមានពេលវេលាច្រើនក្នុងការបំបែក និងស្រូបយកជាតិស្ករ។ នេះក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមដែលអាចជួយការពារ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។

. អាចជម្រុញដល់សុខភាពបេះដូង៖ ផ្លែសារីអាចបន្ថយហានិភ័យនៃជំងឺបេះដូង។ សារធាតុប្រឆាំងអុកស៊ីតកម្ម Procyanidin របស់ពួកគេអាចបន្ថយភាពរឹងនៃជាលិការបេះដូងនិងកូលេស្តេរ៉ុលអាក្រក់ ហើយបង្កើនកូលេស្តេរ៉ុលល្អ។ សំបកផ្លែសារីនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់មួយដែលមានឈ្មោះថា Quercetin ដែលត្រូវបានគេគិតថាផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូងតាមរយៈការបន្ថយការរលាក និងកាត់បន្ថយកត្តាហានិភ័យនៃជំងឺបេះដូងដូចជាសម្ពាធឈាមខ្ពស់ និងកម្រិតកូលេស្តេរ៉ុល។

៨. អាចជួយឱ្យអ្នកស្រកទម្ងន់៖ ផ្លែសារី គឺមានកាឡូរីទាប មានជាតិទឹកខ្ពស់ និងសំបូរទៅដោយជាតិសរសៃ។ ការរួមផ្សំគ្នានេះធ្វើឱ្យពួកគេក្លាយជាអាហារសម្រកទម្ងន់ព្រោះថាជាតិសរសៃ និងទឹកអាចជួយឱ្យអ្នកឆ្អែតបាន។ ពេលឆ្អែតអ្នកមិនងាយនឹងញ៉ាំទេ។ នៅក្នុងការសិក្សាមួយក្នុងរយៈពេល ១២ សប្តាហ៍មនុស្សពេញវ័យ ៤០ នាក់ដែលបរិភោគផ្លែសារី ២ ផ្លែជារៀងរាល់ថ្ងៃបានបាត់បង់ដល់ ២,៧ ស.ម នៃទំហំចង្កេះរបស់ពួកគេ។ លើសពីនេះទៀតការសិក្សារយៈពេល ១០ សប្តាហ៍បានរកឃើញថាស្ត្រីដែលបានបន្ថែមផ្លែសារី ៣ ផ្លែក្នុងមួយថ្ងៃទៅនឹងរបបអាហារធម្មតារបស់ពួកគេបានបាត់បង់ជាមធ្យម ០,៨៤ គីឡូក្រាម។ ពួកគេក៏បានមើលឃើញពីភាពប្រសើរឡើងនៃទម្រង់ជាតិខ្លាញ់ដែលជាសញ្ញាសំគាល់នៃសុខភាពបេះដូង។

. ងាយស្រួលបន្ថែមក្នុងរបបអាហាររបស់អ្នក៖ ផ្លែសារីអាចរកបានពេញមួយឆ្នាំហើយងាយស្រួលរកនៅតាមហាងលក់ផ្លែឈើភាគច្រើន។ វាក៏ងាយស្រួលផងដែរក្នុងការបន្ថែមវាទៅក្នុងម្ហូបដែលអ្នកចូលចិត្តដូចជា សាឡាត់ និងទឹកក្រឡុក។ ទោះយ៉ាងណាអ្នកជ្រើសរើសញ៉ាំវាសូមចាំត្រូវទទួលទានទាំងសម្បកដើម្បីទទួលបានសារធាតុចិញ្ចឹមច្រើនបំផុត។

ប្រភព៖ HealthLine: Written by 
Lisa Wartenberg, MFA, RD, LD on July 12, 2019